Connect with us

ព័ត៌មានជាតិ

ថ្ងៃស្អែក កម្ពុជានឹងដឹកនាំអនុព័ន្ធយោធាបរទេសទៅពិនិត្យស្ថានភាពលើបញ្ហាព្រំដែនកម្ពុជា-ថៃ

បានផុស

នៅ

បន្ទាប់ពីមានបទឈប់បាញ់ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី៣០ ខែកក្កដា ស្អែកនេះ នឹងដឹកនាំបណ្តាអង្គទូត និងអនុព័ន្ធយោធាបរទេស ចុះទៅតំបន់ព្រំដែន ដើម្បីពិនិត្យពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ប្រាប់ឱ្យដឹងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៩ កក្កដា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងឱ្យដឹងដូច្នេះថា៖ «ដើម្បីបង្ហាញឆន្ទៈអំពីភាពម៉ឺងម៉ាត់របស់កម្ពុជា សម្រាប់ថ្ងៃស្អែក នឹងមានការរៀបចំនូវដំណើរមួយឆ្ពោះទៅកាន់ព្រំដែន ដើម្បីទៅពិនិត្យមើលទីតាំង និងសភាពការណ៍ជាក់ស្ដែងនៅលើបញ្ហាព្រំដែនកម្ពុជា និងថៃ»

ដំណើរទៅកាន់តំបន់ព្រំដែនកម្ពុជា-ថៃ របស់អង្គទូត និងអនុព័ន្ធយោធាបរទេសនេះ គឺធ្វើឡើងស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងនៃបទឈប់បាញ់ ដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ បានឯកភាពគ្នាក្នុងកិច្ចប្រជុំពិសេសនៅទីក្រុងគូឡាឡាំពួ ដែលម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

បើតាមសេចក្ដីប្រកាសព័ត៌មានរួមស្ដីពីកិច្ចប្រជុំពិសេសស្វែងរកបទឈប់បាញ់ នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្ដីទីថៃ បានឯកភាពលើបទឈប់បាញ់ជាបន្ទាន់មួយដោយឥតលក្ខខណ្ឌដែលបានចូលជាធរមាននៅម៉ោង២៤:០០នាទី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ។ កិច្ចព្រមព្រៀងនៃបទឈប់បាញ់នេះ ជាជំហានឆ្ពោះទៅការបន្ថយការតានតឹង និងការស្តារឡើងវិញនៅសន្តិភាព និងសន្តិសុខតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ បន្ទាប់មានការប្រយុទ្ធគ្នាដ៏ក្ដៅគគុក រយៈពេល៥ថ្ងៃកន្លងមកនេះ។

កម្ពុជា និងថៃ ក៏បានឯកភាពឱ្យមានរៀបចំកិច្ចប្រជុំក្រៅផ្លូវការនៃមេបញ្ជាការភូមិភាគប្រទេសទាំងពីរ នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ ហើយឯកភាពឱ្យមានការជួបជាមួយក្រុមអនុព័ន្ធយោធានៃប្រទេសនានា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានប្ដូរវេនអាស៊ានផងដែរ សម្រាប់ការអនុវត្ត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីបទឈប់បាញ់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម