Connect with us

ព័ត៌មានជាតិ

ឯកអគ្គរដ្ឋទូតឆែក សន្យាកៀរគរអ្នកវិនិយោគរបស់ខ្លួន មកបណ្ដាក់ទុននៅកម្ពុជា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតឆែក លោកស្រី Marketa Kolc Hajkova បង្ហាញនូវការប្ដេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងឆែក ឱ្យមានភាពរីកចម្រើន ដោយលោកស្រី សន្យាថា នឹងជួយកៀរគរអ្នកវិនិយោគរបស់ខ្លួនឱ្យមកស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសន្យានេះ បានធ្វើឡើងនៅចំពោះមុខសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក្នុងជំនួបនាព្រឹកថ្ងៃអង្គារនេះ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដោយលោកស្រី លើកឡើងថា ក្នុងអាណត្តិ ដែលលោកស្រីធ្វើជាឯកអគ្គរដ្ឋទូតថ្មីនេះ នឹងធ្វើយ៉ាងណាជំរុញទំនាក់ទំនងកម្ពុជា និងឆែកឱ្យមានភាពរីកចម្រើននិងល្អប្រសើរ ពិសេសគឺទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

បើតាមលោកស្រី ឯកអគ្គរដ្ឋទូត ថ្លែងប្រាប់សម្ដេចតេជោ ក្នុងពេលខាងមុខនេះ អ្នកវិនិយោគមកពីប្រទេសឆែក នឹងមកប្រទេសកម្ពុជា ដើម្បីវិនិយោគទៅលើវិស័យកសិកម្ម ជាពិសេសនោះ គឺដំណាំម្រេចតែម្ដង។

ជាការឆ្លើយតបរបស់សម្ដេចតេជោ ដែលថ្លែងឱ្យដឹងដោយលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា សម្ដេចបានចាត់ទុកវត្តមានរបស់លោកស្រីជាឯកអគ្គរដ្ឋទូតឆែកថ្មីប្រចាំកម្ពុជា ដែលមានការតែងតាំងថ្មីដ៏ឆាប់រហ័សនេះ គឺបង្ហាញច្បាស់អំពីការផ្ដល់តម្លៃពីប្រទេសឆែក មកកាន់ប្រទេសកម្ពុជា ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកស្រី ឯកអគ្គរដ្ឋទូត ហើយសម្ដេចបានលើកឡើងថា សក្ដានុពលរវាងកម្ពុជា និងឆែក គឺនៅមានចន្លោះជាច្រើនទៀត ដែលអាចធ្វើជាមួយគ្នាឱ្យវាសមស្របទៅនឹងទំនាក់ទំនងការទូត និងនយោបាយរវាងប្រទេសទាំងពីរឱ្យមានភាពល្អប្រសើរ។

សម្ដេចតេជោ សង្ឃឹមថា ឆែក នឹងធ្វើយ៉ាងណាចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អក្នុងការពង្រីកទំនាក់ទំនង រួមទាំងពាណិជ្ជកម្មនានា ដែលអាចធ្វើជាមួយគ្នា។ ក្រៅពីដៃគូរទំនាក់ទំនងទ្វេភាគី សម្ដេច ថា កម្ពុជាដែលស្ថិតក្នុងក្របខណ្ឌអាស៊ាន ឯឆែកនៅក្នុងអឺរ៉ុប គឺអាចធ្វើជាមួយគ្នាច្រើន ទាំងទ្វេរភាគី និងពហុភាគី ដែលនឹងអាចនាំយកផ្លែផ្កាដល់តំបន់ទាំងពីរផង និងជាការផ្ដល់ផលប្រយោជន៍ទាំងសងខាងផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម