ព័ត៌មានអន្ដរជាតិ
ការផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន បង្កក្ដីបារម្ភនៅវៀតណាម និងថៃ
វិធានការបិទការនាំចូលអង្កររយៈពេល ៦០ ថ្ងៃរបស់ហ្វីលីពីន ដែលនឹងចាប់ផ្ដើមពីថ្ងៃទី ១ កញ្ញាខាងមុខនេះ កំពុងបង្កក្ដីបារម្ភខ្លាំងក្នុងចំណោមអ្នកនាំចេញអង្ករនៅវៀតណាម និងថៃ ចំពេលដែលតម្លៃអង្ករអន្តរជាតិស្ថិតនៅក្រោម ៤០០ ដុល្លារ/តោន អស់រយៈពេលជាច្រើនខែមកហើយ។

តាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃចន្ទនេះ ក្រុមហ៊ុននាំចេញអង្ករវៀតណាមបានជំរុញឱ្យក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មផ្តល់ការគាំទ្រ ទប់ទល់នឹងផលប៉ះពាល់ពីចំណាត់ការរបស់ហ្វីលីពីន ដែលជាប្រទេសទិញអង្ករដ៏ធំបំផុតលើពិភពលោក និងវៀតណាម។
ប្រធានសមាគមស្បៀងអាហារវៀតណាម លោក Đỗ Hà Nam បាននិយាយថា ការផ្អាករបស់ហ្វីលីពីន អាចរំខានដល់កិច្ចសន្យាដែលបានចុះហត្ថលេខារួច បង្កើនស្តុក និងបង្កើតសម្ពាធលើសាច់ប្រាក់ងាយស្រួលរបស់អ្នកនាំចេញ ក៏ដូចជាប៉ះពាល់ផ្ទាល់ដល់ប្រាក់ចំណូលរបស់កសិករ ដោយសារហ្វីលីពីនរួមចំណែករហូតដល់ ៤០-៤៥ ភាគរយ នៃតម្លៃនាំចេញអង្ករសរុបរបស់វៀតណាម។
សមាគមវៀតណាមដដែល បានស្នើរដ្ឋាភិបាលឱ្យចេញកញ្ចប់អត្រាការប្រាក់ទាប និងការពន្យារបំណុល រួមជាមួយនឹងវិធានការផ្សេងៗ ដើម្បីជួយអ្នកនាំចេញរក្សាទុកអង្ករក្នុងស្ដុក រហូតដល់ការផ្អាកត្រូវបានដកចេញ ដើម្បីបញ្ចៀសការលក់ចេញដោយសារកង្វល់ ដែលនាំឱ្យពួកគេខាតធ្ងន់ធ្ងរ។

ពាក់ព័ន្ធនឹងការផ្អាកការនាំចូលអង្ករ ២ ខែនេះ ហ្វីលីពីន បានអះអាងថាធ្វើឡើងដើម្បីការពារកសិករក្នុងស្រុក ដែលរងហានិភ័យដោយសារតែអង្ករនាំចូលពីបរទេសថោកៗ។ កាលពីខែកក្កដា ស្រូវហ្វីលីពីនធ្លាក់ចុះតម្លៃរហូតដល់ ១៦ ភាគរយ។
ជុំវិញបញ្ហានេះផងដែរ ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្មថៃ លោកស្រី Arada Fuangtong បាននិយាយថា ក្រុមហ៊ុននាំចេញអង្កររបស់ថៃបានរាយការណ៍ថា សេចក្ដីសម្រេចរបស់រដ្ឋាភិបាលហ្វីលីពីន នឹងប៉ះពាល់ដល់ការនាំចេញរបស់ខ្លួន ដូចទៅនឹងប្រទេសនាំចូលអង្ករផ្សេងទៀតដែរ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃអាទិត្យ។
ឆ្លើយតបនឹងបញ្ហានេះ នាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ កំពុងរៀបចំវិធានការគាំទ្រការនាំចេញអង្កររបស់ថៃ និងធានានូវការបញ្ជាទិញថ្មី ដើម្បីស្រូបយកទិន្នផលក្នុងស្រុក និងបង្កើតប្រាក់ចំណូលដល់កសិករ។ វិធានការទាំងនេះរួមមានការពង្រីកទីផ្សារ និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីបង្កើតទំនុកចិត្ត និងជំរុញការនាំចេញអង្កររបស់ថៃ។
គួរគូសបញ្ជាក់ថា ការផ្អាកការនាំចូលអង្កររបស់ហ្វីលីពីន ធ្វើឡើងចំពេលដែលតម្លៃអង្ករអន្តរជាតិធ្លាក់ចុះរួចហើយតាំងតែពីដើមឆ្នាំមក ដោយសារតែកំណើននៃការផ្គត់ផ្គង់ និងការកាត់បន្ថយការនាំចូលរបស់ប្រទេសនាំចូលសំខាន់ៗដូចជាឥណ្ឌូណេស៊ីជាដើម៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


