ព័ត៌មានអន្ដរជាតិ
ថៃ៖ ការបិទច្រកព្រំដែនមីយ៉ាន់ម៉ាគំរាមកំហែងដល់ពាណិជ្ជកម្ម ៣,៩ ប៊ីលានដុល្លារ
កាសែត The Nation បានចុះផ្សាយដោយមិនបញ្ជាក់ឱ្យច្បាស់ជាលម្អិតថា ការបិទស្ពានព្រំដែនមិត្តភាពមីយ៉ាន់ម៉ា-ថៃ Mae Sot–Myawaddy 2 ដែលជាច្រកដឹកជញ្ជូនទំនិញសំខាន់រវាងប្រទេសទាំង២ កំពុងគំរាមកំហែងដល់ពាណិជ្ជកម្ម ១៣០ ប៊ីលានបាត ឬជាង ៣,៩ ប៊ីលានដុល្លារ។

កាសែតថៃដដែលមិនបានបញ្ជាក់យ៉ាងណាទេ ថាតើទំហំពាណិជ្ជកម្មនេះសំដៅលើការនាំចូលពីថៃទៅមីយ៉ាន់ម៉ា ឬក៏ជាទំហំពាណិជ្ជកម្មទ្វេភាគី ហើយស្ថិតនៅក្នុងរយៈពេលមួយណា។
ទោះបីបែបណាក៏ដោយ ចំណាត់ការបិទរបស់យោធាមីយ៉ាន់ម៉ាឥឡូវនេះ កំពុងបង្កក្ដីកង្វល់ខ្លាំងសម្រាប់អ្នកនាំចេញ និងអាជីវកម្មនៅតាមបណ្ដោយព្រំដែនថៃ-មីយ៉ាន់ម៉ា ដែលពឹងផ្អែកលើច្រក Mae Sot–Myawaddy 2 សម្រាប់ការនាំចេញ។ រថយន្តដឹកទំនិញប្រមាណ ៥០០ គ្រឿង ត្រូវបានជាប់ស្ទះនៅខាងថៃ។
សភាពាណិជ្ជកម្មថៃប្រចាំខេត្ត តាក់ ដែលជាខេត្តរបស់ក្រុង Mae Sot ឯណោះវិញ បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃការបិទព្រំដែន ដោយស្នើឲ្យក្រសួងពាណិជ្ជកម្មថៃចរចាជាបន្ទាន់ជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដើម្បីរកដំណោះស្រាយ។
គួររំឭកថា យោធាមីយ៉ាន់ម៉ាបានសម្រេចចិត្តបិទច្រកព្រំដែន Mae Sot–Myawaddy 2 ទាំងស្រុងកាលពីថ្ងៃចន្ទ ដោយមិនជូនដំណឹងជាមុនដល់អាជ្ញាធរថៃ ខណៈកាលពីសប្ដាហ៍មុន យោធាមីយ៉ាន់ម៉ាបានចាប់ផ្ដើមការរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូលពីថៃតាមច្រកព្រំដែនដដែល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ។

ចំណែកឯសារព័ត៌មានក្នុងស្រុកមីយ៉ាន់ម៉ា Burma News International ឯណោះវិញ បានរាយការណ៍កាលពីថ្ងៃចន្ទផងដែរថា រថយន្តដឹកទំនិញថៃត្រូវបានជាប់ស្ទះនៅត្រឹមក្រុង Mae Sot តាំងតែពីថ្ងៃ ៥ សីហា មកម្ល៉េះ ដោយរងចាំការអនុញ្ញាតឱ្យនាំចូលទៅមីយ៉ាន់ម៉ា ខណៈរបបយោធាបានហាមឃាត់ការនាំចូលទំនិញថៃ ៣៥ ប្រភេទ ដើម្បីពិនិត្យឡើងវិញនូវអាជ្ញាប័ណ្ណ ការអនុញ្ញាត និងនីតិវិធីពាក់ព័ន្ធទាំងអស់។
សារព័ត៌មានដដែលបានស្រង់សម្ដីពាណិជ្ជករនៅក្រុង Myawaddy ម្នាក់ដែលនិយាយថា៖ «ឥឡូវនេះ គេមិនអាចនាំទំនិញពី ថៃតាមស្ពានមិត្តភាព២ ឬតាមផ្លូវគេចពន្ធផ្សេងៗបានទៀតទេ។ ទំនិញមីយ៉ាន់ម៉ា នៅតែត្រូវបានអនុញ្ញាតឱ្យចូលទៅថៃ ប៉ុន្តែវាត្រូវតែស្ថិតនៅក្រោមកិច្ចសហប្រតិបត្តិការនៃក្រុមកម្លាំងប្រដាប់អាវុធដែលចុះចូលនឹងរបបយោធា»។
យោងតាមសារព័ត៌មានថៃ ដែលស្រង់សម្ដីពាណិជ្ជករក្នុងតំបន់ ការបិទព្រំដែន Mae Sot–Myawaddy 2 ត្រូវបានបញ្ជាពីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ក្នុងគោលបំណងផ្លាស់ប្ដូរលំហូរប្រាក់ចំណូលពាណិជ្ជកម្មតាមព្រំដែនទៅកាន់រដ្ឋ ជាជាងក្រុមប្រដាប់អាវុធក្នុងតំបន់។ ប៉ុន្តែស្ពានមិត្តភាព Mae Sot–Myawaddy 1 នៅតែបើកសម្រាប់ថ្មើរជើង និងការដឹកទំនិញធុនតូច។
យ៉ាងណាមិញ Mae Sot–Myawaddy 2 គឺជាផ្លូវចម្បងសម្រាប់ការនាំចូល និងនាំចេញទ្រង់ទ្រាយធំ ហើយការបិទវា បានបង្កឱ្យមានការរំខានយ៉ាងខ្លាំងដល់ក្រុមហ៊ុនដឹកជញ្ជូន និងឈ្មួញថៃជាពិសេស។

Burma News International បានផ្សាយថា នៅក្រុង Mae Sot ពាណិជ្ជករត្រូវបង្ខំចិត្តជួលឃ្លាំង ដើម្បីរក្សាទុកទំនិញនាំចេញទៅមីយ៉ាន់ម៉ា ហើយនៅតែបន្តបើកលុយឱ្យអ្នកបើកបរទោះបីជាមិនដំណើរការក៏ដោយ ដែលនេះបង្កជាបន្ទុកហិរញ្ញវត្ថុសម្រាប់ពួកគេនៅពេលចំណាយកាន់តែច្រើន។
លើសពីនេះ ទំនិញថៃដែលបានទៅដល់ក្រុង Myawaddy រួចហើយនោះ ក៏ត្រូវក្រុមយោធារឹតត្បឹតមិនឱ្យជួញដូរ ដែលតម្រូវឱ្យឈ្មួញជួលឃ្លាំង ដើម្បីរងចាំមើលវិធានការបន្ថែម មុននឹងដឹកជញ្ជូនចូលជ្រៅទៅក្នុងប្រទេសមីយ៉ាន់ម៉ា។
មកទល់ពេលនេះ យោធាមីយ៉ាន់ម៉ាក៏មិនទាន់ប្រកាសថាខ្លួននឹងបញ្ចប់ការបិទរហូតដល់ពេលណានោះដែរ ប៉ុន្តែផលប៉ះពាល់ធ្ងន់ធ្ងរសម្រាប់ថៃអាចនឹងបន្ត។ គេមិនឃើញមានសេចក្ដីរាយការណ៍ណាមួយ ដែលបង្ហាញពីទំហំពាណិជ្ជកម្មទ្វេភាគីនៃច្រកព្រំដែន Mae Sot–Myawaddy 2 នៅឡើយទេ ប៉ុន្តែគេរាប់ចាត់ទុកថាវាជាច្រកព្រំដែនសំខាន់បំផុតមួយសម្រាប់ពាណិជ្ជកម្មតាមព្រំដែនគោករវាងប្រទេសទាំង២។
យោងតាមក្រុមសង្កេតការណ៍សេដ្ឋកិច្ចចម្រុះ (OEC) ក្នុងឆ្នាំ ២០២៣ ថៃបាននាំចេញទំនិញ ៤,៣១ ប៊ីលានដុល្លារទៅមីយ៉ាន់ម៉ា ដោយផលិតផលសំខាន់ៗរួមមានប្រេងចម្រាញ់ គ្រឿងភេសជ្ជៈ និងរថយន្ត។ នៅឆ្នាំដដែល មីយ៉ាន់ម៉ាបាននាំចេញទៅថៃវិញ ក្នុងទំហំទឹកប្រាក់ ៣,៤៤ ប៊ីលានដុល្លារ ដោយទំនិញសំខាន់ៗមានដូចជាហ្គាស LPG កប៉ាល់ និងពោត។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


