Connect with us

សេដ្ឋកិច្ច

ភាពតានតឹងនៅសមុទ្រក្រហម គំរាមកំហែងដល់សេដ្ឋកិច្ច អាស៊ី បណ្តាលឲ្យទំនិញឡើងថ្លៃ

បានផុស

នៅ

ក្រុមហ៊ុនស្រាវជ្រាវ EIU បានព្រមានថា ភាពតានតឹងនៅសមុទ្រក្រហម អាចពន្យឺតកំណើនសេដ្ឋកិច្ចរបស់ទ្វីបអាស៊ី ហើយថែមទាំងបង្កអតិផរណានៅទីនេះទៀតផង ជាពិសេសនៅប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីតែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Bloomberg)

ការវាយប្រហាររបស់ក្រុមហ៊ូទី លើកប៉ាល់ដឹកទំនិញនៅសមុទ្រក្រហម បានកាត់បន្ថយចរាចរណ៍ដឹកជញ្ជូនតាមព្រែកជីកស៊ុយអេ ហើយបើយោងតាមទិន្នន័យពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF), ក្នុងរយៈពេលត្រឹមតែពីរខែដំបូងនៃឆ្នាំនេះ សកម្មភាពពាណិជ្ជកម្មនៅទីនោះ បានថយចុះ៥០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នេះគឺជាផ្លូវសមុទ្រជិតបំផុតរវាងអឺរ៉ុបនិងអាស៊ី ដែលរួមចំណែក១៥% នៃពាណិជ្ជកម្មសមុទ្រពិភពលោក ប៉ុន្តែដើម្បីចៀសវាងការវាយប្រហារ កប៉ាល់ដឹកទំនិញទាំងឡាយ ត្រូវប្តូរទិសដៅ ដើម្បីធ្វើដំណើរទៅជុំវិញឆកសមុទ្រ Good Hope ក្នុងទ្វីបអាហ្វ្រិកវិញ ជាហេតុបណ្តាលឲ្យបន្លាយពេលវេលាដឹកជញ្ជូនជាមធ្យម១០ថ្ងៃ ដែលធ្វើឲ្យប៉ះពាល់ដល់សង្វាក់ពាណិជ្ជកម្មខ្លាំងមែនទែន។

(រូបថត៖ Anadolu)

របាយការណ៍របស់ EIU បង្ហាញថា រឿងបែបនេះ អាចពន្យឺតកំណើនសេដ្ឋកិច្ចរបស់អាស៊ី និងបង្កអតិផរណានៅទីនេះ។ ការនាំចេញរបស់បណ្តាប្រទេសអាស៊ី បានរងផលប៉ះពាល់រួចទៅហើយចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ដោយសារតម្រូវការចុះខ្សោយពីប្រទេសលោកខាងលិច។ ដូច្នេះហើយ ការវាយប្រហារនាពេលថ្មីៗនេះ លើកប៉ាល់ដឹកទំនិញ នឹងដាក់សម្ពាធមួយកម្រិតថែមទៀតលើសេដ្ឋកិច្ច ដែលពឹងផ្អែកខ្លាំងទៅលើការនាំចេញ ជាពិសេសបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈប្រទេសដែលរងផលប៉ះពាល់ខ្លាំងជាងគេគឺឥណ្ឌូណេស៊ី ថៃ និងម៉ាឡេស៊ី។

តាមការគណនារបស់ EIU, ការដឹកជញ្ជូនទំនិញពីអឺរ៉ុបទៅកាន់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើមឡើយត្រូវចំណាយពេលត្រឹមតែ៣២ថ្ងៃប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីក្រុមហ៊ូទីបើកប្រតិបត្តិការវាយប្រហារមក បច្ចុប្បន្នវាត្រូវចំណាយពេលដល់ទៅ៥៦ថ្ងៃឯណោះ។ ចំណែកពេលវេលាដឹកជញ្ជូនទៅកាន់ប្រទេសចិន ក៏កើនពី៤២ទៅ៥៥ថ្ងៃដែរ។

(រូបថត៖ Thailand Business)

នៅខែមករាឆ្នាំ២០២៤ ក្រុមហ៊ុន Oxford Economics បង្ហាញថា តម្លៃដឹកជញ្ជូនកុងតឺន័រឥឡូវនេះគឺខ្ពស់ជាងកាលពីដើមខែធ្នូដល់ទៅទ្វេដងឯណោះ ហើយការកើនឡើងថ្លៃដឹកជញ្ជូននឹងប៉ះពាល់ដល់ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី ជាពិសេសប្រទេសដែលពឹងផ្អែកលើការនាំចូលអាហារ ដូចជាឥណ្ឌា និងប៉ាគីស្ថានជាដើម។

យោងតាម EIU, ការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់និងការកាត់បន្ថយតម្រូវការសម្រាប់ទំនិញប្រើប្រាស់ អាចបណ្តាលឲ្យកំណើនសេដ្ឋកិច្ចរបស់អាស៊ីធ្លាក់ចុះពី ០.២% ទៅ ០.៥% នៅឆ្នាំ២០២៤។ ទន្ទឹមនោះ អតិផរណានៅក្នុងតំបន់នេះ ក៏ត្រូវបានគេព្យាករថា នឹងកើនឡើង០.៤%ផងដែរ ហើយការកើនឡើងនៃអតិផរណាក្នុងល្បឿនយ៉ាងលឿននេះហើយ នឹងនាំឲ្យធនាគារកណ្តាលនៅក្នុងប្រទេសហ្វីលីពីន អូស្ត្រាលី និងឥណ្ឌា ពិបាកក្នុងការព្យាយាមកាត់បន្ថយអត្រាការប្រាក់។

(រូបថត៖ The Hans India)

មិនត្រឹមតែមានផលប៉ះពាល់ដល់ការដឹកជញ្ជូនប៉ុណ្ណោះទេ, ភាពតានតឹងនៅសមុទ្រក្រហម ក៏បណ្តាលឲ្យសកម្មភាពវិនិយោគនៅអាស៊ី អាចរងផលប៉ះពាល់ផងដែរ។

សូមបញ្ជាក់ជាថ្មី ក្រុមហ៊ូទី ដែលតាំងខ្លួនជារដ្ឋាភិបាលនៃប្រទេសយេម៉ែន បានចាប់ផ្តើមកំណត់គោលដៅលើកប៉ាល់មានទំនាក់ទំនងជាមួយអ៊ីស្រាអែលកាលពីចុងខែតុលា ដើម្បីតវ៉ាចំពោះប្រតិបត្តិការយោធាប្រឆាំងនឹងប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ ពួកគេ បានតម្រង់មុខព្រួញជាពិសេសលើនាវាអាមេរិកនិងអង់គ្លេសនៅក្នុងខែមករា បន្ទាប់ពីប្រទេសទាំងពីរនេះ បើកការវាយប្រហារតាមផ្លូវអាកាស និងមីស៊ីលប្រឆាំងយេម៉ែន៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លើកដំបូង! ក្រុមហ៊ូធី វាយប្រហារកប៉ាល់ពាណិជ្ជកម្ម បណ្តាលឲ្យមាននាវិកស្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម