ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ៖ អ៊ុយក្រែនត្រៀមខ្លួនប្រយុទ្ធបីឆ្នាំទៀត ប៉ុន្តែសង្ឃឹមថាសង្រ្គាមនឹងចប់ឆាប់ៗ
នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា អ៊ុយក្រែនត្រៀមបន្តប្រយុទ្ធជាមួយរុស្ស៊ីរយៈពេល២ទៅ ៣ឆ្នាំទៀត ប៉ុន្តែសង្ឃឹមថា សង្រ្គាមនឹងមិនអូសបន្លាយយូរទៀតទេ ដោយព្រមានថា ទាំងទីក្រុងកៀវ និងអឺរ៉ុប សុទ្ធតែប្រឈមមុខនឹងហានិភ័យសន្តិសុខកើនឡើង។

យោងតាមការចុះផ្សាយរបស់ Independent នាថ្ងៃចន្ទទី២៧ខែតុលា នៅក្នុងបទសម្ភាសន៍ជាមួយកាសែត The Sunday Times លោក Tusk បានរៀបរាប់ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រាប់គាត់ក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុនថា ខណៈដែលអ៊ុយក្រែននៅតែប្តេជ្ញាចិត្តការពារឯករាជ្យរបស់ខ្លួន ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីចំនួនអ្នកស្លាប់ ដែលសង្គ្រាមអូសបន្លាយអាចប៉ះពាល់ដល់ប្រជាជន និងសេដ្ឋកិច្ច។
លោក Tusk បានលើកឡើងថា «ខ្ញុំគ្មានការសង្ស័យទេ អ៊ុយក្រែននឹងរស់រានមានជីវិតជារដ្ឋឯករាជ្យមួយ។ ឥឡូវនេះ សំណួរចម្បងគឺថាតើមានជនរងគ្រោះប៉ុន្មាននាក់ដែលយើងនឹងឃើញ។ លោកប្រធានាធិបតីហ្សេលេនស្គី បានប្រាប់ខ្ញុំថា គាត់សង្ឃឹមថាសង្រ្គាមនឹងមិនមានរយៈពេល១០ឆ្នាំនោះទេ ប៉ុន្តែថាអ៊ុយក្រែនត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធសម្រាប់រយៈពេល២ទៅ៣ឆ្នាំទៀត»។
លោក Tusk បានព្រមានថា បណ្តាប្រទេសលោកខាងលិច រួមទាំងចក្រភពអង់គ្លេស មិនគួរមើលស្រាលទំហំនៃការឈ្លានពានរបស់រុស្ស៊ី ឬសន្មតថា ពួកគេត្រូវបានការពារពីជម្លោះនោះឡើយ។ លោកបានរិះគន់អ្វីដែលលោកបានពណ៌នាថាជាប្រតិកម្មស្ងាត់ៗរបស់ចក្រភពអង់គ្លេស ចំពោះការលួចដុតផ្ទះចាស់របស់នាយករដ្ឋមន្ត្រីអង់គ្លេសនាពេលថ្មីៗនេះដែលត្រូវបានចោទប្រកាន់ថាមានទំនាក់ទំនងនឹងប្រតិបត្តិការរុស្ស៊ី។
លោក Tusk បាននិយាយថា «បញ្ហាគឺថាគ្មាននរណាម្នាក់នៅក្នុងចក្រភពអង់គ្លេសភ្ញាក់ផ្អើលចំពោះរឿងនេះទេ។ និយាយដោយស្មោះត្រង់ ខ្ញុំមានការភ្ញាក់ផ្អើល បន្ទាប់ពីព័ត៌មានអំពីវាបានលេចចេញនៅក្នុងសារព័ត៌មានរបស់អង់គ្លេស តែការចាប់អារម្មណ៍មានតែលើការប្រកួតបាល់ទាត់ Arsenal-Liverpool ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើរុស្ស៊ីត្រៀមខ្លួន និងអាចរៀបចំអ្វីមួយដូចនេះ វាមានន័យថាពួកគេត្រៀមខ្លួនរួចរាល់ហើយ និងអាចធ្វើអ្វីៗបានទាំងអស់»។
លោកក៏បានព្រមានផងដែរថា មីស៊ីលបាលិស្ទិក Oreshnik ដែលមានល្បឿនលឿនជាងសំឡេងថ្មីរបស់រុស្ស៊ី បើដាក់ពង្រាយនៅប្រទេសបេឡារុស ឬទីក្រុង Kaliningrad អាចតម្រង់គោលដៅទៅលើរដ្ឋធានីអឺរ៉ុបណាមួយក៏បាន រួមទាំងទីក្រុងឡុងដ៍ ដោយសារវាមានរយៈចម្ងាយដល់២០០០ម៉ាយ។

លោក Tusk ដែលជាអ្នករិះគន់ដ៏យូរលង់លើប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានបន្ថែមថា «ការគំរាមកំហែងគឺមានលក្ខណៈជាសកល លើសពីអ្វីទាំងអស់ ដោយសារតែបច្ចេកវិទ្យា។ អ្នកមិនអាចរស់នៅក្រោមការបំភាន់ដ៏ផ្អែមល្ហែមយូរអង្វែងពេកទេថា វាមិនមែនជាសង្រ្គាមរបស់អ្នកទេ វាគ្រាន់តែជាសង្គ្រាមអ៊ុយក្រែន ឬប៉ូឡូញប៉ុណ្ណោះ»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


