ព័ត៌មានជាតិ
ច្រកព្រំដែនអានសេះ បើកដំណើរការធម្មតា អាជ្ញាធរអំពាវនាវពលរដ្ឋ កុំជឿតាមការផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន
លោក នាន់ បូនេត ប្រធានច្រកព្រំដែនអានសេះ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៥ នេះថា ទោះបីមានបញ្ហា រវាងទាហានថៃ និងខ្មែរ នៅព្រំដែនមុំបី នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ យ៉ាងណាក៏ដោយ ច្រកអានសេះ នៅតែដំណើរការនាំទំនិញចេញចូលធម្មតា ដោយក្នុង ១ សប្តាហ៍ បើក ២ ថ្ងៃ គឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍។

ស្រដៀងគ្នានេះដែរ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ក៏បានឱ្យដឹងដែរថា ស្ថានភាពកងកម្លាំងយោធា ដែលប្រចាំការជួរមុខ នៅមុំបី នៃខេត្តព្រះវិហារ មានសភាពស្ងប់ស្ងាត់ល្អ បន្ទាប់ពីមានការចរចាគ្នា កាលពីថ្ងៃទី ៣០ ខែឧសភា កន្លងទៅថ្មីៗ នេះ។

បើតាម មន្ត្រីយោធា នៅតំបន់មុំបី ដែលប្រចាំការជួរមុខ បានឱ្យដឹងថា កម្លាំងទាហានខ្មែរ នៅតែត្រៀម ២៤ ម៉ោង លើ ២៤ ម៉ោង ជានិច្ច ដើម្បីការពារជាតិមាតុភូមិឱ្យបានគង់វង្ស ខណៈទាហានក៏ត្រៀមដូចគ្នាដែរ តែមិនមានការប៉ះទង្គិចគ្នាទៀតនោះទេ។

ចំណែកមន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ តាមរយៈការចេញផ្សាយរបស់សារព័ត៌មានថៃ Matichon បានអះអាងថា រដ្ឋាភិបាលមិនបានបិទច្រកចេញចូលព្រំដែនជាមួយប្រទេសកម្ពុជានោះឡើយ និងបានច្រានចោលព័ត៌មានប្រឌិតដែលបានផ្សព្វផ្សាយដោយសារព័ត៌មាន នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០២៥។ អាជ្ញាធរថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងជឿតាមការចេញផ្សាយព័ត៌មានប្រឌិត ដោយត្រូវរង់ចាំការចេញផ្សាយជាផ្លូវការរបស់រដ្ឋាភិបាលថៃ។ ការចេញមកបញ្ជាក់ការពិតនេះ ដើម្បីឆ្លើយតបជាមួយការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថា ច្រកទ្វារព្រំដែនអន្តរជាតិចំនួន ៦ និងប៉ុស្តិ៍ត្រួតពិនិត្យបណ្តោះអាសន្នចំនួន ១០ ជាមួយភាគីកម្ពុជា ត្រូវបានបិទជាបណ្តោះអាសន្ន។

លោក គឹម សុវណ្ណា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ដែលបានឆ្លើយឆ្លងជាមួយមន្ដ្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជា បានអះអាងថា រហូតមកទល់ពេលនេះ មិនមានការបិទច្រកទ្វារឆ្លងកាត់ណាមួយដូចការចុះផ្សាយរបស់សារព័ត៌មានថៃចុះផ្សាយនោះឡើយ៕
អត្ថបទ ៖ ជុន កុសល


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ