Connect with us

ព័ត៌មានអន្ដរជាតិ

តើបញ្ហាសកល​ធំៗ​អ្វីខ្លះ ដែលជះឥទ្ធិពល​លើតម្លៃប្រេង និងមាសអន្តរជាតិ បច្ចុប្បន្ន?

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិ​បាន​កើនឡើងតិចតួចនៅពេលបើក​លក់នាព្រឹកថ្ងៃអង្គារនេះ ដោយ​ប្រេងម៉ាក Brent ត្រូវបាន​ជួញដូរនៅតម្លៃ ៦៧,១៦ ដុល្លារ/បារ៉ែល ខណៈដែលវិនិយោគិនកំពុងរងចាំមើលលទ្ធផលនៃការចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ដែលអាច​កាត់បន្ថយភាពតានតឹងពាណិជ្ជកម្ម ហើយបង្កើនតម្រូវការប្រេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកឯតម្លៃមាសវិញ ក៏មិនសូវជាប្រែប្រួលប៉ុន្មានដែរ។ តម្លៃមាស​ជួញដូរដោយផ្ទាល់ ​ឈរនៅ ៣ ៣០៧ ដុល្លារ/អោន ដោយ​ធ្លាក់ចុះ ៤,៦៩ ដុល្លារ ឬ ០,១៤ ភាគរយ គិតត្រឹមម៉ោង ១០ យប់ ថ្ងៃចន្ទ ម៉ោងនៅទីក្រុងញូវយ៉ក។

គេមើលឃើញថា តម្លៃមាសតែងកើនឡើងនៅពេលមានកំណើននៃការទិញ​សម្រាប់ទុនបម្រុង​របស់ធនាគារកណ្ដាល ជម្លោះភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្ម ការធ្លាក់ចុះនៃសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា​របស់សកលផ្សេងៗ ​ដែលជំរុញឱ្យ​តម្រូវការទ្រព្យសម្បត្តិសុវត្ថិភាពមួយ​នេះកើនឡើង។ ចំណែកឯតម្លៃប្រេងវិញ ជាធម្មតាកើនឡើងក្នុងបរិបទដែលសេដ្ឋកិច្ចមានភាព​រីកចម្រើន ដែលជំរុញតម្រូវការប្រេង កម្សោយផលិតកម្ម ឬបញ្ហាភូមិសាស្រ្តនយោបាយ ឬប្រដាប់អាវុធពាក់ព័ន្ធនឹងប្រទេសផលិត​ប្រេង​ ដែលរំខានដល់ការផ្គត់ផ្គង់ប្រេងជាដើម​។

តើបច្ចុប្បន្ន មានបញ្ហា​សកលអ្វីខ្លះ ដែលវិនិយោគិនកំពុងឃ្លាំមើលសម្រាប់ការជួញដូរទំនិញអន្តរជាតិសំខាន់ៗទាំង២?

១. សង្រ្គាមពាណិជ្ជកម្មពន្ធគយ

ក្រោយឡើងកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីចុងខែមករា លោក ដូណាល់ ត្រាំ បាន​បំផ្ទុះសង្រ្គាមពាណិជ្ជកម្មសកល ដោយការដាក់ពន្ធលើម៉ិកស៊ិក កាណាដា និងចិន រួមជាមួយពន្ធលើដែកថែប អាលុយមីញ៉ូម និងរថយន្តនាំចូល ជាបន្តបន្ទាប់។

​ហើយ​ក្នុងចំណាត់​ការចាក់សាំងលើភ្លើងសង្រ្គាមពាណិជ្ជកម្ម លោក ត្រាំ នៅដើមខែមេសា បាន​ប្រកាស «ពន្ធគយបដិការ» ដោយ​កំណត់គោលដៅលើប្រទេស និងតំបន់ចំនួន ១៨០ ទូទាំងប្រទេស មុនពេលប្រកាសផ្អាកអនុវត្តវា ៩០ ថ្ងៃ ដើម្បីបើកផ្លូវចរចា។

ក្រោយការប្រកាសពន្ធនោះ បូករួមនឹងក្ដីបារម្ភពីលទ្ធភាពដែល OPEC+ (អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ព័ន្ធមិត្ត) បង្កើនផលិតកម្មផង​ តម្លៃប្រេងធ្លាក់ចុះរហូតដល់ក្រោយ ៦០ ដុល្លារ/បារ៉ែល ដែលជាកម្រិតទាបបំផុតរាប់តាំងពីឆ្នាំ ២០២១ ​ជុំវិញកង្វល់សេដ្ឋកិច្ច។ តម្លៃមាសវិញ បាន​ហក់ឡើងខ្ពស់កប់ពពកជាប្រវត្តិសាស្រ្តជាបន្តបន្ទាប់ រហូតដល់ ៣ ៥០០ ដុល្លារ/អោន នៅចុងខែមេសា។

បច្ចុប្បន្ននេះ វិនិយោគិនចាត់ទុកថាជាពេលវេលានៃភាពមិនប្រាកដប្រជានៃគោលនយោបាយពន្ធអាមេរិក​ ចំពេលដែលការចរចា​រវាងសហរដ្ឋអាមេរិក និងប្រទេសផ្សេងៗក្រៅពីចិន មាន​រយៈពេលរហូតដល់ថ្ងៃទី ៩ កក្កដា ខាងមុខ។ ការណ៍នេះ ធ្វើឱ្យតម្លៃប្រេង ឬមាស ប្រែប្រួលចុះឡើងទៅតាមការវិវត្តប្រចាំថ្ងៃ។

គិតត្រឹមថ្ងៃអង្គារ ទី ១០ មិថុនា នេះ តម្លៃប្រេងហាក់ប្រសើរឡើងដោយវិនិយោគិន​រងចាំមើលការចរចាពន្ធជុំថ្មីរវាងសហរដ្ឋអាមេរិក និងចិន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ភាគីជម្លោះ​ពាណិជ្ជកម្មដ៏ធំទាំង២ បាន​ព្រមព្រៀងគ្នាបន្ធូរបន្ថយភាពតានតឹងកាលពីពាក់កណ្ដាលឧសភា ដែលចាប់ពីពេលនេះមក​ បាន​ធ្វើឱ្យតម្លៃមាសធ្លាក់ចុះពីអត្រាខ្ពស់ មកត្រឹមជាង ៣ ៣០០ ដុល្លារ/អោន នាពេលបច្ចុប្បន្ន នៅពេលដែលហានិភ័យបានស្រាកស្រាន្ត។ ការព្រមព្រៀងគ្នាជាដុំកំភួនណាមួយរវាងមហាអំណាចសេដ្ឋកិច្ចពិភព​លោកទាំង២ដដែល ​នឹង​បង្កើនទស្សនវិស័យសេដ្ឋកិច្ចបែបសុទិដ្ឋិនិយមសម្រាប់សកល ហើយជំរុញតម្រូវការប្រេង​។

២. ជម្លោះភូមិសាស្រ្តនយោបាយ

បច្ចុប្បន្ន មាន​ជម្លោះភូមិសាស្រ្តនយោបាយ​ធំៗចំនួន២ ដែលវិនិយោគិនតាមដានយ៉ាងដិតដល់​សម្រាប់​ការជួញដូរប្រេង និងមាស ដែលក្នុងនោះរួមមានជម្លោះនៅមជ្ឈិមបូព៌ា និងសង្រ្គាមឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។

នៅមជ្ឈិមបូព៌ា អ្នកវិនិយោគិនបន្តឃ្លាំមើលលើការវិវត្តនៃការចរចាស្ដារឡើងវិញនៃកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ជាមួយសហរដ្ឋអាមេរិក​ និង​ការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ ក្នុងពេលដំណាលនោះ បច្ចុប្បន្ន ភាពតានតឹង​នៃសង្រ្គាមអ៊ុយក្រែននៅតែបន្តអូសបន្លាយ ក្រោមបរិបទដែលរុស្ស៊ីបន្តឈ្លានពាន/កាន់កាប់លើតំបន់ ៤ របស់អ៊ុយក្រែន (តំបន់ដូណេតស៍ លូហ្កង់ស្ក៍ ហ្សាប៉ូរីចា និងឃឺរសិន) ដែលខ្លួនកាត់យកនៅឆ្នាំ ២០២២ និងការវាយបករបស់អ៊ុយក្រែនចូលទៅក្នុងទឹកដីរុស្ស៊ី និងតំបន់គ្រីមៀរ ដែលរុស្ស៊ីកាត់យកខុសច្បាប់ក្នុងឆ្នាំ ២០១៤។

ជម្លោះភូមិសាស្រ្តនយោបាយទាំង២ បាន​រួមចំណែកដ៏សំខាន់លើកំណើនតម្លៃប្រេង និងមាស នាពេលកន្លងមក។ តំបន់មជ្ឈិមបូព៌ា គឺទីផលិតកម្ម​ និងដឹកជញ្ជូនប្រេងដ៏សំខាន់ ​ខណៈពិភព​លោកក៏ពឹងផ្អែកលើប្រេងរុស្ស៊ី ដែលរងទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិច ដោយសារតែការឈ្លានពានអ៊ុយក្រែន។ ហានិភ័យទាំងអស់នេះ បង្កផលប៉ះពាល់សេដ្ឋកិច្ច និងបង្កើតភាពមិនប្រាកដប្រជាផ្សេងៗ ដែលធ្វើឱ្យតម្រូវការមាសកើនឡើងផងដែរ។

៣. ផ្សេងៗ

ក្រៅតែពីសង្រ្គាមពាណិជ្ជកម្ម​ពន្ធគយ និងជម្លោះភូមិសាស្រ្តនយោបាយ វិនិយោគិនជួញដូរប្រេង និងមាស ក៏ឃ្លាំមើលពីបញ្ហាផ្សេងៗផងដែរ រួមទាំងគោលនយោបាយអត្រាការប្រាក់របស់ធនាគារកណ្ដាលសហព័ន្ធអាមេរិក តម្លៃប្រាក់ជួញដូរដុល្លារ ការកំណត់កូតាផលិតកម្មរបស់ OPEC+ និងស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសធំៗរួមមាន​អាមេរិក និងចិន​ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ៦ នាទីutes មុន

ម្តាយ Kris Wu ​ជាប់​គុក​ពី​បទ​ក្លែង​បន្លំ​ពន្ធ ខណៈ​កូនប្រុស​ប្រឈម​​នឹង​កាត់​ទោស​បន្ថែម

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

តើបញ្ហាសកល​ធំៗ​អ្វីខ្លះ ដែលជះឥទ្ធិពល​លើតម្លៃប្រេង និងមាសអន្តរជាតិ បច្ចុប្បន្ន?

ចរាចរណ៍១៨ នាទីutes មុន

ផ្ដើមពីរឿងចរាចរណ៍ ហៅអ្នកអន្តរាគមន៍មកជួយ បង្កជម្លោះតឹងសរសៃ.ក ជាមួយសមត្ថកិច្ច នៅខណ្ឌសែនសុខ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

កូរ៉េខាងជើង​ត្រៀម​បញ្ជូន​ពលករ​ជាង​ ២៨ ០០០​នាក់​ទៅ​ក្រៅប្រទេស ដើម្បី​ពង្រឹងទុនបំរុងរូបិយប័ណ្ណបរទេស

ព័ត៌មានជាតិ៣៦ នាទីutes មុន

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអូស្រ្តាលីផ្តល់ការព្យាបាលបញ្ហាភ្នែក រយៈពេល ៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម