Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី បញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួល ដល់បណ្ដាគណបក្សនយោបាយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រប់រាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល ដល់បណ្ដាគណបក្សនយោបាយ ដែលធ្វើសកម្មភាពនៅមូលដ្ឋាន សម្រាប់ត្រៀមការបោះឆ្នោតនាពេលខាងមុខ ដោយសម្ដេចហៅការអំពាវនាវនេះថា ជាបទបញ្ជារបស់នាយករដ្ឋមន្ត្រី។

ការអំពាវនាវ ដែលស្មើនឹងបទបញ្ជាខាងលើនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពាន ៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ នឹងឈានចូលមកដល់។ ដូច្នេះសម្ដេចតេជោ បានអំពាវនាវដល់បណ្ដាអាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវបង្កលក្ខណៈងាយស្រួល ដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងមហាផ្ទៃ ធ្វើសកម្មភាពនយោបាយនៅមូលដ្ឋាន ឲ្យបានល្អ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា​ ការបោះឆ្នោតមិនទាន់មកដល់ក៏ពិតមែន តែបណ្ដាគណបក្សនយោបាយ ត្រូវជួបសំណេះសំណាល ជាមួយសមាជិក-សមាជិការបស់ពួកគេ។

សម្ដេចតេជោ ហ៊ុន សែ បាន​បញ្ជាក់ទៀតថា «យុទ្ធនាការបោះឆ្នោត មិនទាន់មកដល់ទេ ក៏ប៉ុន្តែគេមានឱកាស ជួបជុំសមាជិក-សមាជិការបស់គេ គេមានឱកាសជួបជុំ មិនមែនចាំបាច់ទៅដល់ឃោសនាបោះឆ្នោតទេ គេមានលទ្ធភាព ដើម្បីសុំការអនុញ្ញាត ដើម្បីនឹងលើកផ្លាក មូលដ្ឋានក៏ត្រូវបង្កលក្ខណៈសម្បត្តិ មិនមែនមានតែបក្សកាន់អំណាចមួយ ដែលមានសិទ្ធិលើកផ្លាកនោះ បក្សដទៃទៀត ក៏សិទ្ធិលើកផ្លាកដូចយើង»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម