ជីវិតកម្សាន្ដ
តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?
អ្នកធ្វើការងារពាក់ព័ន្ធ នឹងគណនេយ្យភាពសង្គម បានលើកឡើងថា ការស៊ើបអង្កេតទៅលើករណីតារាកំប្លែង ខ្ញុង ដែលអំពាវនាវឲ្យមហាជនជួយខ្លួន ជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារអាមេរិក ដោយមូលហេតុក្ស័យធន ក្នុងការរកស៊ីដែលមិនច្បាស់លាស់នោះ គឺជាសិទ្ធិសម្រេចរបស់អាជ្ញាធរមានសមត្ថកិច្ច។ ការលើកឡើងនេះ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន បានចោទជាសំណួរថា តើតារាកំប្លែងរូបនេះ រកស៊ីអ្វីឲ្យពិតប្រាកដ ទើបជំពាក់គេរហូតដល់ជាង ៥៧ម៉ឺនដុល្លារយ៉ាងដូច្នេះ។ ម្យ៉ាងទៀត ក៏អ្នកលេងហ្វេសប៊ុកខ្លះទៀត ក៏លើកឡើងដែរថា តើពិតជាជំពាក់គេដោយសារតែរកស៊ីមែន ឬក៏ដោយសារយកលុយទាំងនោះ ទៅលេងល្បែងស៊ីសងណាមួយ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី១៩ ខែតុលានេះថា ចំពោះតារាកំប្លែង ខ្ញុង ផ្សាយផ្ទាល់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ឲ្យមហាជនជួយនាងម្នាក់ ១ដុល្លារ ខណៈជួបបញ្ហាជំពាក់បំណុលគេជាង ៥៧ម៉ឺនដុល្លារនោះ គឺអាជ្ញាធរមានសមត្ថកិច្ច ជាអ្នកសម្រេចថា គួរស៊ើបអង្កេត ឬមិនស៊ើបអង្កេត។

លោក សន ជ័យ មានប្រសាសន៍បន្តថា «រឿងនេះ ជារឿងរបស់អាជ្ញាធរទេ ការបង្ហាញ ការលើកឡើង របស់បុគ្គលម្នាក់ ដែលចេញមុខមកអំពាវនាវបែបនេះ បើយើងមើលទៅលើទិដ្ឋភាពសង្គម គេហៅថា វាគឺជាព្រឹត្តិការណ៍មួយ ក៏ប៉ុន្តែបើយើងមើលទៅលើ ការបង្ហាញ ការប្រកាសអំពីរឿងបំណុល បើសិនជាយល់ថា ការប្រកាសបែបនេះ អាជ្ញាធរមានការមន្ទិល ខ្ញុំគិតថា អាជ្ញាធរគួរតែពិនិត្យមើលលទ្ធភាព នៅក្នុងការស៊ើបអង្កេតដែរ ប៉ុន្តែបើសិនជាអាជ្ញាធរ មិនចាប់អារម្មណ៍ទេ អាហ្នឹងជារឿងរបស់គាត់»។
អ្នកជំនាញផ្នែកគណនេយ្យភាពសង្គម បានលើកឡើងបន្តថា ប្រសិនបើគេយល់ថា ការអំពាវនាវរកជំនួយពីមហាជនរបស់តារាកំប្លែង ខ្ញុង នេះ ធ្វើឲ្យមានការទាក់ទាញ ហើយនាំឲ្យមនុស្សប្រើប្រាស់ធនធានផ្ទាល់ខ្លួនខុស ក៏ជារឿងមួយ ដែលអាជ្ញាធរមានសមត្ថកិច្ច អាចបើកការស៊ើបអង្កេតបានដែរ តែលោកមិនហ៊ានសម្រេចចិត្ត ជំនួសអាជ្ញាធរនោះទេ។
លោក សន ជ័យ បានលើកឡើងបន្តថា «បើសិនជាអាជ្ញាធររដ្ឋ នៅក្នុងស្ថាប័នជំនាញយល់ថា ធ្វើអញ្ចឹងទៅអាចធ្វើឲ្យមានផលប៉ះពាល់ណាមួយ ដែលអាចកើតមានអីជាដើម អាហ្នឹងខ្ញុំគិតថា គឺទុកឲ្យអាជ្ញាធរជាអ្នកសម្រេច ប៉ុន្តែសម្រាប់យើងវិញ សម្រាប់ខ្ញុំវិញ ខ្ញុំគ្រាន់តែផ្ដល់ចំណេះដឹង ផ្ដល់ការចាប់អារម្មណ៍ ទៅដល់មហាជនទៅលើបញ្ហាប្រឈម ដែលកំពុងតែកើតមានសម្រាប់កម្ពុជា ខណៈដែលយើងមិនទាន់ច្បាស់លាស់ អំពីការវិវត្តទៅមុខ ឬក៏ដើរថយក្រោយនៃកូវីដ- ១៩»។
បន្ថែមពីលើនេះលោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានទាញការចាប់អារម្មណ៍របស់មហាជន ទៅលើការជួយទៅដល់ក្រុមគោលដៅ ដែលរងគ្រោះពិតប្រាកដ ដូចជា៖ អ្នករងគ្រោះដោយសារវិបត្តិជំងឺកូវីដ -១៩, អ្នករងគ្រោះដោយសារគ្រោះទឹកជំនន់, ការជួយទៅលើការផ្សព្វផ្សាយ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩, និងការជួយទៅលើផ្នែកសុខុមាភាពប្រជាជន, និងការជួយទៅលើការអប់រំបណ្ដុះបណ្ដាលជាដើម។
កាលពីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ម្សិលមិញ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង បានចេញមុខសារភាព តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុក រៀបរាប់ពីរឿងជំពាក់លុយគេជាង ៥៧ម៉ឺនដុល្លារអាមេរិក។ តារាកំប្លែង ខ្ញុង បាននិយាយថា បំណុលរបស់នាងជំពាក់គេ គិតមកដល់ពេលនេះ មានរយ:ពេល ៣ឆ្នាំហើយ ដោយសារក្ស័យធន ក្នុងការរកស៊ីដែលមិនច្បាស់លាស់។ អ្នកនាង ខ្ញុង ក៏បានបដិសេធដែរថា ការជំពាក់បំណុលគេដ៏ច្រើនបែបនេះ មិនមែនដោយសារតែការលេងល្បែងស៊ីសងនោះទេ។
បន្ទាប់ពីមានការអំពាវនាវយ៉ាងដូច្នេះ មានការគាំទ្រ និងផ្ដល់ថវិកាជាច្រើនជូនតារាកំប្លែងរូបនេះ។ អ្នកខ្លះបានបាញ់លុយ ១ដុល្លារ, ២ដុល្លារ, ៥ដុល្លារ, ២០ដុល្លារ, និងខ្លះទៀត ក៏មានរហូតដល់ ១០០ដុល្លារ ទៅ ២០០ដុល្លារថែមទៀត។ លើស ពីនេះទៀត មានម្ចាស់បំណុលខ្លះ ក៏បានលុបចោលបំណុល ដែលអ្នកនាង ខ្ញុង ជំពាក់ផងដែរ។
យ៉ាងណាក៏ដោយ ក៏មានអ្នកមិនគាំទ្រចំពោះការអំពាវនាវឲ្យមហាជន ជួយតារាកំប្លែងរូបនេះដែរ។ មិនគាំទ្រ ដោយសារតែកាលពីដើមឡើយ អ្នកនាង ខ្ញុង និងស្វាមី តែងតែបង្ហាញភាពហ៊ឺហារ ញ៉ាំម្ហូបឆ្ងាញ់ៗ ប្រើប្រាស់របស់របរថ្លៃៗ រស់នៅផ្ទះវីឡា និងមានរថយន្តទំនើបថែមទៀតផង។ ដូច្នេះ គេមិនគួរគាំទ្រនោះទេ ពីព្រោះតែនៅពេល ដែលមានលុយចាយ គិតតែពីចាយមិនចេះគិត តែដល់ជួបបញ្ហាជំពាក់បំណុលគេ បែរជាអំពាវនាវឲ្យមហាជនជួយខ្លួនទៅវិញ៕
អត្ថបទ៖ ឃួន សុភ័ក្រ




-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


