ព័ត៌មានអន្ដរជាតិ
៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ ត្រាំ ត្រឡប់មកវិញហើយ
នៅសល់ពេលត្រឹមតែ ៦ ថ្ងៃទៀតប៉ុណ្ណោះ ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំណត់ថានឹងចូលជាធរមានវិញហើយ ក្រោយពីផ្អាកអស់រយៈពេល ៩០ ថ្ងៃ សម្រាប់ការចរចា។

មកទល់ពេលនេះ មានតែវៀតណាម និងចក្រភពអង់គ្លេសប៉ុណ្ណោះ ដែលសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ក្រោមបរិបទនៃពន្ធគយបដិការ ដែលរំពឹងថានឹងចូលជាធរមានជាថ្មីនៅថ្ងៃទី ៩ កក្កដា សប្ដាហ៍ក្រោយ។
មែនទែនទៅប្រទេសជិត ៩០ បានជាប់ពន្ធបដិការរបស់លោក ត្រាំ ពោលគឺពន្ធមានអត្រាខ្ពស់ជាង ១០ ភាគរយ។ ក្នុងនោះរួមមានទាំងសម្ព័ន្ធមិត្ត និងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិក ដូចជា សហភាពអឺរ៉ុប ជប៉ុន កូរ៉េខាងត្បូង និងស្ទើរគ្រប់ប្រទេសនៅអាស៊ីអាគ្មេយ៍ លើកលែងតែសិង្ហបុរីដែលជាប់ពន្ធមូលដ្ឋានត្រឹម ១០ ភាគរយ។
លោក ត្រាំ បានប្រកាសពន្ធបដិការ និងពន្ធមូលដ្ឋាន ក្នុងថ្ងៃជាមួយគ្នា (២ មេសា) ដោយពន្ធមូលដ្ឋានបានបន្តចូលជាធរមានតាំងតែពីថ្ងៃ ៥ មេសា ខណៈពន្ធបដិការបានចូលជាធរមាននៅថ្ងៃ ៩ មេសា ប៉ុន្តែត្រូវបានលោក ត្រាំ ប្រកាសពន្យារពេល ៩០ ថ្ងៃ ប៉ុន្មានម៉ោងក្រោយមក។
ចិន ដែលធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មដ៏តានតឹងជាមួយអាមេរិកក្រោយការប្រកាសពន្ធបដិការរបស់ ត្រាំ នោះ មិនជាប់កាលកំណត់ពន្យារពេលត្រឹមថ្ងៃ ៩ កក្កដា ដូចប្រទេសដទៃទៀតនោះឡើយ។ ព្រោះថា ក្រោយការចរចាគ្នា ចិន និងអាមេរិក បានព្រមព្រៀងគ្នានៅថ្ងៃទី ១២ ឧសភា លើការពន្យារពេលអនុវត្តពន្ធខ្ពស់កប់ពពករយៈពេល ៩០ ថ្ងៃ។

មកទល់ពេលនេះ គេឃើញមានប្រទេសនានាបន្តចរចាជាមួយនឹងសហរដ្ឋអាមេរិក។ ចំពេលដែលកាលកំណត់ឈានជិតមកដល់ លោក ត្រាំ បាននិយាយកាលពីសប្ដាហ៍មុនថា ៩ កក្កដា មិនមែនជាពេលសម្រេចពិតប្រាកដនោះទេ ដោយពន្ធបដិការអាចចូលជាធរមានជាថ្មីមុន ឬក្រោយនោះ ខណៈលោកបានត្អូញត្អែរថា ប្រទេសមួយចំនួនដូចជា ជប៉ុន និងសហភាពអឺរ៉ុប ពិបាកនឹងចរចាគ្នា។
ការថ្លែងរបស់លោក ត្រាំ បែបនេះធ្វើឡើង ខណៈរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent បាននិយាយមុននោះថា គ្រប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗរួមទាំងដៃគូពាណិជ្ជកម្មសំខាន់ៗរបស់អាមេរិកចំនួន ១៨ ប្រទេស អាចត្រូវបញ្ចប់ត្រឹមទិវាពលកម្មអាមេរិក (១ កញ្ញា)។
យ៉ាងណាមិញ ខណៈដែលប្រទេសមួយចំនួនទាមទារឱ្យមានការពន្យារពេលចរចាហួសថ្ងៃទី ៩ កក្កដា តួយ៉ាងដូចជាប្រទេសថៃ ជាដើមនោះ លោក ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា លោកគ្មានគម្រោងពិចារណាពន្យារពេលនោះទេ ខណៈបន្តការគំរាមកំហែងរបស់លោកក្នុងការកាត់ផ្តាច់កិច្ចចរចា និងកំណត់អត្រាពន្ធខ្ពស់លើប្រទេសមួយចំនួន រួមទាំងជប៉ុនផងដែរ។
លោកឆ្លើយនៅពេលត្រូវបានចោទសួរអំពីលទ្ធភាពនៃការពន្យារពេលចរចាជាមួយដៃគូពាណិជ្ជកម្ម យ៉ាងដូច្នេះថា៖ «អត់ទេ ខ្ញុំមិនគិតពីការផ្អាកនោះទេ។ ខ្ញុំនឹងសរសេរលិខិតទៅកាន់ប្រទេសជាច្រើន»។
មុននោះមួយថ្ងៃ លោក ត្រាំ បាននិយាយថា លិខិតនោះមានខ្លឹមសារ «អបអរសាទរ។ អ្នកនឹងជាប់ពន្ធ ២៥ ភាគរយ ឬ ៣៥ ភាគរយ ឬ ៥០ ភាគរយ ឬ ១០ ភាគរយ»៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


