Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិបន្តហក់ឡើងខ្ពស់ លើស ១១០ ដុល្លារ/បារ៉ែល

បានផុស

នៅ

តម្លៃអន្តរជាតិសំខាន់ៗហក់ឡើង​នៅពេលបិទការជួញដូរ​នៅ​ថ្ងៃពុធ និងបន្តកើនឡើងខ្ពស់នាថ្ងៃព្រហស្បតិ៍ (១៩ មីនា) នេះ បន្ទាប់ពីអ៊ីរ៉ង់បើកការវាយប្រហារលើទីតាំងថាមពលជាច្រើនទូទាំងមជ្ឈិមបូព៌ា ក្រោយអ៊ីស្រាអែលវាយប្រហារលើវាលទាញយកឧស្ម័ន South Pars របស់អ៊ីរ៉ង់ ដែលធ្វើឱ្យជម្លោះកាន់តែតានតឹងជាថ្មី។ ​នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បាន​កើនឡើង ៥,១០ ដុល្លារ ឬ ៤,៧៥% ដល់ ១១២,៥ ដុល្លារ/បារ៉ែល សម្រាប់ការជួញដូរ​ថ្ងៃព្រហស្បតិ៍ គិតត្រឹមម៉ោង ១០ ព្រឹក នៅទីក្រុងហុងកុង។

ដោយឡែក តម្លៃប្រេងអាមេរិក ម៉ាក WTI វិញ បាន​កើនឡើង ២, ៦៣ ដុល្លារ​ ឬ ២,៧៣% ដល់ ៩៨,៩៥ ដុល្លារ/បារ៉ែល គិតត្រឹមពេលដូចគ្នា។

ពេលបិទការជួញដូរថ្ងៃពុធ តម្លៃប្រេងម៉ាក Brent បាន​កើនឡើង ៣,៨% ខណៈតម្លៃ WTI បាន​កើនឡើងតិចតួចត្រឹម ០,១%។

បើតាមរ៉យទ័រ នេះគឺជាគម្លាតតម្លៃរវាង Brent និង WTI ធំបំផុតក្នុងរយៈពេល ១១​ ឆ្នាំ។ តម្លៃប្រេងរបស់អាមេរិក មិនហក់ឡើងដូច Brent ដោយសារតែសហរដ្ឋអាមេរិក​បញ្ចេញប្រេងពីស្ដុកបម្រុងរហូតដល់ទៅ ១៧០ លាន​បារ៉ែល ខណៈតម្លៃ Brent ហក់ឡើងដោយសារតែការវាយប្រហារលើទីតាំងថាមពលសំខាន់ៗនៅមជ្ឈិមបូព៌ា ក៏ដូចជាការបិទច្រកហ័រមូហ្ស។

កាលពីថ្ងៃពុធ ក្រុមហ៊ុនប្រេង និងឧស្ម័នរដ្ឋកាតា បាននិយាយថា ទីក្រុងឧស្សាហកម្ម Ras Laffan ដែលជាមជ្ឈមណ្ឌលថាមពល បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពី​រងការ​វាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។ អារ៉ាប៊ីសាអូឌីតឯណោះវិញ បាន​ឱ្យដឹងថា ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញមីស៊ីលផ្លោងជាច្រើនគ្រាប់ ដែលតម្រង់ទៅទីក្រុងរីយ៉ាដ ក៏ដូចជាដ្រូន ១ គ្រឿង ដែលតម្រង់ទៅកន្លែងផលិតឧស្ម័ននៅភាគខាងកើតប្រទេស។

ក្នុងថ្ងៃតែមួយដូចគ្នា អ៊ីរ៉ង់បានព្រមានថា ​ខ្លួន​នឹង​កំណត់គោលដៅវាយប្រហារលើទីតាំងថាមពលជាច្រើននៅ​អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា ​«ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ​»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់។

ការព្រមានរបស់អ៊ីរ៉ង់ កើតឡើងបន្ទាប់ពីអ៊ីស្រាអែលវាយប្រហារលើ​វាលឧស្ម័ន South Pars របស់អ៊ីរ៉ង់ ​ដោយធ្វើឱ្យ​ភាពតានតឹងនៃជម្លោះកើនឡើងកាន់តែខ្លាំង។

អ្នកជំនាញទីផ្សារបាន​និយាយថា ​ការវាយប្រហារនៅ South Pars បានជំរុញឱ្យតម្លៃប្រេង និងឧស្ម័ន​កើន​ឡើងរួចហើយ ហើយការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពល នឹងបន្តធ្វើឱ្យតម្លៃកើនឡើង។

គេមើលឃើញថា ជម្លោះអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បាន​រាំងស្ទះច្រកសមុទ្រហ័រមូហ្ស ដែលជាផ្លូវដឹកប្រេង និងឧស្ម័នធម្មជាតិពង្រាវប្រហែល ២០% នៃតម្រូវការប្រចាំថ្ងៃរបស់សកល។ មកទល់ពេលនេះ ជម្លោះបាន​ធ្វើឱ្យ​ផលិតកម្មប្រេងនៅមជ្ឈិមបូព៌ាធ្លាក់ចុះប្រមាណ ៧-១០ លាន​បារ៉ែល/ថ្ងៃ ពោលគឺប្រហែល ៧-១០% នៃតម្រូវការសកល៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម