Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនឥណ្ឌូណេស៊ី ចាប់អារម្មណ៍ការវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា

បានផុស

នៅ

ពីរដ្ឋធានីហ្សាការតា ក្នុងពេលចូលជួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្រុមហ៊ុនឥណ្ឌូណេស៊ី បង្ហាញការចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសបោះទុនវិនិយោគលើការកែច្នៃផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ បំណងនេះត្រូវបានសម្ដេចតេជោ សម្ដែងក្ដីស្វាគមន៍ ហើយលើកទឹកចិត្តឱ្យក្រុមហ៊ុនទៅសិក្សាលទ្ធភាពជាក់ស្ដែងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណាប់អារម្មណ៍ចង់ស្វែងរកឱកាសវិនិយោគពីសំណាក់ក្រុមហ៊ុនរបស់ឥណ្ឌូណេស៊ីនេះ បានធ្វើឡើងតាមរយៈលោក ដាតុ ស្រ៊ី ថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោប់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានដឹកនាំប្រធានក្រុមហ៊ុនធំៗមួយចំនួនរបស់ឥណ្ឌូណេស៊ី ចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី៦ ខែឧសភា។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រាប់ប្រតិភូវិនិយោគិនឥណ្ឌូណេស៊ី ថា ការទាក់ទាញវិនិយោគបរទេសទៅបោះទុនរកស៊ីក្នុងប្រទេស គឺជាគោលដៅអាទិភាពដ៏សំខាន់របស់េាជរដ្ឋាភិបាល ហើយកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងដល់វិនិយោគបរទេស​ ដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមរយៈការធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម។

ទាក់ទិនការវិនិយោគទៀតសោត សម្ដេចតេជោ បានប្រាប់លោក ដាតុ ស្រ៊ី ថាហ៊ា ពីភាពចាំបាច់ដែលរដ្ឋាភិបាលកម្ពុជាត្រូវការ និងលើកទឹកចិត្តខ្លាំងនោះ គឺការវិនិយោគលើវិស័យកសិកម្ម ព្រោះថា កម្ពុជាមានសក្តានុពេលខ្លាំងលើវិស័យនេះ ប៉ុន្តែការកែច្នៃផលកសិកម្មទៅជាផលិតផលសម្រេចសម្រាប់ការនាំចេញ គឺនៅមានកម្រិតនៅឡើយ។ ឧទាហរណ៍ ដំណាំស្វាយចន្ទីរបស់កម្ពុជា ជាប់លំដាប់លេខ១ ប៉ុន្តែអត់មានរោងចក្រសម្រាប់ការកែច្នៃ។

ក្នុងន័យនេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានលើកទឹកចិត្តដល់ក្រុមហ៊ុនឥណ្ឌូណេស៊ី សិក្សាលទ្ធភាពវិនិយោគលើការបើករោងចក្រកែច្នៃស្វាយចន្ទីសម្រាប់នាំចេញ សម្ដេច ថា ជារឿងល្អ ដែលជាការរួមចំណែកដ៏សំខាន់ដល់អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។

ការលើកឡើងរបស់សម្ដេចតេជោ ត្រូវបានលោក ដាតុ ស្រ៊ី ថាហ៊ា សមាជិកក្រុមប្រឹក្សាពិគ្រោះយោប់ប្រធានាធិបតីឥណ្ឌូណេស៊ី បានបង្ហាញការចាប់អារម្មណ៍ ពិសេសលើការបើករោងចក្រកែច្នៃផលិតផលកសិកម្មនៅកម្ពុជាតែម្ដង។ លោក បានបញ្ជាក់នៅចំពោះមុខសម្ដេចតេជោ ថា លោក នឹងដឹកនាំវិនិយោគិនរបស់ឥណ្ឌូណេស៊ី ទៅទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតនៃឱកាសវិនិយោគ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម