ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃស្ថិតក្នុងស្ថានភាព «មនុស្សឈឺ» ប្រចាំអាស៊ាន
សេដ្ឋវិទូឯករាជ្យថៃ លោកបណ្ឌិត ឆាតឆៃ ប៉ារ៉ាស៊ុក (Chartchai Parasuk) បានសរសេរនៅក្នុងអត្ថបទទស្សនៈមួយដែលចុះផ្សាយលើកាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍នេះថា សេដ្ឋកិច្ចថៃបច្ចុប្បន្នស្ថិតនៅក្នុងស្ថានភាព «មនុស្សឈឺ» ប្រចាំអាស៊ាន។

ក្នុងអត្ថបទដែលមានចំណងជើងថា «ប្រទេសថៃ ឥឡូវនេះជាមនុស្សឈឺនៅអាស៊ាន» បានស្រង់របាយការណ៍ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក (WEO) របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំខែតុលា។
IMF បានរំពឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃសម្រាប់ឆ្នាំ ២០២៦ នឹងស្ថិតក្នុងអត្រា ១,៦% ដែលធ្វើឱ្យថៃជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ទាំងអស់ និងទាបបំផុតនៅអាស៊ីបន្ទាប់ពីជប៉ុន (០,៦%)។
សូម្បីតែប្រទេសមីយ៉ាន់ម៉ា ដែលបន្តរងនូវសង្រ្គាមស៊ីវិល ក៏រំពឹងកំណើន ៣% នៅឆ្នាំ ២០២៦ ដូចជា ខណៈឡាវ ២,៥% និងកម្ពុជា ៤% ដែលទាំងនេះសុទ្ធសឹងតែខ្ពស់ជាងថៃ។ IMF ដដែល រំពឹងកំណើនសេដ្ឋកិច្ចថៃត្រឹមតែ ២% ប៉ុណ្ណោះ ដោយលើកឡើងពីបញ្ហាក្នុងស្រុក និងហានិភ័យពីខាងក្រៅ ដូចជាពន្ធអាមេរិក និងសង្រ្គាមពាណិជ្ជកម្មជាដើម។

លោក ប៉ារ៉ាស៊ុក បានសរសេរថា៖ «សេដ្ឋកិច្ចកំពុងស្ថិតក្នុង Coma (ដំណើរបាត់បង់ស្មារតីរយៈពេលយូរត្រូវដេកលើគ្រែ) ហើយត្រូវការសង្រ្គោះឱ្យស្ទុះងើបឡើងវិញជាបន្ទាន់»។
លោកបន្តថា៖ «ការឃោសនានយោបាយ និងដោះស្រាយតូចតាចៗនឹងមិនដំណើរការទេ។ អ្នកបង្កើតគោលនយោបាយគួរតែឈប់ស្រមៃថាមានដំណោះស្រាយងាយៗ។ ដំណោះស្រាយនឹងមិនត្រឹមតែពិបាកប៉ុណ្ណោះទេ វាថែមទាំងឈឺចាប់ទៀតផង»។
សេដ្ឋវិទូឯករាជ្យដដែលនិយាយថា លក្ខខណ្ឌសេដ្ឋកិច្ចថៃបច្ចុប្បន្ន គឺសាកសមនឹងគេហៅថា «មនុស្សឈឺប្រចាំអាស៊ាន»។ អ្វីជាការឱ្យព្រួយបារម្ភនោះ គឺថា សេដ្ឋកិច្ចថៃប្រហែលជានៅបាតតារាងអាស៊ាន យ៉ាងហោចណាស់ដល់ឆ្នាំ ២០៣០។ របាយការណ៍ទស្សនវិស័យខែតុលារបស់ IMF មិនបាននិយាយបែបនេះចំៗទេ ប៉ុន្តែរំពឹងថា កំណើនសេដ្ឋកិច្ចថៃនឹងស្ថិតនៅក្នុងរង្វង់ ២,៨% ចន្លោះឆ្នាំ ២០២៥-២០៣០។
តាមរបាយការណ៍របស់ IMF ថៃរំពឹងថានឹងធ្លាក់ចុះពីប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី៣ប្រចាំអាស៊ាន ទៅដល់ទី៥ ត្រឹមឆ្នាំ ២០៣០។ ខណៈកំណើនសេដ្ឋកិច្ចថៃរំពឹងមានអត្រាមធ្យម ២,៨% គូប្រជែងថៃវិញមានអត្រាកំណើនខ្ពស់ៗ រួមមាន ៨,៥% សម្រាប់ហ្វីលីពីន ៧,៣% សម្រាប់ឥណ្ឌូណេស៊ី ៦,៣% សម្រាប់វៀតណាម ៦%សម្រាប់ម៉ាឡេស៊ី និង ៤,៣% សម្រាប់សិង្ហបុរី។

លោក ប៉ារ៉ាស៊ុក បានសរសេរទៀតថា៖ «ថៃអាចទាបក្នុងកំណើនសេដ្ឋកិច្ច តែប្រាកដណាស់ យើងខ្ពស់លើបំណុលគ្រួសារ។ ជាក់ស្ដែង កម្រិតខ្ពស់នៃបំណុល (ពិបាកទារ) គឺជាវិបត្តិសេដ្ឋកិច្ចទី២របស់ប្រទេស»។ លោកបន្តថា បំណុលគ្រួសារថៃធៀបនឹង GDP ជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី៧លើពិភពលោក ក្នុងអត្រាប្រមាណ ៨៨,២% ធៀបនឹង GDP ពោលគឺខ្ពស់ជាងទីក្រុងហុងកុង (៨៧,៨%) ណ័រវែស (៨៧,៤%) និងដាណឺម៉ាក (៨៤,៨%)។
អ្វីជាបញ្ហានោះគឺថា ប្រទេសទាំងនោះមានបំណុលគ្រួសារខ្ពស់ ភាគច្រើនដោយសារតែតម្លៃផ្ទះថ្លៃៗ។ ប្រសិនបើមិនរាប់បញ្ចូលប្រាក់កម្ចីទិញផ្ទះទេ ប្រាក់កម្ចីប្រើប្រាស់ផ្សេងទៀតមានចំនួនតិចជាង ៥% នៃ GDP។ នេះមានន័យថា បំណុលគ្រួសារមិនគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ពួកគេទេ។ ផ្ទុយទៅវិញ បំណុលគ្រួសារថៃដែលមិនមែនជាកម្ចីទិញផ្ទះ ស្មើនឹងប្រហែល ៦០% នៃ GDP ដែលខ្ពស់ខ្លាំង ដោយកូនបំណុលភាគច្រើនខ្វះលទ្ធភាពសងត្រឡប់ទៅវិញ។
លោក ប៉ារ៉ាស៊ុក បានលើកឡើងថា បញ្ហាបំណុលក្នុងប្រទេសថៃ រួមចំណែកដ៏សំខាន់ ដែលធ្វើឱ្យថៃមានកំណើនសេដ្ឋកិច្ចទាប ដូច្នេះ «នរណាម្នាក់ត្រូវតែធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពសងប្រាក់របស់អ្នកខ្ចីប្រាក់»។
វិបត្តិចុងក្រោយសម្រាប់សេដ្ឋកិច្ចថៃនោះគឺទាក់ទងនឹងការប្រកួតប្រជែង។ ប្រព័ន្ធឧស្សាហកម្មរបស់ប្រទេសថៃ មិនផ្តល់ប្រាក់ចំណូលខ្ពស់គ្រប់គ្រាន់ដើម្បីជំរុញកំណើន និងសងបំណុលទាំងអស់នោះទេ។
លោកសរសេរយ៉ាងដូច្នេះថា៖ «ប្រសិនបើយើងចង់មានប្រាក់ចំណូលស្មើនឹងប្រជាជនម៉ាឡេស៊ី យើងត្រូវការផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដូចពួកគេ»។
លោកលើកឡើងថា ទាំងអស់នេះ ចង្អុលបង្ហាញពីការប្តូរទៅប្រព័ន្ធឧស្សាហកម្មដែលមានមូលដ្ឋានលើ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)។ យ៉ាងណាមិញ វាត្រូវចំណាយពេលយ៉ាងហោចណាស់ ២០ ឆ្នាំ ដើម្បីសម្រេចបានមូលដ្ឋានចំណេះដឹងដែលមានភាពទូលំទូលាយផ្នែក STEM ព្រោះថៃត្រូវការកែលម្អប្រព័ន្ធអប់រំទាំងមូលរបស់ខ្លួន៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


