ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល អាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ នៅប៉ុន្មានខែទៀត
តាមព័ត៌មានដែលទទួលបានដោយ Wall Street Journal និង Washington Post បានបង្ហាញថា អ៊ីស្រាអែលអាចវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងរង្វង់៦ខែទៀតនៃឆ្នាំ២០២៥នេះ។

ដ្បិតមិនបកស្រាយលម្អិត តែប្រភពខាងលើអះអាងថា របាយការណ៍នានាត្រូវបានទីភ្នាក់ងារចារកម្មអាមេរិក លាតត្រដាងជាបន្តបន្ទាប់ ដែលបង្ហាញថា មេដឹកនាំអ៊ីស្រាអែល កំពុងពិចារណាវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ក្នុងឆ្នាំនេះតែម្តង។ ក្នុងនោះរោងចក្រធំទាំង២ដូចជា Fordow និង Natanz អាចនឹងត្រូវកំណត់គោលដៅក្នុងរង្វង់ពេល៦ខែដំបូងនៃឆ្នាំ២០២៥។
ចំពោះការវាយប្រហារវិញ អ៊ីស្រាអែល អាចបាញ់មីស៊ីលបាលីស្ទិកចេញពីខាងក្រៅដែនអាកាសអ៊ីរ៉ង់ ឬអាចទម្លាក់គ្រាប់បែកពីយន្តហោះចម្បាំង ហើយអ្វីដែលសំខាន់គឺថា ប្រតិបត្តិការនោះក៏អាចមានជំនួយពីសហរដ្ឋអាមេរិកផងដែរ។
ម្យ៉ាងវិញទៀត ប្រភពដដែលលើកឡើងថា ពេលនេះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងមានទំនុកចិត្តខ្ពស់មែនទែនចំពោះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ព្រោះជឿជាក់ថា បុរសម្នាក់នេះ មានការគាំទ្រអ៊ីស្រាអែល ម៉ឺងម៉ាត់ជាងលោក ចូ បៃដិន ទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះ ភាគីខាងអ៊ីស្រាអែល មិនទាន់ចេញមុខនិយាយអ្វីនោះទេ។
ប្រសិនបើការវាយប្រហារនេះកើតឡើងមែននោះ ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ានឹងកាន់តែក្តៅរោលរាលជាក់ជាមិនខានឡើយ ព្រោះ អ៊ីរ៉ង់បានព្រមានរួចទៅហើយថា សង្គ្រាមធំច្បាស់ជានឹងផ្ទុះឡើងបើសិនជាទីក្រុងហ្ស៊េរុយសាឡិម បើកការវាយប្រហារទីក្រុងតេហេរ៉ង់។
សូមជម្រាបថា កាលពីឆ្នាំ២០២៤ អ៊ីរ៉ង់និងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នាជាច្រើនលើកច្រើនសា ធ្វើឲ្យស្ថានការណ៍ក្នុងតំបន់មជ្ឈិមបូព៌ាឡើងកម្តៅ ប្រៀបបាននឹងគ្រាប់បែករៀបនឹងផ្ទុះ។

នៅថ្ងៃទី១ខែមេសា អ៊ីស្រាអែលបានវាយប្រហារតាមអាកាស លើស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុង ដាម៉ាស នៃប្រទេសស៊ីរី បណ្តាលស្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ពីរនាក់ និងមន្រ្តីកងឆ្មាំបដិវត្តឥស្លាម (IRGC) ជាច្រើននាក់ទៀត។
១២ថ្ងៃក្រោយមក អ៊ីរ៉ង់ក៏សងសឹកវិញ ដោយបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង និងមីស៊ីលរាប់រយគ្រាប់ បាញ់សន្ធាប់លើអ៊ីស្រាអែល ក្នុងទំហំដែលគេមិនធ្លាប់ឃើញពីមុន។

លុះមកដល់ថ្ងៃទី៣១ខែកក្កដា មេដឹកនាំនយោបាយក្រុមហាម៉ាសលោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុងតេហេរ៉ង់ ក្នុងការវាយប្រហារដែលគេសន្មតថាជាស្នាដៃអ៊ីស្រាអែល។
នៅថ្ងៃទី១ខែតុលា អ៊ីរ៉ង់បានបើកការវាយប្រហារដោយផ្ទាល់ជាលើកទីពីរលើអ៊ីស្រាអែល ដោយបាញ់មីស៊ីលផ្លោងប្រមាណ២០០គ្រាប់។ យ៉ាងណា នៅថ្ងៃទី២៦ខែតុលា អ៊ីស្រាអែលក៏បើកការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់វិញ ដោយបង្កការខូចខាតយ៉ាងដំណំលើបន្ទាយទ័ព៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ក៏ដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្ស UN តាមអាមេរិក ដែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


