ព័ត៌មានជាតិ
សម្ដេចម៉ែ ព្រះរាជទាន ព្រះរាជទ្រព្យចំនួន២០ម៉ឺនដុល្លារ ដើម្បីដំណើរការរៀបចំមន្ទីរពេទ្យ ”ហ្លួងម៉ែ”
សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ សម្តេចម៉ែ បានព្រះរាជទានព្រះរាជទ្រព្យចំនួន២០ ម៉ឺនដុល្លារជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ “ហ្លួងម៉ែ” នេះបើតាមព្រះរាជសារដែលទទួលបាននៅថ្ងៃនេះ។
បើតាមព្រះរាជសារដែលផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះសម្តេចម៉ែបានបញ្ជាក់ថា “ខ្ញុំសូមចូលរួមជួយវិភាគទានព្រះរាជទ្រព្យ ចំនួន២សែនដុល្លារ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការក្នុងការរៀបចំមន្ទីរពេទ្យហ្លួងម៉ែ”។ ជាមួយគ្នានោះ សម្តេចម៉ែបានប្រសិទ្ធពរដ៏ល្អបវរ ជូនដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសមាជិក សមាជិការទាំងអស់ នៃរាជរដ្ឋាភិបាល ទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិ។

ចំណែកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រោយពីទទួលបានព្រះរាជសារសម្តេចម៉ែ សម្តេចក៏បានធ្វើសារលិខិតមួយថ្លែងអំណរព្រះគុណសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន នូវព្រះរាជទ្រព្យជាថវិកា២០ម៉ឺនដុល្លារ សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យហ្លួងម៉ែនេះ ដោយសម្តេចបញ្ជាក់ថា “តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ទូលព្រះបង្គំជាខ្ញុំ សូមសម្ដែងថ្វាយនូវសេចក្តីអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យចំនួន ២០០.០០០ $US (ពីររយពាន់ដុល្លារសហរដ្ឋអាមេរិក) ដែលជាព្រះរាជូបត្ថម្ភដ៏ថ្លៃថ្លា ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ”។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រះរាជទានដ៏ឧត្តុង្គឧត្តមខាងលើនេះ បានបង្ហាញឱ្យឃើញនូវព្រះរាជហឫទ័យដ៏វិសេសវិសាលរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោស ព្រះរាជូបត្ថម្ភ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗ។ សម្តេចតេជោ ហ៊ុន សែន បានបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ និងព្រះវិញ្ញាណក្ខន្ធនៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមប្រោសប្រទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅរបស់ព្រះអង្គនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជានិច្ចនិរន្តរ៍តរៀងទៅ។
គួររំលឹកថា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីការទិញមន្ទីរពេទ្យស្ត្រីនគរទេព ហើយប្ដូរឈ្មោះទៅជាមន្ទីរពេទ្យ “ហ្លួងម៉ែ” វិញ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ ហើយមុខ មន្ទីរពេទ្យនេះ នឹងដាក់ឲ្យប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលជំងឺប្រជាពលរដ្ឋទូទៅជារៀងរហូត ហើយក្រោយការប្រកាសនេះ មានសប្បុរសជនជាច្រើននាក់បានចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញមន្ទីរពេទ្យមួយនេះ។

ដើម្បីចរចា និងសម្របសសម្រួលទិញមន្ទីរពេទ្យស្ត្រីនគរទេពនេះកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានធ្វើសេចក្តីសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងចំពោះកិច្ច ដើម្បីវាយតម្លៃ ចរចា និងរៀបចំកិច្ចសន្យាទិញ-លក់ ផងដែរ ដែលគណៈកម្មការនោះមានលោក ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអនុប្រធាន៕
អត្ថបទ ៖ កោះកែវ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


