ព័ត៌មានជាតិ
អគ្គលេខាធិការ UN អរគុណកម្ពុជាដែលបានបញ្ជូនកម្លាំងរក្សាសន្តិភាពទៅតាមប្រទេសជាច្រើន
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានកោតសរសើរ និងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរួមចំណែកក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅតាមប្រទេសជាច្រើននៅលើពិភពលោក។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី ចំពោះការរួមចំណែកដ៏សំខាន់របស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅទូទាំងពិភពលោក។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងអង្គការសហប្រជាជាតិក្នុងវិស័យជាច្រើនផ្សេងទៀត និងបានកោតសរសើរកម្ពុជាចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចគួរឱ្យកត់សម្គាល់។

ជំនួបកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៩ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា បានជម្រាបលោក António Guterres ថា ថ្វីត្បិតតែកម្ពុជា ជាប្រទេសតូច និងធ្លាប់ឆ្លងកាត់សោកនាដកម្មនៃសង្គ្រាមរាំរ៉ៃជាច្រើនទសវត្សរ៍ក៏ដោយ តែកម្ពុជាបច្ចុប្បន្ននេះ មានមោទនភាពដែលបានចូលរួមបញ្ជូនកងកម្លាំងក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
លោកប្រមុខការទូតកម្ពុជា និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរទៅលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការរួមគ្នានេះឱ្យកាន់តែសកម្មថែមទៀត។

គួរជម្រាបថា ក្នុងរយៈពេល១៨ឆ្នាំមកនេះ តាំងពីឆ្នាំ២០០៦ រហូតមកដល់ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងកម្លាំងសរុបប្រមាណ៩ ៥៧០នាក់ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិចំនួន១២បេសកកម្មនៅតាមបណ្ដាចំនួន១០ប្រទេស រួមមាន ស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ លីបង់ សាយប្រើស ស៊ីរី អាហ្វ្រិកកណ្ដាល ម៉ាលី យ៉េមែន និងកុងហ្គោ។ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាបានធ្វើការងារលើជំនាញបោសសម្អាតមីន វិស្វកម្មសំណង់ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កម្ទេចគ្រាប់មិនទាន់ផ្ទុះ និងសង្កេតការណ៍យោធា។
បច្ចុប្បន្ន កងកម្លាំងរក្សាសន្តិភាពកម្ពុជាចំនួន៦៣៩នាក់ (ស្ត្រី១២៥នាក់) កំពុងបំពេញបេសកកម្មចំនួន៦ នៅ៥ប្រទេសដែលកំពុងជួបវិបត្តិ ដើម្បីរួមគ្នាឱ្យកាន់តែប្រសើរឡើងសម្រាប់អនាគតការអភិវឌ្ឍសេដ្ឋកិច្ច នីតិរដ្ឋ សិទ្ធិស្ត្រី សិទ្ធិមនុស្ស សុខភាព និងការអប់រំ ជាដើម៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ