Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ដាក់លក្ខខណ្ឌច្បាស់ៗថា សន្ធិសញ្ញា​នុយក្លេអ៊ែរ​ថ្មី ត្រូវតែបញ្ចូលចិន ដាច់ខាត

បានផុស

នៅ

ដ្បិតថា មិនទាន់មានការជជែកច្បាស់លាស់អំពីសន្ធិសញ្ញានុយក្លេអ៊ែរថ្មីដើម្បីយកមកជំនួស New START ក៏ដោយ ប៉ុន្តែពេលនេះ ភាគីអាមេរិក បានដាក់លក្ខខណ្ឌហើយថា បើពិតជាចង់បង្កើតសន្ធិសញ្ញាថ្មីមែននោះ គឺជារឿងចាំបាច់បំផុតដែលត្រូវដាក់ប្រទេសចិនចូលដែរដាច់ខាត ពោលគឺមិនអាច ធ្វើកិច្ចព្រមព្រៀងតែទីក្រុងវ៉ាស៊ីនតោននិងមូស្គូបានទេ។

(រូបថត៖ Gemini)

បើតាមសារព័ត៌មាន RT ដែលដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio កាលពីថ្ងៃព្រហស្បតិ៍ទី២៦ខែកុម្ភៈឆ្នាំ២០២៦, នឹងគ្មានកិច្ចព្រមព្រៀងអ្វីឡើយ បើអត់ទីក្រុងប៉េកាំង ចូលរួម។

លោក Rubio ប្រាប់អ្នកកាសែតថា៖ «តាមយើងគិត ក្នុងសតវត្សរ៍ទី២១នេះ ដើម្បីឲ្យមានកិច្ចព្រមព្រៀងត្រួតពិនិត្យអាវុធពិតប្រាកដមួយកើតឡើងទៅបាន នោះចាំបាច់ត្រូវតែមានការចូលរួមពីប្រទេសចិន។ លោកប្រធានាធិបតីត្រាំ ជឿជាក់យ៉ាងមុតមាំថា ដើម្បីឲ្យរាល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរក្នុងសតវត្សរ៍ទី២១នេះ មានភាពស្របច្បាប់ គឺត្រូវតែមានការចូលរួមពីប្រទេសទាំងបី៖ អាមេរិក រុស្ស៊ី និងចិន»។

រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio (រូប៖ Reuters)

ទន្ទឹមនោះ ទោះលោក Rubio ទទួលស្គាល់ថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំង នៅមានទំហំតូចជាងឆ្ងាយ បើធៀបនឹងឃ្លាំងអាវុធរបស់រុស្ស៊ីនិងសហរដ្ឋអាមេរិកក៏ដោយ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះជឿថា ចិនពិតជាមានសមត្ថភាពក្នុងការដេញតាមឲ្យទាន់។

មុននេះ ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Christopher Yeaw ក៏បានជួបពិភាក្សាជាមួយប្រតិភូរុស្ស៊ីនិងមន្ត្រីចិនរួចហើយដែរ។ គោលដៅរបស់អាមេរិកគឺចង់​ឲ្យ​មានកិច្ចព្រមព្រៀងពហុភាគីដែលរួមបញ្ចូលទាំង​ប្រទេសចិន ខណៈ​ក្រុង​វ៉ាស៊ីនតោនយល់ថា ចិនកំពុងពង្រីកឃ្លាំងអាវុធរបស់ខ្លួនយ៉ាងលឿន និងខ្វះតម្លាភាព។

(រូបថត៖ Nikkie Asia)

សូមជម្រាបជាថ្មី ប្រទេសរុស្ស៊ី ប្រកាសជាផ្លូវការថា សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ «New START» ជាមួយអាមេរិក បានចប់ជាស្ថាពរនៅថ្ងៃពុធទី៥ខែកុម្ភៈឆ្នាំ២០២៦ដែលធ្វើឲ្យពិភពលោក ព្រួយបារម្ភអំពីការប្រកួតប្រជែងនិងការប្រើប្រាស់សព្វាវុធសាហាវៗ ដោយមិនអាចគ្រប់គ្រងបាន។

New START គឺជាសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយបង្អស់ដែលនៅសេសសល់រវាងអាមេរិក និងរុស្ស៊ី។ សន្ធិសញ្ញានេះ ដាក់កំហិតឲ្យប្រទេសនីមួយៗមានក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រមិនឲ្យលើសពី ១ ៥៥០ គ្រាប់ និងមីស៊ីលឆ្លងទ្វីប (ICBM) មិនឲ្យលើសពី ៧០០ គ្រាប់នោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម