ព័ត៌មានជាតិ
ឧកញ៉ា សុង សារ៉ន បង្ហាញមូលហេតុ ដែលបង្កឱ្យស្រូវហក់ឡើងថ្លៃខ្ពស់ មិនធ្លាប់មាន
នាពេលថ្មីៗនេះ ដោយសារការបម្រែបម្រួលអាកាសធាតុខ្លាំង ធ្វើឱ្យមនុស្សមានការភ័យខ្លាច និងព្រួយបារម្ភពីកង្វះស្រូវអង្ករសម្រាប់ផ្គត់ផ្គង់តម្រូវការ។ ការភ័យខ្លាចនេះ នាំឱ្យមានការទិញស្រូវស្តុកទុក ដោយមិនមានទីផ្សារ ដូច្នេះហើយតម្លៃស្រូវចេះតែឡើងខ្ពស់ ព្រោះស្រូវអាចស្តុកទុកបានយូរ ដើម្បីត្រៀមទប់ទល់នឹងហានិភ័យស្បៀង។ នេះជាការលើកឡើងរបស់លោកឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ឋស្រូវអង្ករ។

ថ្លែងប្រាប់កម្ពុជាថ្មី លោកឧកញ៉ា សុង សារ៉ន លើកឡើងថា ប្រទេសដែលមានប្រជាជនច្រើន ដូចជាប្រទេសឥណ្ឌាជាដើម គឺបានបិទខ្ទប់មិនឱ្យនាំចេញស្រូវអង្ករនោះទេ ក្នុងស្ថានភាពនេះ។ ដោយឡែក ប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី មានដូចជា ហ្វីលីពីន ឥណ្ឌូនេស៊ី ក៏មានការភ័យខ្លាច បានសម្រុកទិញអង្ករស្តុកទុកផងដែរ។ ទន្ទឹមនឹងនេះ ប្រទេសវៀតណាម ក៏មានការព្រួយបារម្ភ បានបញ្ជាទិញស្រូវពីកម្ពុជា ដើម្បីស្តុកទុក ដែលមូលហេតុនេះហើយ នាំឱ្យតម្លៃស្រូវនៅកម្ពុជា ហក់ឡើងខ្ពស់។

បើតាមលោកឧកញ៉ា សុង សារ៉ន ស្រូវអង្ករ គឺជាផលិតផលអាហារចាំបាច់បំផុត សម្រាប់ពលរដ្ឋនៅទូទាំងទ្វីបអាស៊ី ធ្វើជាអាហារប្រចាំថ្ងៃ។ លោកបានពន្យល់ថា នៅពេលដែលស្រូវចុះថោក ធ្វើឱ្យកសិករ ខាតលុយប៉ះពាល់ដល់សេដ្ឋកិច្ច ព្រោះពលរដ្ឋប្រកបរបរក្នុងវិស័យកសិកម្មជាធំ។ ដោយឡែក នៅពេលដែលអង្ករឡើងថ្លៃខ្លាំងពេក ក៏បង្កឱ្យមានផលប៉ះពាល់ផងដែរ។ ដោយសារអង្ករ ត្រូវបានយកមកប្រើប្រាស់ផលិតចំណីអាហារផ្សេងៗ។ នៅពេលអង្ករឡើងថ្លៃខ្លាំង នាំឱ្យកើតមានអតិផរណា ពលរដ្ឋជាអតិថិជនមិនសប្បាយចិត្តនោះទេ។
លោកឧកញ៉ា សង្កត់ធ្ងន់ថា ប្រសិនបើការឡើង ឬចុះថ្លៃ មិនខ្លាំងពេក នោះពុំមានបញ្ហាទេ ពោលគឺរក្សាបានស្ថិរភាពស្បៀង។ ដើម្បីរក្សាបានស្ថិរភាពស្បៀង តម្រូវឱ្យប្រទេសនីមួយៗ ត្រូវមានគោលនយោបាយសន្តិសុខស្បៀងច្បាស់លាស់។
ជាក់ស្តែង ដូចជាក្នុងរយៈពេលថ្មីៗនេះ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ឋស្រូវអង្ករ បានកត់សម្គាល់ឃើញថា ស្រូវបានឡើងថ្លៃពី៣០%ទៅ៤០% ខណៈអង្ករឡើងថ្លៃប្រមាណ ១៥% ដោយសារការសម្រុកទិញស្រូវពីវៀតណាម។ អ្នកជំនាញស្រូវអង្ករ មើលឃើញថា វាជាការចំណេញសម្រាប់កសិករ ក៏ប៉ុន្តែជាផលលំបាកសម្រាប់រោងម៉ាស៊ីនកិនស្រូវមួយចំនួន ដោយសារការបញ្ជាទិញពីទីផ្សារអន្តរជាតិមានការធ្លុះចុះ ដែលបញ្ហានេះខាងសហព័ន្ធកំពុងដាក់ស្នើឱ្យមានការសម្របសម្រួលពីរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្មកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា នៅឆ្នាំ២០២៣ តម្លៃស្រូវនៅទីវាល ជាពិសេសប្រភេទពូជស្រូវប្រាំង IR និង OM មានតម្លៃខ្ពស់មិនធ្លាប់មាន នៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ ប៉ុន្តែតម្លៃស្រូវសែនក្រអូបមិនសូវមានការប្រែប្រួលទេ ក្នុងរយៈ ពេលបីឆ្នាំចុងក្រោយនេះ ដោយជាមធ្យម មានតម្លៃចន្លោះពី ១០០០-១២៦០រៀលក្នុងមួយគីឡូក្រាម៕


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


