នៅប្រទេសក្រិច មានរឿងរ៉ាវជាច្រើនទាក់ទងនឹងព្រះ និងទេពធីតា ដែលជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្ស។ រឿងទាំងនោះបានពន្យល់ ស្ទើរតែគ្រប់យ៉ាងដែលទាក់ទងនឹងពិធីសាសនា និងវប្បធម៌កាលពីមុន។ ទន្ទឹមនោះយើងខ្ញុំសូមបង្ហាញពីកំពូលទេពធីតាក្រិកបុរាណទាំង ១៣ អង្គ ឲ្យលោកអ្នកបានស្គាល់ ដូចខាងក្រោម៖
១. ទេពធីតា អាធីណា (Athena)
អាធីណាជា ទេពធីតាដែលត្រូវបានគេស្គាល់ថាមានប្រាជ្ញា ពូកែខាងសិប្បកម្ម និងធ្វើសង្គ្រាម។ នាងមានចិត្តកាចសាហាវនៅសមរភូមិ ដែលតែងតែយកចិត្តទុកដាក់ក្នុងការប្រយុទ្ធដើម្បីយុត្តិធម៌ និងសេចក្ដីសុចរិត ហើយមិនបង្ហាញកំហឹងទេ។ ទេពធីតាអាធីណា ប្រសូត្រមកក្រមុំតែម្ដង ហើយមានពាក់អាវក្រោះមកជាមួយដែរ។
២.ទេពធីតា ហឺរ៉ា (Hera)
ទ្រង់គឺជាទេពធីតាដែលស្អាតបំផុត ហើយត្រូវបានគេស្គាល់ថាជាព្រះនៃអាពាហ៍ពិពាហ៍ និងការសម្រាលកូន។ ទេពធីតា ហឺរ៉ា ជាមហេសីរបស់ហ្សូស។ តាមទេវកថាក្រិក នាងគ្រប់គ្រងផ្ទៃមេឃពីកំពូលបល្ល័ង្ករបស់នាង ដែលធ្វើពីមាស។
៣. ទេពធីតា អាតេមីស (Artemis)
អាតេមីស ជាទេពធីតាដែលមានកិត្តិយសបំផុតក្នុងចំណោមអាទិទេពក្រិកបុរាណ។ ទ្រង់ត្រូវបានគេចាត់ទុកថាជាព្រះការពារក្មេងស្រី។ ឈ្មោះរ៉ូមែនរបស់ទ្រង់គឺ ដាយអាណា។
៤. ទេពធីតា ឌីមីតធឺ (Demeter)
ឌីមីតធឺ ជាព្រះនៃការប្រមូលផលដំណាំ និងគ្រាប់ធញ្ញជាតិ។ ទ្រង់មានព្រះបិតាព្រះនាម ក្រូនុស ព្រះមាតាព្រះនាម រាហ៍។
៥. ទេពធីតា អាហ្វ្រូដាយធី (Aphrodite)
អាហ្វ្រូដាយធី គឺជាទេពធីតានៃសេចក្ដីស្រឡាញ់ សម្រស់ និងតណ្ហា។ នាងត្រូវបានគេហៅថា វេនុស (Venus) ដោយពួករ៉ូម ហើយយោងទៅតាមកវីក្រិកបុរាណ ទេពធីតា អាហ្វ្រូដាយធី កើតចេញពីប្រដាប់បន្តពូជរបស់អាទិទេព យូរ៉េនុស (Uranus) ។ បើដោយយោងទៅតាមអ្នកនិពន្ធល្បីឈ្មោះ ហូមឺ (Homer) នាងគឺជាកូនស្រីរបស់ ហ្សូស (Zeus) និង ឌីអន (Dione) ។
៦.ទេពធីតា រាហ៍ (Rhea)
រាហ៍គឺជាអាទិទេពនៃភាពជាម្ដាយ និងការពពោះ។ គេបានឲ្យដឹងថាទ្រង់ជាអាទិទេពដែលពាក់មកុដរូបប៉មតូច ហើយមានតោនៅអមរាជបល្ល័ង្ក។
៧.ទេពធីតា លីតូ (Leto)
ទេពធីតា លីតូ ត្រូវបានគេស្គាល់ថាជាអាទិទេពនៃភាពជាម្ដាយដែរ។ ទ្រង់ជាម្ដាយរបស់ទេពធីតា អាតេមីស និង អាទិទេព អាប៉ូឡូ។
៨. ទេពធីតា ណេមេស៊ីស (Nemesis)
ទេពធីតា ណេមេស៊ីស ធ្វើឱ្យមានការដាក់ទណ្ឌកម្មលើមនុស្សដែលក្រអឺតក្រទមចំពោះព្រះជាការសងសឹក។ ឈ្មោះផ្សេងទៀតរបស់នាងគឺ រ៉ាំណូសៀ (Rhamnusia) និង អាដ្រាស្តៀ (Adrasteia) ។ នាងត្រូវបានតំណាងឱ្យគំនិតនៃកំហឹងដ៏សុចរិត។
៩.ទេពធីតា ហ៊ីប៊ី (Hebe)
ព្រះនាង ហ៊ីប៊ី ត្រូវបានចាត់ទុកថាជាព្រះនៃយុវវ័យ ឬជាកំពូលនៃជីវិត។ នាងគឺជាកូនស្រីពៅរបស់ Zeus និងប្រពន្ធរបស់គាត់ Hera ។
១០. ទេពធីតា ហេសស្តៀ (Hestia)
ហេសស្តៀ គឺជាព្រះនៃផ្ទះ និងចង្ក្រាន។ យោងទៅតាមប្រវត្ដិវិទូនាងគឺជាកូនដំបូងរបស់ ក្រូនុស និង រាហ៍។ទ្រង់បានស្បថថានឹងនៅតែជាព្រហ្មចារីជារៀងរហូត។
១១. ទេពធីតា អ៊ីលីធីយ៉ា (Eileithyia)
អ៊ីលីធីយ៉ា គឺជាទេពធីតាក្រិកនៃកំណើត និងការឈឺចាប់ពេលផ្ដល់កំណើត។ នាងត្រូវបានគេដឹងថាអាចជួយស្ត្រីក្នុងការសម្រាលកូន និងទប់ទល់នឹងការឈឺចាប់បាន។
១២.ទេពធីតា អឺរីស (Eris)
អឺរីសត្រូវបានគេចាត់ទុកថាជាទេពធីតាក្រិកនៃជម្លោះនិងការមិនចុះសម្រុង។ នាងត្រូវបានគេដឹងថាបង្កឱ្យមានការបែកបាក់ ការឈ្លោះប្រកែកគ្នា និងការឈ្លោះប្រកែកគ្នាក្នុងចំណោមមនុស្ស។
១៣. ទេពធីតា ភឺសេផ្វូនី (Persephone)
ភឺសេផ្វូនី គឺជាទេពធីតានៃកសិកម្ម និងការមានកូន ហើយនាងគឺជាកូនស្រីរបស់ទេពធីតា ឌីមីតធឺ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ប្លែកៗ ប្រពៃណីនៅ ដាណឺម៉ាក អ្នកនៅលីវត្រូវពិន័យ ដោយបាចឈើអែម និងម្រេចលើខ្លួន
ចុចអាន៖ប្រពៃណីនៅ ចិន បុរសជាប្ដីអៀវប្រពន្ធមានផ្ទៃពោះ ដើរលើរងើកភ្លើងកំពុងក្ដៅខ្លាំង