Connect with us

ព័ត៌មានជាតិ

ជប៉ុនសន្យាបន្តពូនជ្រុំកិច្ចសហប្រតិបត្តិការយោធាជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត

បានផុស

នៅ

ជប៉ុនសន្យាបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយកម្ពុជាឱ្យកាន់តែខ្លាំងក្លាថែមទៀត។ ការសន្យានេះបានធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់នៃកងស្វ័យការពារជើងគោកជប៉ុន លោកឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី ក្នុងជំនួបសន្ទនាជាមួយអគ្គមេបញ្ជាកងទ័ពកម្ពុជា កាលពីថ្ងៃទី៧ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី (SUENAGA MASANORI) អគ្គនាយកអគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយ នៃកងស្វ័យការពារជើងគោកជប៉ុន សុទ្ធតែបានបង្ហាញនូវនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន។

ក្នុងរយៈពេល៧២ឆ្នាំនៃចំណងការទូតកម្ពុជា និងជប៉ុន នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការចូលរួមចំណែកស្វែងរកសន្ដិភាពនៅកម្ពុជា ការស្ដារ និងកសាងប្រទេសកម្ពុជាឡើងវិញ ព្រមទាំងការរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើន រាប់ទាំងទៅលើវិស័យយោធា។

នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បានថ្លែងអំណរគុណដល់កងស្វ័យការពារជប៉ុន ដែលបានជួយឧបត្ថម្ភជាសម្ភារៈ គ្រូ និងកម្មវិធីសិក្សានានាដល់សាលាពហុជំនាញកងទ័ពកម្ពុជា ដែលកំពុងដំណើរការស្ថាបនា ទាំងជំនាញវិទ្យុទាក់ទង និងជំនាញគីមីសាស្ត្រ។

លោកអគ្គមេបញ្ជាការ ក៏បានស្នើដល់ភាគីជប៉ុន បង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងការផ្លាស់ប្ដូរទស្សនកិច្ច ការផ្លាស់ប្ដូរព័ត៌មានទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ជួញដូរអាវុធ ជួញដូរគ្រឿងញៀន បទល្មើសព័ត៌មានវិទ្យា អំពើភេរវកម្ម ការងារមនុស្សធម៌ ការសង្គ្រោះគ្រោះមហន្តរាយ និងការធ្វើលំហាត់ហ្វឹកហ្វឺនរួម ជាដើម។

ជាការឆ្លើយតប លោកឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី បានសន្យាថានឹងពាំនាំនូវសំណើរបស់កម្ពុជា ដើម្បីជម្រាបជូនថ្នាក់ដឹកនាំជប៉ុន ចំពោះការប្ដេជ្ញាបន្តសហការជាមួយកម្ពុជាឱ្យកាន់តែប្រសើរថែមទៀតលើវិស័យផ្សេងៗ ក្នុងនោះ វិស័យយោធាដែលជាវិស័យអាទិភាពមួយ ដើម្បីអភិវឌ្ឍធនធានមនុស្ស។

គួរជម្រាបថា លោកឧត្តមសេនីយ៍ទោ សួស៊ីណាហ្គា ម៉ាសាណូរី (MG. SUENAGA Masanori) អគ្គនាយកនៃអគ្គនាយកដ្ឋានកម្មវិធីគោលនយោបាយ នៃកងស្វ័យការពារជើងគោកជប៉ុន បានដឹកនាំគណៈប្រតិភូនៃក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន មកបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃនៅកម្ពុជា។ គោលបំណងនៃដំណើរទស្សនកិច្ចរបស់ក្រុមការងារកងស្វ័យការពារជើងគោកជប៉ុន ដែលធ្វើឡើងពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងជាទ្វេភាគីលើវិស័យយោធាជាមួយកម្ពុជា។

ជាក់ស្ដែង កាលពីថ្ងៃទី៧​ ខែតុលា ម្សិលមិញនេះដែរ កងស្វ័យការពារជើងគោកជប៉ុន ក៏បានចូលរួមកិច្ចប្រជុំក្រុមការងារលើកទី២ (2RCA-JGSDF SWG MEETING) ជាមួយកងទ័ពជើងគោករបស់កម្ពុជា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហេង មករា មេបញ្ជាការរងកងទ័ពជើងគោក នៅបញ្ជាការដ្ឋានកងទ័ពជើងគោកផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម