ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន គាំទ្រគំនិតប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គាំទ្រចំពោះគំនិតផ្ដួចផ្ដើមក្នុងការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដែលជាគំនិតផ្ដួចផ្ដើមរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

សម្ដេច ម៉ែន សំអន បង្ហាញការគាំទ្រដូច្នេះ ក្នុងពេលអញ្ជើញទស្សនាផ្ទះកំណើតរបស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១១ ខែឧសភា ដោយមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងក្រុមការងារជាច្រើនរូបអមដំណើរ។

តាមរយៈអតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ លោក ច្រឹង គឹមស្រ៊ាន បច្ចុប្បន្នជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះនេះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពីឯកឧត្ដម ហ៊ុន នាង ត្រូវជាឳពុករបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីរុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ។


បើតាមតាមការបង្ហើបឲ្យដឹងពី លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសនោះ លោកមានគម្រោងកែច្នៃ និងរៀបចំផ្ទះនោះ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងលើកស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាកទាញ។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឲ្យ លោក ហួត ហាក់ និង លោក អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ។

ទំព័រហ្វេសប៊ុកសម្ដេច ម៉ែន សំអន ចាត់ទុកថា នេះជាដំណើរជាប្រវត្តិសាស្ត្រលើកដំបូង របស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលអញ្ជើញទស្សនាដោយផ្ទាល់ នៅផ្ទះកំណើតសម្តេចតេជោ ហ៊ុន សែន ដោយបានទទួល បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពី លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅម្តុំនោះ និងបានធ្វើការសំណេះសំណាល រួចហូបផ្លែឈើប្រចាំគ្រួសារ ជុំគ្នាស្ថិតក្នុងបរិយាកាសសប្បាយរីករាយ និងស្និទ្ធស្នាលក្រៃលែង៕




-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


