ព័ត៌មានអន្ដរជាតិ
តម្លៃប្រេងធ្លាក់ចុះពេលបើកការជួញដូរ ក្រោយពេល ត្រាំ ទទូចឱ្យ OPEC ទម្លាក់តម្លៃប្រេង
តម្លៃប្រេងបានធ្លាក់ចុះជាង ១ ភាគរយ សម្រាប់ការជួញដូរនៅលើទីផ្សារអាស៊ីនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានទទូចទាមទារឱ្យអង្គការនៃប្រទេសនាំចេញប្រេងកាត (OPEC) ទម្លាក់តម្លៃប្រេង បន្ទាប់ពីលោកប្រកាសផែនការបង្កើនផលិតកម្មប្រេងនៅអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានធ្លាក់ចុះ ៨៧ សេន ឬ ១,១១ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៧,៦៣ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក ម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ៨៩ សេន ឬ ១,១៩ ភាគរយ ដោយជួញដូរនៅតម្លៃ ៧៣,៧៧ ដុល្លារ/បារ៉ែល។
កំណើននៃតម្លៃជួញដូរព្រឹកថ្ងៃចន្ទនេះ ជំរុញដោយការទាមទារជាថ្មីរបស់លោក ត្រាំ កាលពីថ្ងៃសុក្រ ឱ្យ OPEC ទម្លាក់តម្លៃប្រេង ដើម្បីបំបាក់វិស័យហិរញ្ញវត្ថុរុស្ស៊ី ហើយឆ្ពោះទៅរកការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
លោក ត្រាំ បាននិយាយថា៖ «វិធីមួយដើម្បីបញ្ឈប់វាឱ្យបានឆាប់រហ័ស គឺឱ្យ OPEC ឱ្យឈប់កើបលុយច្រើនពេក ហើយទម្លាក់តម្លៃប្រេង។ នោះសង្គ្រាមនឹងបញ្ឈប់ភ្លាមៗ»។ លោកក៏បានព្រមានផងដែរ ឱ្យរុស្ស៊ី និងប្រទេសចូលដៃជើងជាមួយរុស្ស៊ី រកដំណោះស្រាយបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែន បើមិនដូច្នោះទេ ពួកគេនឹងរងពន្ធគយ និងទណ្ឌកម្មថ្មីធ្ងន់ធ្ងរ។

មកទល់ពេលនេះ OPEC មិនទាន់ប្រតិកម្មយ៉ាងណាទៅនឹងសំណើររបស់ ត្រាំ នោះទេ។ ហើយបើទោះបីជាយ៉ាងណាក៏ដោយ អ្នកវិភាគមើលឃើញថា ការធ្លាក់ចុះនៃតម្លៃប្រេងនៅតែមានកំណត់ ចំពេលដែលទណ្ឌកម្មលើរុស្ស៊ីអាចរឹតត្បឹតការផ្គត់ផ្គង់។
នាពេលនេះ វិនិយោគិនក៏រំពឹងទុកពីការរំខានផ្នែកពាណិជ្ជកម្មបន្ថែមទៀត ក្រោយលោក ត្រាំ បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់វិធានការសងសឹកទ្រង់ទ្រាយធំលើកូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសនេះបានបដិសេធមិនឱ្យចុះចត នូវយន្តហោះយោធាអាមេរិក២គ្រឿងដែលដឹកជនអន្តោប្រវេសន៍សម្រាប់ការនិរទេស។
ទិន្នន័យពីក្រុមហ៊ុនវិភាគ Kpler បានបង្ហាញថា សហរដ្ឋអាមេរិកគឺជាអតិថិជនធំបំផុតនៃការនាំចេញប្រេងឆៅតាមសមុទ្ររបស់កូឡុំប៊ី ក្នុងបរិមាណ ១៨៣ ០០០ បារ៉ែល/ថ្ងៃ ក្នុងឆ្នាំ ២០២៤ ឬ ៤១ ភាគរយ នៃការនាំចេញប្រេងរបស់កូឡុំប៊ី៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


