Connect with us

ព័ត៌មានជាតិ

៧ ខែ ឆ្នាំនេះ បាតុភូតរន្ទះបាញ់ បង្កឱ្យមនុស្សស្លាប់-របួស ជិត ៩០ នាក់ ថយចុះជាងឆ្នាំមុន

បានផុស

នៅ

ក្នុង​រយៈពេល ៧ ខែ ឆ្នាំ ២០២៥ នេះ បាតុភូត​រន្ទះបាញ់ បាន​កើត​ឡើង​ជាង ៧០ លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជិត ៩០ នាក់ ខូចខាត​ផ្ទះ​ជាង ១០ ខ្នង និង​ងាប់​គោក្របី​ជាង ៧០ ក្បាល បើ​ធៀប​ទៅនឹង​រយៈពេល ៧ ខែ ដូចគ្នា ឆ្នាំ ២០២៤ ឃើញថា មានការ​ថយចុះ​គួរឱ្យកត់សម្គាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ៨ សីហា នេះ​ថា ចាប់ពី​ខែមករា រហូតដល់​ខែសីហា​ ឆ្នាំ​ ២០២៥​ បាតុភូត​រន្ទះបាញ់ ​បាន​កើតឡើង​ចំនួន​ ៧៤​ លើក បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន​ ១៤ ​ខ្នង ស្លាប់​មនុស្ស​ ៣៣​ នាក់ និង​រង​របួស​ ៥៥ ​នាក់ ព្រមទាំង​ងាប់​គោក្របី​ចំនួន ​៧១​ ក្បាល។ ក្នុងនោះ ​នៅក្នុង​ខែកក្កដា ​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ៥ លើក នៅក្នុង​មូលដ្ឋាន​ខេត្តកណ្តាល សៀមរាប និង​ខេត្តរតនគិរី បណ្តាលឱ្យ​ស្លាប់​មនុស្ស​ ២​ នាក់ រងរបួស ១​ នាក់​ និង​ខូចខាត​ផ្ទះ ២ ខ្នង។

លោក​បាន​បន្តថា ក្នុងចំណោម​អ្នកស្លាប់​ចំនួន​ ៣៣​ នាក់​ ក្នុងនោះ​នៅ​ខេត្តតាកែវ​ស្លាប់​ ១​ នាក់ ស្វាយរៀង​ ១​ នាក់ ព្រៃវែង ​២ ​នាក់ រតនគីរី ​១ ​នាក់ កំពង់ចាម ​១​ នាក់ កំពង់ធំ ​២ ​នាក់ កំពង់ឆ្នាំង ​២ នាក់ ពោធិ៍សាត់ ​១​ នាក់ បាត់ដំបង​ ៥​ នាក់​ សៀមរាប ​៥ ​នាក់ បន្ទាយមានជ័យ ​៣​ នាក់ ឧ​ត្ត​រ​មាន​ជ័យ​ ១ ​នាក់ ព្រះវិហារ ​១​ នាក់ ព្រះសីហនុ​ ៣​ នាក់ កំពត ១ ​នាក់​ ប៉ៃលិន​ ២​ នាក់​ និង​ត្បូងឃ្មុំ ១ នាក់។

លោក​បាន​បន្តទៀតថា តួលេខ​នេះ​បើ​ធៀប​ទៅនឹង​រយៈពេល​ ៧ ​ខែ ​ឆ្នាំ ​២០២៤ ​កន្លងទៅ​ ឃើញ​ថា មានការ​ថយចុះ​គួរឱ្យកត់សម្គាល់​ ដោយ ​៧​ ខែ ​ឆ្នាំមុន ​បាតុភូត​រន្ទះបាញ់​បាន​កើតឡើង​ចំនួន ៩១ លើក បណ្តាលឱ្យ​ខូចខាត​ផ្ទះ​ចំនួន ២៦ ខ្នង ស្លាប់​មនុស្ស ៤៨ នាក់ និង​រងរបួស ៤២ នាក់ ព្រមទាំង​ងាប់​គោក្របី​ចំនួន ៣៣ ក្បាល។ ក្នុងចំណោម​អ្នកស្លាប់ ៤៨ នាក់ ក្នុងនោះ​នៅ​ខេត្តសៀមរាប​ស្លាប់ ៨ នាក់ បាត់ដំបង​ស្លាប់ ៦​ នាក់ បន្ទាយមានជ័យ​ស្លាប់ ៤ នាក់ ត្បូងឃ្មុំ​ស្លាប់ ៤ នាក់ ព្រៃវែង​ស្លាប់ ៤ នាក់ ព្រះសីហនុ​ស្លាប់ ៣ នាក់ ឧ​ត្ត​រ​មានជ័យ​ស្លាប់ ៣ នាក់ កំពង់ចាម​ស្លាប់ ២ នាក់ កោះកុង​ស្លាប់ ២ នាក់ ប៉ៃលិន​ស្លាប់ ២ នាក់ តាកែវ​ស្លាប់ ២ នាក់ ក្រចេះ​ស្លាប់ ២ នាក់។ ក្រៅពីនេះ ស្លាប់ ១ នាក់ នៅ​ខេត្ត​ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ ពោធិ៍សាត់ មណ្ឌលគីរី និង​ខេត្ត​កំពត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម