ព័ត៌មានជាតិ
៧៨ អាហារដ្ឋាន កន្លែងសេវាទេសចរណ៍ ប្រកាសមិនលក់ម្ហូបធ្វើពីសាច់សត្វព្រៃ
រហូតមកដល់ពេលនេះ មានអាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ចំនួន ៧៨ទីតាំងហើយ បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃដើម្បីចូលរួមលុបបំបាត់អន្ទាក់ ទប់ស្កាត់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី យុទ្ធនាការអន្ទាក់សូន្យ ក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ ខែឧសភានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានឱ្យដឹងថា ក្នុងចំណោមអាហារដ្ឋាន និងកន្លែងបម្រើសេវាទេសចរណ៍ ចំនួន ៧៨ទីតាំង ក្នុងនោះនៅខេត្តកំពង់ស្ពឺមានចំនួន ៧ទីតាំង បានប្តេជ្ញាមិនលក់សាច់សត្វព្រៃនៅក្នុងសេវាកម្មម្ហូបអាហាររបស់ខ្លួន។

លោក នេត្រ ភក្ត្រា ធ្លាប់បានលើកឡើងថា ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋាននានានឹងចូលរួម ហើយបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលនិយមហូបសាច់សត្វព្រៃដោយជឿថាជាថ្នាំប៉ូវ ឬអាចព្យាបាលជំងឺបាននោះ នឹងផ្លាស់ប្តូរឥរិយាបថ មិនបន្តបរិភោគសាច់សត្វព្រៃ និងងាកមកចូលរួមការពារ និងអភិរក្សស្រឡាញ់សត្វព្រៃដែលជាសម្បត្តិធម្មជាតិរបស់យើងឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយទៀត។ គ្មានតម្រូវការ គ្មានការផ្គត់ផ្គង់ នោះការដាក់អន្ទាក់ និងការបរបាញ់សត្វព្រៃនឹងថយចុះ។

លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានផ្សេងទៀតក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ចូលរួមបញ្ឈប់ការបរបាញ់ និងការដាក់អន្ទាក់ និងបញ្ឈប់រាល់ការទិញលក់ និងបរិភោគសត្វព្រៃដើម្បីជាប្រយោជន៍ទុកសម្រាប់ទាក់ទាញវិស័យអេកូទេសចរណ៍ និងទុកសម្រាប់មនុស្សជំនាន់ក្រោយៗទៀតបានស្គាល់។

គួរបញ្ជាក់ថា យុទ្ធនាការអន្ទាក់សូន្យនៅដំណាក់កាលទី២នេះ ធ្វើនៅ ៦ខេត្ត ដូចជា ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីលុបបំបាត់អន្ទាក់គ្រប់ប្រភេទក្នុងតំបន់ការពារធម្មជាតិ ផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាពសម្រាប់សត្វព្រៃ និងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់ តាមធម្មជាតិដោយគ្មានការគំរាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ខណៈយុទ្ធនាការអន្ទាក់សូន្យដំណាកកាលទី១ ធ្វើនៅ ៦ខេត្ត រួមមាន ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តកំពង់ធំ៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


