Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពតតម្រូវឲ្យម្ចាស់សំណង់​សាងសង់​លើចំណីព្រែកកំពង់បាយ​ត្រូវរុះរើចេញជាកំហិត

បានផុស

នៅ

រដ្ឋបាលក្រុងកំពត បានចេញលិខិតជូនដំណឹងចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីរបានជម្រាបជូនដំណឹងឱ្យបងប្អូនប្រជាពលរដ្ឋដែលមានធ្វើរបងខ្លះ និងសំណង់ផ្សេងៗនៅលើដីចំណីព្រែកកំពង់បាយនៅត្រើយខាងលិច គឺចាប់ពីស្ពានថ្នល់រថភ្លើងរហូតដល់ស្ពានត្រើយកោះ ដែលស្ថិតនៅក្នុងភូមិទ្វីខាងជើងនិងភូមិទ្វីខាងត្បូង នៅក្នុងសង្កាត់អណ្ដូងខ្មែរ ក្រុងកំពតខេត្តកំពត ត្រូវបានតម្រូវឲ្យរុះរើចេញដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃរួចមក នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងឱ្យឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យ និងបានកំណត់ទីតាំងសម្រាប់ឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សំណង់ត្រូវរុះរើចេញដោយខ្លួនឯងដោយបានគិតចាប់ពីថ្ងៃទី១ ខែសីហា រហូតដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះជាកំហិត។

អាជ្ញាធរក្រុងកំពត ត្រូវបានតម្រូវឱ្យប្រជាពលរដ្ឋដែលបានសាងសង់សំណង់រឹងលើដីចំណីព្រែកកំពង់បាយ ស្ថិតនៅភូមិសាស្ត្រសង្កាត់អណ្តូងខ្មែរ ក្រុងកំពត រុះរើចេញក្នុងរយ:ពេល១៥ថ្ងៃជាកំហិត ដើម្បីរដ្ឋបាលខេត្តកំពត ស្ថាបនាផ្លូវនិងសួន នៅលើទីតាំងដែលតម្រូវឱ្យរុះរើសំណង់ចេញទាំងអស់នោះ។

លោក ង៉ាន់ ថារិទ្ធ អភិបាលរងខេត្តកំពតបានបញ្ជាក់ថា ក្រោយពីបងប្អូនប្រជាពលរដ្ឋជាម្ចាស់សំណង់រុះរើរួចរាល់រដ្ឋបាលខេត្តកំពត នឹងចាប់ផ្តើមអនុវត្តគម្រោងកែលម្អសោភ័ណ្ឌភាពក្រុងកំពតដោយបានស្ថាបនាផ្លូវមួយខ្សែ និងរៀបចំច្រាំងព្រែកចាប់ពីចំណុចស្ពានថ្នល់រថភ្លើង រហូតដល់ស្ពានត្រើយកោះតែម្តង ហើយកន្លែងខ្លះនឹងមានសួនច្បារផងដែរ។

បើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុងបានបញ្ជាក់ឱ្យដឹងថា ក្នុងករណីម្ចាស់សំណង់ណាមិនបានអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងកំពត នឹងអនុវត្តតាមនីតិវិធីច្បាប់ ព្រមទាំងចុះរុះរើដោយមិនទទួលខុសត្រូវលើការ​ខូចខាតទ្រព្យសម្បត្តិណាមួយនោះឡើយ។ ឯការចំណាយផ្សេងៗសម្រាប់សកម្មភាពរុះរើជាបន្ទុករបស់ម្ចាស់សំណង់ដោយខ្លួនឯងផ្ទាល់ផងដែរ៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម