ព័ត៌មានអន្ដរជាតិ
សារព័ត៌មាន The Nation រៀបវេទិកាឲ្យថាក់ស៊ីន និយាយលើកដំបូង ចំពេលវិបត្តិនយោបាយដ៏ចាក់ស្រេះ
សារព័ត៌មាន The Nation របស់ថៃ បានរៀបវេទិកាដ៏សំខាន់មួយនៅថ្ងៃទី៩ខែកក្កដា ដើម្បីបើកឱកាសឲ្យ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ បង្ហាញមុខនិងនិយាយជាសាធារណៈលើកដំបូង ចំពេលផ្លូវច្បាប់នានាស្ថិតនៅក្នុងស្ថាប័នយុត្តិធម៌កំពូលៗ និងវិបត្តិនយោបាយដ៏ស្មុគស្មាញរួតរឹតគ្រួសារលោកយ៉ាងណែនក្តន់ ដែលនាំដល់ការជាប់គាំងនយោបាយក្នុងជម្លោះផ្ទៃក្នុងដ៏ស៊ីជម្រៅ។

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្ត្រីថៃដែលកំពុងតែស្ថិតក្រោមការស៊ើបអង្កេតជុំវិញបទល្មើសព្រហ្មទណ្ឌ ប្រមាថព្រះចេស្តារព្រះមហាក្សត្រថៃ បានចេញមុខអះអាងជាលើកដំបូង ក្នុងវេទិកាដ៏ធំមួយស្តីពីស្ថានភាពនយោបាយរបស់ប្រទេសថៃក្នុងអំឡុងពេល៥៥ឆ្នាំ ដែលរៀបចំឡើងដោយសារព័ត៌មាន The Nation និង ផ្តោតលើទស្សនៈទានបំបែកភាពទាល់ច្រកនៃវិបត្តិរបស់ប្រទេសថៃ។
លោក ថាក់ស៊ីន បានបង្ហាញមុខក្នុងវេទិកាធំជាលើកដំបូងនៅល្ងាចថ្ងៃទី៩ខែកក្កដា ឆ្លើយសំណួរនានា ជុំវិញជំហររបស់លោកក្នុងកិច្ចការនយោបាយថៃ អំពីទំនាក់ទំនងរបស់លោកជាមួយថ្នាក់ដឹកនាំកម្ពុជា និង បញ្ហាសេដ្ឋកិច្ចថៃក្នុងបរិការសង្គ្រាមពន្ធបដិកាថ្មីរបស់សហរដ្ឋអាមេរិក បញ្ហាសេដ្ឋកិច្ចថៃ និងធ្វើឲ្យសហគ្រាសក្នុងស្រុកដំណើរការ បញ្ហាការអភិវឌ្ឍបច្ចេកវិទ្យា និងទិដ្ឋភាពទូទៅច្រើនទៀត។
អ្វីដែលលោកថាក់ស៊ីន បាននិយាយ និងទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត គឺទំនាក់ទំនងរបស់លោក ជាមួយក្រុមគ្រួសារសម្តេចតេជោ ហ៊ុន សែន ដែលលោកថាក់ស៊ីន បានប្រាប់ទៅដល់អ្នកគាំទ្រថា «បានដល់ទីបញ្ចប់»។
ការប្រកាសរបស់លោកថាក់ស៊ីន នាពេលនេះ គឺនៅក្រោយរយៈពេល៣សប្តាហ៍ បន្ទាប់ពីសារសំឡេងសន្ទនារវាងកូនស្រីរបស់លោក គឺ នាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត្រ និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អំពីការស្នើម៉ោងបើកនិងបិទរបងព្រំដែន ក្នុងម៉ោងដំណាលគ្នា ដូចធ្លាប់អនុវត្តនៅមុនថ្ងៃ៧ខែមិថុនា ជាពេលដែលយោធាថៃ មិនស្តាប់តាមការបញ្ជារបស់រដ្ឋាភិបាលថៃ រួចក៏សម្រេចចិត្តបិទព្រំដែនជាឯកតោភាគី។
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ ត្រូវបានស្រង់សម្តី ដោយសារព័ត៌មាន The Nation ដូចនិយាយថា៖«អ្វីដែលគាត់ [សម្តេច ហ៊ុន សែន] បានធ្វើចំពោះកូនស្រីខ្ញុំ គ្មានទំនាក់ទំនងអ្វីបន្តទៀតទេ ខ្ញុំមិនឃើញមូលហេតុដែលយើងគួរនិយាយគ្នាបន្តទៀត»។

ក្នុងរយៈពេលចុងក្រោយនេះ ជម្លោះផ្ទៃក្នុងរបស់ប្រទេសថៃ ត្រូវបានអ្នកវិភាគជាច្រើនមើលឃើញថា ថៃបានរុញជម្លោះនោះមកកាន់ព្រំដែនកម្ពុជា បង្កអរិភាពផ្សេងៗ ដើម្បីជាលេសបើកផ្លូវឲ្យមេដឹកនាំយោធាថៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលចម្រុះកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដឹកនាំដោយគណបក្សភឿថៃរបស់លោកថាក់ស៊ីន។
បើទោះបីជា លោក ថាក់ស៊ីន ធ្លាប់បានអះអាងពីការមិនវិលចូលធ្វើនយោបាយវិញ និងស្វែងរកតួនាទីណាមួយក្នុងរដ្ឋាភិបាល ប៉ុន្តែការបង្ហាញមុខនៅពេលនេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងពេលដែលនាយករដ្ឋមន្ត្រី កូនស្រីរបស់លោក បានត្រូវព្យួរតួនាទីដោយតុលាការធម្មនុញ្ញ ហើយ រូបលោកផ្ទាល់ក៏ប្រឈមសវនាការជុំវិញការចោទប្រកាន់ព្រហ្មទណ្ឌ ប្រមាថស្ថាប័នព្រះមហាក្សត្រ។
ក្នុងការឆ្លើយសំណួរទៅកាន់អ្នកចូលរួមនៅល្ងាចថ្ងៃទី៩កក្កដា លោកថាក់ស៊ីន និយាយថា៖ «ឥឡូវខ្ញុំត្រលប់មកវិញ ហើយខ្ញុំនឹងរៀបចំរចនាឡើងវិញ ហើយមើលពីរបៀបជំរុញវាទៅមុខ។ មិនថាខ្ញុំនៅក្នុងជួររដ្ឋាភិបាល ឬអត់ទេ ខ្ញុំមិនឈប់ធ្វើនោះទេ ខ្ញុំផ្តល់ថវិកាទាំងអស់ដោយខ្លួនឯង ព្រោះខ្ញុំចង់ឱ្យវាក្លាយជាសហគ្រាសសង្គមសម្រាប់ប្រជាជនថៃ មិនមែនសម្រាប់នយោបាយទេ»៕
រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


