ព័ត៌មានជាតិ
ឆ្នាំ ២០២៥ GDP ពលរដ្ឋកម្ពុជា រំពឹងនឹងកើនដល់ ២ ៩២៤ ដុល្លារអាម៉េរិក
យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP Per Capita) របស់ពលរដ្ឋកម្ពុជារំពឹងថា នឹងកើនដល់ ២ ៩២៤ ដុល្លារអាម៉េរិកនៅឆ្នាំ ២០២៥។
ជាមួយគ្នានេះ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២៥ ក៏ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលកំណើននេះគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យ ឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្មនឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។

នៅឆ្នាំ ២០២៣ អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាមានត្រឹម ៥% គឺថយចុះជាងឆ្នាំ២០២២ បន្តិច ដោយសារការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេសវិស័យកាត់ដេរ សំណង់ អចលនទ្រព្យ និង ភាពមិនប្រាកដប្រជានៃបរិការណ៍សកលនិងតំបន់។
ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) សម្រាប់មនុស្សម្នាក់ៗ បានកើនឡើងពី ២ ៣៨៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ដល់ប្រមាណ ២ ៥២០ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ខណៈអតិផរណាប្រចាំឆ្នាំស្ថិតក្នុងរង្វង់ ២,១%។
នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីម្សិលមិញនេះ រដ្ឋាភិបាលបានអនុម័តទាំងស្រុងសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ (ច្បាប់ថវិកាជាតិឆ្នាំ ២០២៥) ដែលមាន ៦ ជំពូក និង១៥មាត្រា។
នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥ លានរៀល ( ប្រហែល ៩ ៤៨៧ លានដុល្លារ) ដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមានូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ របស់រដ្ឋាភិបាលនីតីកាលទី ៧។
ថវិកាប្រមាណ ៣៧ ៩៥០ ៣៨៥ លានរៀល ដែលរដ្ឋាភិបាលគ្រោងចំណាយត្រូវជា ១៨,១៤% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះចំណាយចរន្ត ២៦ ០៥៤ ០១៩ លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦ លានរៀល។
សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់និរន្តភាពនៃកិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេស តំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។
ច្បាប់ថវិកាជាតិឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា