ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមពិធីបុណ្យសពថ្នាក់ជាតិ និងគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ិនហ្សូ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ និងគោរពវិញ្ញាណក្ខន្ធសពលោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន ខណៈពិធីបុណ្យសពត្រូវបានរៀបចំឡើងនៅសាល Nippon Budokan តាមបែបបទប្រពៃណី និងសាសនាជប៉ុន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនគ្រាន់តែជាការបាត់បង់នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែលបានដឹកនាំឲ្យមានការរីកចម្រើន និងលើកកម្ពស់តួនាទីរបស់ជប៉ុននៅលើឆាកអន្តរជាតិ និងតំបន់ប៉ុណ្ណោះទេ។ តែជាការបាត់បង់នូវមិត្តភក្តិដ៏ល្អពិតប្រាកដមួយរូបរបស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែលបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាលពីឆ្នាំ២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។

កាយវិការដ៏សប្បុរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់លោក អាបេ ស៊ិនហ្សូ នឹងត្រូវបានចងចាំដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត។ ក្នុងកាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចតេជោ បានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់លោក អាបេ ស៊ិនហ្សូ បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

នៅក្នុងពិធីលាគ្នាជាលើកចុងក្រោយនោះ នៅចំពោះមុខលោកនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកស្រី អាបេ ស៊ិនហ្សូ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសម្ដែងនូវការចូលរួមរំលែកទុក្ខ និងការគោរពស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប លោក អាបេ ស៊ិនហ្សូ ដែលជារដ្ឋបុរសដ៏ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្ដិជាទីគោរពស្រឡាញ់របស់ប្រទេស និងប្រជាជនកម្ពុជា។

សូមជម្រាបថា លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួលមរណភាព កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង ៤១ឆ្នាំម្នាក់ បានបាញ់ប្រហារមកលើរូបលោក នៅពេលដែលលោកអញ្ជើញថ្លែង ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគខាង លិច ប្រទេសជប៉ុន៕


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ