ជីវិតកម្សាន្ដ
ទឹកចិត្តគ្រូរបាំក្បាច់បុរាណ ដែលមហាជន សូម្បីតែសិស្សផ្ទាល់ ក៏មិនធ្លាប់ដឹង
មហាជនមានការស្ងើចសរសើរជាខ្លាំង រហូតទស្សនិកជនមួយចំនួនរំភើបហូរទឹកភ្នែក ពេលកំពុងទស្សនា ការសម្ដែងឈុតខ្លី ដកស្រង់ចេញពីល្ខោនក្បាច់បុរាណរឿង “ព្របាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” ក្នុងព្រឹត្តិការណ៍សម្ដែងសិល្បៈខ្មែរជាច្រើនទម្រង់ ក្នុងការឱកាសខួប ៣០ ឆ្នាំ នៃ វិទ្យាស្ថានវប្បធម៌បារាំង នៅចុងសប្ដាហ៍នេះ។ ការណ៍នេះ បានធ្វើឱ្យក្រុមអ្នករបាំ និងគ្រូដឹកនាំរំភើប និងថ្លែងអំណរគុណជាខ្លាំង រហូតគ្រូអ្នកដំឡើងរឿង ដឹកនាំរឿង និងបង្ហាត់ក្បាច់រាំ ព្រលយពាក្យក្នុងចិត្តដែលមិនធ្លាប់បញ្ចេញឱ្យសិស្សដឹង។

លោកស្រី ឱម យុវណ្ណឌី គ្រូទទួលបន្ទុកបច្ចេកទេស នៃសាលាសិល្បៈ នរោត្តម បុប្ផាទេវី និងជាអ្នកដឹកនាំរឿង និងដឹកនាំសម្តែង ល្ខោនព្រះរាជទ្រព្យ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២១ ខែមីនានេះថា លោកស្រីសូមអរគុណមហាជនដែលពេញចិត្ត ការសម្ដែងឈុតដកស្រង់ខ្លីនេះ ដោយលោកស្រីបញ្ជាក់ថា នៅមានឈុតល្អៗច្រើនទៀតនៅក្នុងសាច់រឿងពេញ។

ជាមួយគ្នានេះ មន្ត្រីចូលនិវត្តន៍ ដែលបច្ចុប្បន្នមានតួនាទីជា ទីប្រឹក្សាជំនួយការក្រសួង មានឋានៈស្មើ អគ្គនាយករង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រូបនេះ បានមានប្រសាសន៍សរសើរកូនសិស្សរបាំជាខ្លាំង ព្រោះពួកគាត់មិនមែនជាសិស្សសាលាវិចិត្រសិល្បៈទេ ដោយពួកគាត់ជាអ្នកធ្វើការ និងសិស្សនិស្សិតសាលាចំណេះដឹងទូទៅ ដែលត្រូវរវល់ការងារ ការសិក្សា ប៉ុន្តែខំមកហាត់រៀនរាំសិល្បៈបុរាណ។

អ្នកគ្រូរបាំក្បាច់បុរាណ វ័យជិត ៧០ឆ្នាំរូបនេះ មានប្រសាសន៍បន្តថា៖ “ខ្ញុំសរសើរ [សិស្សរបាំក្បាច់បុរាណ] ខ្ញុំទេអ្នកស្រក់ទឹកភ្នែក! ប៉ុន្មានថ្ងៃមុនសម្ដែងហ្នឹង យើងខំហាត់ទើសម៉ោង ៨យប់។ ពេលបង្ហាត់ពួកគាត់ ខ្ញុំឃើញពួកគាត់ខ្វះខាត ខ្ញុំខឹង ភ្លេចគិតថា ពួកគាត់ជាសិស្សមហាជន ព្រោះខ្ញុំធ្លាប់បង្ហាត់អ្នកជំនាញ អ្នកឯកទេស [របាំក្បាច់បុរាន]។ ដល់ឃើញគាត់ធ្វើមិនកើត ខ្ញុំស្ដីឱ្យខ្លាំងៗ តែពួកគាត់អត់ខឹង អត់មាត់កអី ដឹងតែប្រឹងហាត់”។

លោកស្រី ឱម យុវណ្ណឌី លើកឡើងបន្តថា៖ “ពួកគេនឹងអាចរាំបានល្អជាងហ្នឹងទៀត ព្រោះឥឡូវពួកគេនៅរាំមិនទាន់បានដូចចិត្តខ្ញុំចង់ទេ។ តែឱ្យបង្ខំគ្នាដូចចិត្តខ្ញុំម៉េចបាន? ព្រោះពួកគេមិនមែនជាអ្នកឯកទេសខាងរបាំបុរាណផង ហើយឆ្លៀតថ្ងៃសម្រាកមកហាត់រាំសិល្បៈវប្បធម៌កេរដូនតាពីខ្ញុំ តែចុងសប្ដាហ៍ ទើបបាន ៥-៦ ខែហ្នឹង។ តួព្រះនាងឥន្ទ្រទេវីធ្លាប់រៀនពីមុនដែរ តែក៏មិនមែនចេញពីសាលាវិចិត្រសិល្បៈទេ ឯតួព្រះបាទជ័យវរ្ម័នទី៧ ទើបហាត់បានពីរឆ្នាំហ្នឹងទេ។ ខ្ញុំអរគុណពួកក្មេងៗហ្នឹងមែនទែន”។

គួរបញ្ជាក់ថា ទស្សនីយភាពល្ខោនក្បាច់បុរាណ រឿង “ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី” នេះជាស្នាដៃសិល្បៈល្ខោនហ្លួង ឬល្ខោនព្រះរាជទ្រព្យ ឬល្ខោនក្បាច់បុរាណខ្មែរខ្នាតធំ បន្តពី ល្ខោនក្បាច់បុរាណ រឿង “ព្រះនាងឥន្ទ្រទេវី និងជ័យរាជទេវី” ដែលធ្លាប់ការគាំទ្រ និងលើកសរសើរជាខ្លាំងពីមន្ត្រីជាន់ខ្ពស់ បញ្ញវន្ត និងមហាជនគ្រប់ស្រទាប់។ ល្ខោនព្រះរាជទ្រព្យខ្នាតធំនេះ មានតួរហូតជាង ១៥០រូប គ្រោងសម្ដែងកាលពីថ្ងៃទី១២ ខែមីនាកន្លងទៅ ប៉ុន្តែត្រូវបានអាកខាន និងលើកពេលវិញ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។ បើទោះជា ក្រុមការងារបាន ជម្រាបទស្សនិកជនដែលបានជាវសំបុត្រហើយ ឱ្យមកប្ដូរយកថវិកាវិញក្ដី ក៏ទស្សនិកជនជាតិ និងអន្តរជាតិទាំងនោះ មិនព្រមប្ដូរ និងនៅរង់ចាំទស្សនា ល្ខោនក្បាច់បុរាណដ៏អស្ចារ្យនេះ នៅពេលស្ថានភាពការរាលដាលជំងឺកូវីដ-១៩ បានធូរស្បើយនាពេលខាងមុខ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


