Connect with us

ព័ត៌មានជាតិ

ពោត ដំឡូងមី កន្ទក់ កញ្ចុងអង្ករ ទិញ​ពីកសិករ​ខ្មែរ​មួយឆ្នាំ ១ លាន​តោន​ កែច្នៃ​ផលិតជា​ចំណីសត្វ

បានផុស

នៅ

ក្នុងឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មបានចុះអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនផលិតចំណីសត្វក្នុង​ស្រុក​ចំនួន ១០ ដើម្បី​ពង្រីកទីផ្សារកសិផលក្នុងស្រុក តាមរយៈការទិញផលកសិកម្មពីកសិករដើម្បីកែច្នៃផលិតជាចំណីសត្វ។

នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្មឆ្នាំ ២០២៥ និងលើកទិសដៅការងារពាណិជ្ជកម្មឆ្នាំ ២០២៦ លោក លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងឆ្នាំ ២០២៥ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួលចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនឯកជនចំនួន ១០ ដើម្បីស្រូបទិញផលកសិកម្មពីកសិករខ្មែរ​ដែល​ជាផ្នែកមួយក្នុងការ​ជួយ​ពង្រីក​ទីផ្សារកសិផលក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកថា តាមរយៈ​ការ​ចុះអនុស្សរណៈ​យោគយល់ជាមួយ​ក្រុមហ៊ុន​ផលិត​ចំណីសត្វចំនួន ១០ មានលទ្ធភាព​អាច​​​​ស្រូបទិញ​ផល​កសិកម្ម​ពីកសិករ​ខ្មែរ​ក្នុង​មួយ​ឆ្នាំ​បាន​ជាង ១ លាន​តោន​ដែលក្នុងនោះរួមមាន ពោតក្រហមស្ងួតចំនួន ៤៩៣,០០០ តោន/ឆ្នាំ ដំឡូងមីស្ងួតចំនួន ២៤៩,០០០ តោន/ឆ្នាំ កញ្ចុង​អង្ករចំនួន ១១៣,០០០ តោន/ឆ្នាំ និងកន្ទក់ ចំនួន ១៤៧,០០០ តោន/ឆ្នាំ។

ជាមួយគ្នានេះ ក្រសួងក៏​បានខិតខំ​ជំរុញការនាំចេញដំឡូងមីស្ងួតទៅទីផ្សារ​ប្រទេសចិនចំនួន ៥០ ម៉ឺនតោនសម្រាប់ឆ្នាំ ២០២៥ និង ២០២៦ ដែលនេះជាបើកច្រកទីផ្សារដំឡូងផ្ទាល់រវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។

ដោយឡែកទីផ្សារប្រទេសវៀតណាម ក្រសួងបានសម្របសម្រួលចុះអនុស្សរណៈរវាងសហព័ន្ធដំឡូងមីកម្ពុជា និងសហព័ន្ធដំឡូងមីវៀតណាម ដើម្បីជំរុញការនាំចេញដំឡូងមីស្រស់ក្នុងបរិមាណប្រមាណ ១០ លានតោនក្នុងមួយឆ្នាំ។

ក្នុងវេទិកានិងពិព័រណ៍កសិកម្ម ២០២៥ លោក វ៉ា រុនសាត រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានលើកឡើងពីការរៀបចំគោលនយោបាយជាតិ សម្រាប់កសិផលសក្ដានុពល​របស់​​កម្ពុជាដូចជា គោលនយោបាយជាតិស្រូវអង្ករ, គោលនយោបាយស្តីពីស្វាយចន្ទី, ដំឡូងមី, ម្រេច, និងស្វាយជាដើម។

លោកថា ការរៀបចំគោលនយោបាយ គឺដើម្បីជៀសវាងការផលិតលើសតម្រូវការ។ «តាមរយៈការ​រៀបចំ​គោលនយោបាយ​ជាតិ យើងនឹងដឹងថាផលិតផលណាឆ្អែត ផលិតផលណាដែល​ផលិតលើសតម្រូវការទីផ្សារ»។

បើតាម​មន្រ្តីក្រសួងពាណិជ្ជកម្ម ការរៀបចំគោលនយោបាយជាតិ ប្រៀបដូចជាមានផែនទីបង្ហាញផ្លូវ​ដែលអាចដឹងថាផ្លូវណាពិបាក ផ្លូវ​ណាស្រួល​ដើម្បីអាចរកដំណោះស្រាយឬ​រក​ច្រក​ជួយ​កសិករ​បាន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម