Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យថា បើសហគមអន្តរជាតិគ្មានចំណាត់ការលើថៃទេពេលនេះទេ នោះថ្ងៃក្រោយថៃនឹងបន្តឈ្លានពានប្រទេសតូចៗ បំផ្លាញសន្តិភាពក្នុងតំបន់

បានផុស

នៅ

«ប្រសិនបើមិនមានចំណាត់ការណាមួយ ដើម្បីឱ្យកងទ័ពថៃទទួលខុសត្រូវចំពោះទង្វើខុសច្បាប់របស់ខ្លួន ថ្ងៃនេះកងទ័ពថៃឈ្លានពានកម្ពុជា ថ្ងៃស្អែកកងទ័ពថៃអាចនឹងធ្វើដូចគ្នាលើប្រទេសដទៃទៀតដែលខ្សោយ និងតូចជាងថៃ ដែលនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសន្តិភាព និងសន្តិសុខតំបន់ទាំងមូល។ »។ នេះគឺជាការថ្លែងរបស់ដោយសង្កត់ធ្ងន់ថារបស់អ្នកនាំពាក្យក្រសួងាការពារជាតិកម្ពុជា ឧត្ដមសេនីយ៍ឯក ម៉ាលី សុជាតា ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១១ ខែធ្នូ នេះ ក្រោយពីយោធាថៃបើកការឈ្លានពាន វាយប្រហារដ៏សាហាវឃោរឃៅព្រៃផ្សៃរមិនរើសគោលដៅ ប្រើប្រាស់សព្វាវុធគ្រប់ធុនលើទីតាំងប្រជាជនរស់នៅ បណ្ដាលជនស៊ីវិលយ៉ាងហោច១០នាក់ ក្នុងនោះទារកម្នាក់បានបាត់បង់ជីវិត និងរបួសប្រមាណ៦០នាក់ ពលរដ្ឋភៀសសឹកជិត២០ម៉ឺននាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងការពារជាតិ ថា បើទោះបីជាបានប្រព្រឹត្តនូវអំពើខុសច្បាស់អន្តរជាតិរាប់មិនអស់ទាំងអស់នេះហើយ កងទ័ពថៃមិនត្រឹមតែមិនបានចេញមុខមកទទួលខុសត្រូវចំពោះទង្វើអមនុស្សធម៌ និងឃោរឃៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងមកចោទប្រកាន់កម្ពុជាយ៉ាងងងើល នៅក្នុងគោលដៅតែមួយគត់ គឺបង្កើតលេសដើម្បីបម្រើដល់ការឈ្លានពានលើដែនអធិបតេយ្យកម្ពុជា និងវាយប្រហារមកលើប្រជាជនស្លូតត្រង់របស់កម្ពុជា។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោស ចំពោះការរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាព និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំង ស្រុងចំពោះការ រំលោភបំពានដ៏កំរោលនេះ។ អ្នកនាំពាក្យក៏អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញ ពីដែនអធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពាន ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយងាកមកគោរពកិច្ចព្រម ព្រៀមបទ ឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយ នៅក្រោម ច្បាប់អន្តរជាតិឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។

ក្រសួងការពារជាតិទាមទារឱ្យកងទ័ពថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពានមកលើកម្ពុជា បញ្ឈប់ការផ្សព្វផ្សាយព័ត៌មានបំភ្លៃ  ព័ត៌មានមិនពិតសប្រែទៅជាខ្មៅ បញ្ឈប់ការវាយប្រហារដោយមិនរើសអើង ជាពិសេសទៅលើ ប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃបំផុតសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។

ក្រសួងការពារជាតិថា យោធាថៃត្រូវបង្ហាញពីភាពស្មោះត្រង់ និងសុច្ឆន្ទៈ ប្រសិនបើថៃពិតជាចង់បានសន្តិភាពពិតប្រាកដមែន ព្រោះសន្តិភាពមិនអាចកើតមានតែតាមរយៈការនិយាយប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈសកម្មភាពជាក់ស្តែង ហើយកងទ័ពថៃអាចចាប់ផ្តើមជាមួយនឹងការបញ្ឈប់រាល់សកម្មភាពខុសច្បាប់ដែលធ្លាប់ប្រព្រឹត្តកន្លងមក។

ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ថា «គោលដៅនៃការវាយ ការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែគោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅ ជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។ កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់ កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និង ច្បាស់លាស់បំផុត។

ទោះបីជាភាគីថៃ បង្កើនកម្លាំងទ័ពថ្មើរជើង រថក្រោះ ប្រើសព្វាវុធធុនធ្ងន់ ប្រយុទ្ធកាន់តែខ្លាំង រុលចូលយ៉ាងណាក៏ដោយក៏កម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា៕



Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម