Connect with us

ព័ត៌មានជាតិ

ឆ្នាំ ២០២៥ រដ្ឋបាល​សង្កាត់អូរឫស្សី ​ក្រុង​ក្រចេះ សម្រេច​បាន​សមិទ្ធផល​ធំៗ​ពីការអភិវឌ្ឍ បម្រើ​ជីវភាព​ពលរដ្ឋ​ក្នុងមូលដ្ឋាន

បានផុស

នៅ

ឆ្នាំ ២០២៥ ក្រុមប្រឹក្សាសង្កាត់អូរឫស្សី ក្រុងក្រចេះ បាន​អនុវត្តគម្រោងដោយ​សម្រេចបាន​សមិទ្ធផលនានាជាច្រើន លើវិស័យហេដ្ឋារចនាសម្ពន្ធ័ វិស័យអប់រំ និងប្រពន្ធ័ធារាសាស្ត្រ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ​បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ សង្កាត់អូរឫស្សី បាន​អភិវឌ្ឍ​​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​នោះ​មានការ​សាង​សង់​​ផ្លូវបេតុងអាមេចំនួន ០៣ ខ្សែ​មាន​ប្រវែង​សរុប ៩០០ ម៉ែត្រ ដែល​ខ្សែទី១ នៅចំណុចខាងជើងគ្រុឌ, ខ្សែទី២ ចំណុច​ភ្ជាប់ពីសាលាបឋមសិក្សា ហ៊ុន សែន អូរឫស្សី១ ទៅចំណុចផ្សារអូរឫស្សី និងខ្សែទី៣ ផ្លូវមណ្ឌលសុខភាព ទៅវត្ត ហុង ឡាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​សង្កាត់ក៏​បានជួសជុលផ្លូវដីក្រួសធម្មជាតិចំនួន ១១ ខ្សែ ស្ថិតនៅក្នុងភូមិចំនួន ៥ ក្នុងនោះមានភូមិស្រែស្មៅ​, ស្រែស្មៅ១, កង្រឹង, កាប៉ូ១ និងភូមិអូរឫស្សី១ សរុបប្រវែង ៧,០៩០ ម៉ែត្រ។

បន្ថែមពីនេះ រដ្ឋបាលសង្កាត់អូរឫស្សីក៏​បានទទួលគម្រោងគាំទ្រដោយរដ្ឋបាលក្រុង មានផ្លូវបេតុងអាមេចំនួន ២ ខ្សែ គឺខ្សែទី១ នៅចំណុចមុខសាលាបឋមសិក្សាកាប៉ូប្រវែង ១៨០ម៉ែត្រ ស្ថិតនៅភូមិកាប៉ូ និងខ្សែទី២ ប្រវែង ១៨០ម៉ែត្រ នៅចំណុចខាងក្រោយផ្សារអូរឫស្សី ស្ថិតនៅភូមិអូរឫស្សី២។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី​បាន​បន្ត​ថា ក្រោម​ការ​គាំទ្រដោយរដ្ឋបាលខេត្តក្រចេះ មូលដ្ឋាន​សង្កាត់​ក៏​បាន​ទទួល​ផ្លូវបេតុងអាមេចំនួន ២ ខ្សែ គឺ ខ្សែទី១ នៅចំណុចផ្លូវបំបែកភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ២.៥០ គីឡូម៉ែត្រ ឆ្ពោះទៅផ្លូវជាតិ ៧ ស្ថិតនៅភូមិអូរឫស្សី៣ និងខ្សែទី២ ប្រវែង ១​គីឡូម៉ែត្រ ភ្ជាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន នៅចំណុចមុខសកលវិទ្យាល័យក្រចេះស្ថិតនៅភូមិអូរឫស្សី៣ ឆ្ពោះទៅផ្លូវជាតិ ៧។ ផ្លូវនេះជាផ្លូវមេដែលតភ្ជាប់​ពី​មហា​វិថីសម្តេចតេជោ ហ៊ុន សែន ទៅផ្លូវជាតិលេខ ៧ អាចសម្រួលការកកស្ទះចរាចរបានមួយផ្នែកធំ និងការដឹកជញ្ជូនកសិផល សម្រួលលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ដោយបាន​ការ​គាំទ្រពី​អង្គការដៃគូនានានិងសប្បុរសជននានា សង្កាត់ទទួលគម្រោងជួសជុលទំនប់ទ្វារទឹកចំនួន ២ កន្លែង ដែលគាំទ្រឧបត្តម្ភដោយ អង្គការ ប៉ូដា ស្ថិតនៅភូមិកាប៉ូ ដែលជាទំបន់ទឹកអាចស្រោចស្រពលើដីស្រែប្រាំងប្រមាណ ៨៧ហិកតា។

ក្រោមគំនិត​ផ្តួចផ្តើមពី លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងលោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដោយមានឧបត្តម្ភគាំទ្រដោយផ្ទាល់ពី​ព្រះញាណសារវេទី លឹម ប៊ុនថុន ព្រះបាឡាត់គណខេត្តក្រចេះ លោកឧត្តមសេនីយត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ និងលោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សី ព្រមទាំងសហគមន៍ និងសប្បុរសជននានា អគារសាលាបឋមសិក្សា ២៤ កញ្ញា កម្ពស់ ៣ ជាន់ ស្មើនឹង ៩ បន្ទប់ ត្រូវ​បាន​សាងសង់​ ដែល​ចំណាយថវិកាសាងសង់​ប្រមាណ ១៥៥,០០០ ដុល្លារ។

ជាមួយគ្នានោះ រដ្ឋបាល​សង្កាត់អូរឫស្សីក៏ទទួលបានការគាំទ្រពីថ្នាក់ជាតិលើការរៀបចំកែលំអ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមានដូចជា ការរៀបចំជាផ្លូវភ្លោះ សួនច្បារ និងផ្លូវថ្មើជើង ប្រព័ន្ធលូរំដោះទឹកភ្លៀង ពីចំណុចគល់ស្ពានស រហូតដល់រង្វង់មូលខ្លាស្ទុះ ប្រវែងប្រមាណ ៥ គីឡូម៉ែត្រ។

លោក ឈឺន រិទ្ធ ចៅសង្កាត់អូរឫស្សីបានបញ្ជាក់ថា នៅឆ្នាំ២០២៦ សង្កាត់អូរឫស្សីនឹងបន្តពង្រីកសាងសង់ផ្លូវបេតុងបន្ថែមទៀត កែប្រែផ្លូវពីដីក្រាលក្រួសទៅជាផ្លូវបេតុង និងបន្តខិតខំគៀងគរថវិកាពីអង្គការដៃគូរ ស្ថាប័នពាក់ព័ន្ធ ដើម្បី​យក​មក​សាងសង់ហេរដ្ឋារចនាសម្ព័ន្ធនានាជារូបវ័ន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទ ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម