សេដ្ឋកិច្ច
កម្ពុជាលើកទឹកចិត្តដល់វិនិយោគិនតួកគីចាប់ឱកាសពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែល កម្ពុជាកំពុងអនុវត្ត
ប្រមុខការទូតនៃកម្ពុជាបានអំពាវនាវឱ្យពាណិជ្ជករនិងវិនិយោគិនតួកគីមកពិនិត្យលទ្ធភាពក្នុងការពង្រីកអាជីវកម្ម និងការវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាកំពុងតែអនុវត្ត។
ការអំពាវនាវនេះត្រូវបានធ្វើឡើងដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្ដាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទៅកាន់ឯកឧត្តម Mustafa Tuzcu អនុរដ្ឋមន្ត្រីពាណិជ្ជកម្ម នៃសាធារណរដ្ឋតួកគីកាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅនេះក្នុងកម្មវិធីអាហារថ្ងៃត្រង់ធុរកិច្ចកម្ពុជា-តួកគី ដែលមានការចូលរួមពីធុរជនប្រមាណជាង ៣០រូប។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានលើកឡើងថា៖«ក្រុមហ៊ុនតួកគីស្វែងរកឱកាសវិនិយោគលើវិស័យសក្តានុពលនានានៅកម្ពុជា ដូចជាវិស័យទេសចរណ៍ កសិកម្ម ការកែច្នៃម្ហូបអាហារ ឡូជីស្ទីក ការគ្រប់គ្រងសណ្ឋាគារ និងសំណង់ និងជ្រើសរើសកម្ពុជាជាច្រកដ៏សំខាន់មួយ ក្នុងការពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាទីផ្សារពាណិជ្ជកម្មមួយដ៏ធំ ក្រោមក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងកិច្ចព្រមព្រៀងស្ដីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលមានស្រាប់»។
កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន ១៤ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី។
កិច្ចប្រជុំដែលដឹកនាំដោយ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងគោលបំណងពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងកំណត់ហេតុរួម សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ។

យោងតាមក្រសួងពាណិជ្ជកម្ម ក្នុងកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ននេះ មានវិស័យអាទិភាពមួយចំនួនត្រូវបានលើកយកមកពិភាក្សា រួមមាន ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូច និងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត។
ក្រសួងបានបញ្ជាក់ថា ៖«កិច្ចប្រជុំនេះធ្វើឡើងក្នុងន័យជំរុញ និងទាញអត្ថប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី ស្របតាមគោលនយោបាយស្ដារ និងអភិវឌ្ឍន៍សេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីការរងវិបត្តិសកលកូវីដ១៩»។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង ធ្លាប់បានលើកឡើងថា តួកគី គឺជាទីផ្សារមានសក្តានុពលមួយរបស់កម្ពុជា ដោយតាមរយៈប្រទេសតួកគី ផលិតផលកម្ពុជាមួយចំនួនក៏អាចបន្តឆ្លងចូលទៅទីផ្សារតំបន់អឺរ៉ុប និងអាស៊ីផងដែរ( ប្រទេសតួកគីមានភូមិសាស្រ្តនៅជាប់ទ្វីបអឺរ៉ុប និងអាស៊ី)។ ទំហំពាណិជ្ជកម្ម និងកិច្ចសហការរវាងប្រទេសទាំង ២ នឹងមានទំហំកាន់តែធំ ខណៈកាលពីឆ្នាំ២០១៨ អតីតនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូកម្ពុជាទៅធ្វើទស្សនកិច្ច និងចុះកិច្ចព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគី និងលើវិស័យមួយចំនួននៅប្រទេសតួកគី ផងដែរ។
លោកបានថ្លែងថា៖«កិច្ចប្រជុំគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគីនាថ្ងៃ១០-១១ ខែមករា នឹងមានថ្នាក់ដឹកនាំរដ្ឋាភិបាលតួកគី អ្នកតំណាងសមាគមពាណិជ្ជកម្ម និងអ្នកជំនួញធំៗមកពីប្រទេសតួកគីចូលរួម។ ក្នុងអំឡុងពេលនោះក៏នឹងមានជំនួបរវាងតំណាងសភាពាណិជ្ជកម្មនៃប្រទេសទាំង ២ ផងដែរ ដើម្បីជំរុញការនាំចេញ-នាំចូលទ្វេភាគីបន្ថែមទៀត»។
ទិន្នន័យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-តួកគី រយៈពេល១១ខែឆ្នាំ២០២២ មានទឹកប្រាក់សរុប ១៣៦,១៥លានដុល្លារ កើនឡើង ៦៣,៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះទំនិញដែលកម្ពុជានាំទៅតួកគីមានដូចជា សម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើដំណើរ អង្ករ ចំណែកទំនិញនាំពីតួកគី រួមមាន ម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក និងទំនិញដទៃទៀត។
ក្រសួងពាណិជ្ជកម្មឱ្យដឹងទៀតថា សម្រាប់រយៈពេល៥ឆ្នាំ គឺពីឆ្នាំ២០១៧-២០២១ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ មានទឹកប្រាក់សរុប ៤៦២,៦៣លានដុល្លារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


