ព័ត៌មានជាតិ
អ្នកដំណើរបរទេស មិនទាន់ចាក់វ៉ាក់សាំងចូលមកកម្ពុជា ត្រូវតម្កល់ប្រាក់២ពាន់ដុល្លារ
ក្រសួងសុខាភិបាល បានតម្រូវឱ្យអ្នកដំណើរជាជនបរទេសមិនទាន់ចាក់វ៉ាក់សាំងចូលមកប្រទេសកម្ពុជា ត្រូវតម្កល់ប្រាក់ចំនួន២ពាន់ដុល្លារ សម្រាប់ចំណាយទៅលើការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនិងការព្យាបាលជំងឺកូវីដ១៩។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៦វិច្ឆិកាថា អ្នកដំណើរដែលមិនបានចាក់វ៉ាក់ ឬមិនទាន់ចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ ហើយធ្វើដំណើរចូលមកកម្ពុជា តម្រូវឱ្យយកសំណាកធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្តនេះ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន បុគ្គលតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីកន្លែងដែលកំណត់ដោយក្រសួងសុខាភិបាល ឬអាជ្ញាធរមានសមត្ថកិច្ច និងធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។

លោករដ្ឋមន្ត្រីបានបន្តថា ប្រសិនបើទទួលបានលទ្ធផលតេស្តកូវីដ-១៩វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាល ឬបញ្ជូនទៅកន្លែងព្យាបាល ដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។ អ្នកដំណើរត្រូវមានឯកសារកក់សណ្ឋាគារសម្រាប់ការធ្វើចត្តាឡីស័ក។ ក្នុងករណីពុំមានការកក់សណ្ឋាគារ ត្រូវត្រៀមសាច់ប្រាក់ចំនួន២,០០០ដុល្លារអាមេរិកសម្រាប់អ្នកដំណើរបរទេស ដើម្បីតម្កល់នៅច្រកចូលកម្ពុជា សម្រាប់ធានាចំណាយទាំងអស់ពាក់ព័ន្ធនឹងការធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនៅពេលមកដល់កម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តទៀតថា សម្រាប់អ្នកដំណើរជាជនបរទេសលើកលែងមន្ត្រីការទូត និងមន្ត្រីអនុវត្តគម្រោងសហប្រតិបត្តិការផ្លូវការ ដែលកាន់ទិដ្ឋាការការទូត (Visa A) និងទិដ្ឋាការផ្លូវការ (Visa B) និងក្រុមគ្រួសារត្រូវទទួលខុសត្រូវខ្លួនឯងក្នុងការព្យាបាល ក្នុងករណីឆ្លងជំងឺកូវីដ-១៩ ឬមានជំងឺផ្សេងទៀត។ លោករដ្ឋមន្ត្រីបានបន្ថែមថា អ្នកដំណើរជាជនបរទេស ត្រូវបានលើកទឹកចិត្តឱ្យទិញប័ណ្ណធានារ៉ាប់រងសុខភាពសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលនៅកម្ពុជាអាចទិញពីការធានារ៉ាប់រងរួមគ្នាតំណាងដោយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ តាមរយៈគេហទំព័រhttps://ww w.for teinsurance.com/covid-19-insurance/4។
លើសពីនេះ លោកបានបន្ថែមថា ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ដូសមូលដ្ឋានបានពេញលេញ ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណ ឬវិញ្ញាបនបត្រចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបញ្ជាក់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ និងវិញ្ញាបនបត្របញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោងមុនពេលមកដល់កម្ពុជា ទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាមី ឬប្រទេសសំណាក់ចុងក្រោយមុនចាកចេញមកកាន់កម្ពុជា។

លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ពេលមកដល់កម្ពុជាអ្នកដំណើរ ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩នៅច្រកចូលប្រទេស ហើយត្រូវរង់ចាំលទ្ធផលតេស្តនេះ។ បន្ទាប់ពីទទួលបានលទ្ធផលតេស្តកូវីដ-១៩អវិជ្ជមាន បុគ្គលមិនតម្រូវឱ្យធ្វើចត្តាឡីស័កឡើយ និងអាចធ្វើដំណើរដោយសេរីទូទាំងប្រទេសកម្ពុជា។ ក្នុងករណីទទួលបានលទ្ធផលតេស្តកូរីដ-១៩វិជ្ជមាន អ្នកជំងឺអាចដាក់ឱ្យព្យាបាល ឬបញ្ចូនទៅកន្លែងព្យាបាលដែលអនុញ្ញាតដោយក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ចំណែកអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ដូសមូលដ្ឋានបានពេញលេញ ហើយកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ក សណ្ឋាគារ ឬគេហដ្ឋាននៅទូទាំងប្រទេស ត្រូវអនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនបើទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩អវិជ្ជមាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


