វប្បធម៌ ជំនឿ
គោលដៅទេសចរណ៍ថ្មី ស្ថិតនៅទិសខាងលិច ប្រាសាទបាយ័ន ក្រុងអង្គរធំ
ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោមខ្លោងទ្វារចេញចូលទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទបាយ័ន។ ក្រោយពីបញ្ចប់ការជួសជុលទាំងស្រុង ខ្លោងទ្វារនេះ នឹងក្លាយជាគោលដៅទេសចរណ៍ថ្មី បង្កើនភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនា និងផ្តិតយករូបភាពមួយប្លែកដែលទេសចរមិនធ្លាប់ឃើញកន្លងមក។

ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមជួសជុលខ្លោងទ្វារតាកាវ ភាគខាងលិចនៃក្រុងអង្គរធំនេះ តាំងតែពីចុងខែកុម្ភ: ឆ្នាំ២០២១ ហើយរហូតមកដល់អំឡុងខែតុលា ឆ្នាំ២០២២នេះ គឺបានសម្រេចប្រមាណ ៩៧ ភាគរយហើយ ដោយនៅសេសសល់តែការកែសម្រួលថ្មភក់ថ្មី ជំនួសថ្មចាស់ដែលបាត់បង់ ឬខូចគុណភាព។ បច្ចុប្បន្នក្រុមការងារកំពុងមមាញឹកក្នុងការរុះរើរន្ទារចេញជាបណ្តើរៗ ហើយនឹងបញ្ចប់នាពេលឆាប់ៗខាងមុខ។

ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិច នៃក្រុងអង្គរធំ ដែលធ្លាប់តែមានភាពទ្រុឌទ្រោមដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ។ ដំរីទាំង៤ជ្រុងបានរងនូវការខូចខាតជាខ្លាំង ដោយសារដើមឈើ និងឫសឈើដុះចាក់ចូលរចនាសម្ពន្ធ បណ្តាលឱ្យរចនាសម្ពន្ធរបស់ខ្លោងទ្វារមួយភាគធំ ពិសេស កំពូលខ្លោងទ្វារដែលមានមុខព្រហ្មទាំងបួនទិស រួមទាំងសំណង់ជាប់សងខាងនៃខ្លោងទ្វារ ថ្មបានក្រៀក រំកិលចេញពីទីតាំងដើមដោយអន្លើ ថ្មមួយចំនួនបានជ្រុះធ្លាក់មកក្រោមផង ដែលទាមទារឱ្យមានការទល់ទ្របណ្តោះអាសន្នជាចាំបាច់ និងបានប្រើខ្សែកាបរឹតផង អស់រយៈពេលជាង ១០ឆ្នាំ នៅតែមានហានិភ័យខ្ពស់ដោយសារឈើទ្រនល់ពុកផុយ កាបធូររលុង ឫសឈើដុះជ្រែកហែកកាន់តែធំឡើង។

បច្ចុប្បន្ននេះ ខ្លោងទ្វារតាកាវ បានវិលត្រឡប់ទៅរកភាពល្អស្អាត រឹងមាំ និងមានសោភ័ណភាពពេញលេញវិញហើយ បន្ទាប់ពីក្រុមអ្នកជំនាញបានចំណាយអស់រយៈពេលប្រមាណជិត ២ឆ្នាំដើម្បីជួសជុល។ ខ្លោងទ្វារតាកាវទាំងមូលបានសង្រ្គោះឱ្យរួចផុតពីហានិភ័យផ្សេងៗ ដោយអាជ្ញាធរជាតិអប្សរា ក្រោមជំនួយឧបត្ថម្ភពីវិស័យឯកជន ធ្វើការជួសជុល ដើម្បីលើកតម្លៃឱ្យខ្លោងទ្វារនេះ នៅឈររឹងមាំ ជាខ្លោងទ្វារការពារក្រុងអង្គរធំ។ កំពូលខ្លោងទ្វារដែលមានព្រះភ័ក្ត្រទាំងបួនទិស ដែលធ្លាប់តែបាត់បង់ផ្នែកខ្លះជាយូរមកហើយ ត្រូវបានជួសជុលទៅតាមលក្ខណៈដើមឡើងវិញ ដូចជា បបូរមាត់ ក្តោងច្រមុះ ស្លឹកត្រចៀក ថ្ពាល់ និងផ្នែកផ្សេងៗបានរៀបបញ្ចូលទីតាំង ធ្វើឱ្យព្រះភ័ក្រ្តញញឹមរស់រវើកឡើងវិញ។ ចំណែករូបដំរីនៅតាមជ្រុងទាំងបួនបានលេចរូបរាងឈរឡើងវិញ ហាក់កំពុងជួយទប់លំនឹងរចនាសម្ពន្ធខ្លោងទ្វារទាំងមូលផង៕

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២០ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


