Connect with us

ព័ត៌មានជាតិ

ស្ថានភាពជំងឺកូវីដ-១៩ នៅពន្ធនាគារមិនដូចការបារម្ភដំបូង ករណីស្លាប់មានតិចតួច

បានផុស

នៅ

ទាក់ទងទៅនឹងការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារទូទាំងប្រទេស លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា មិនមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ខ្លាំងក្នុងពន្ធនាគារទេ ដោយជួនកាលរយៈពេល២ ៣ថ្ងៃ បានឃើញមានវិជ្ជមាន ១ ឬ២ករណីដែលសង្ស័យ គឺមានផ្ទុះឆ្លងដល់ ១០ ២០ ៣០ ឬរាប់រយនាក់នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុត សវនា មានប្រសាសន៍បញ្ជាក់ថា៖ “មួយរយៈមុនមាន [ផ្ទុះឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ] ខ្លះ តែឥឡូវស្ថានភាពហ្នឹងមិនអ៊ីចឹងទេ។ ទោះបីនៅខាងក្រៅ [ពន្ធនាគារ] កំពុងរាលដាលឆ្លងខ្លាំង តែយើងយកចិត្តទុកដាក់ខ្ពស់ខ្លាំង ហើយប្រយ័ត្នថែមទៀត ជាពិសេសការបិទខ្ទប់តាមពន្ធនាគារ សូម្បីមន្ត្រី [ពន្ធនាគារ] ក៏មិនឱ្យដើរចេញចូលពន្ធនាគារដូចមុន ហើយចំពោះអ្នកជាប់ឃុំចូលពីក្រៅក៏យើងប្រយ័ត្ន ពិសេសអ្នកចូលមកថ្មី គឺយើងប្រយ័ត្នខ្លាំង”។

ថ្វីដ្បិតមិនអាចបង្ហាញពីតួលេខបាន ប៉ុន្តែ មន្ត្រីអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារខាងលើ បានបញ្ជាក់ជារួមថា អ្នកជំងឺកូវីដ-១៩ ក្នុងពន្ធនាគារបានជាសះស្បើយច្រើន ចំណែកអ្នកកំពុងព្យាបាលមានចំនួនតិចតួច ដោយពួកគាត់មិនមានអាការៈធ្ងន់ធ្ងរនោះទេ។

លោក នុត សវនា មានប្រសាសន៍ថា “ការពិតទៅ យើងបារម្ភខ្លាំងពីដំបូង ដោយសារយើងអត់ដែលជួបប្រទះបញ្ហាហ្នឹងពីមុន។ ដល់តែយើងឆ្លងកាត់បទពិសោធន៍ [ការឆ្លងកូវីដ-១៩ក្នុងពន្ធនាគារ] ប៉ុន្មានកន្លែងហ្នឹងទៅឃើញថា របៀបព្យាបាលក៏យើងបានបទពិសោធន៍ជាក់ស្ដែង បានយល់ដឹងច្រើន ចឹង(អ៊ីចឹង) យើងអនុវត្តតាមអ្វីដែលយើងធ្វើកន្លងមកទៅ ឃើញថាអត់មានបញ្ហាអីដែរ។ តែយើងទប់ស្កាត់ផង យើងព្យាបាលផង គឺអត់មានបញ្ហាអីទេ ខ្ញុំមើលទៅ។”

ទាក់ទងទៅការស្លាប់របស់អ្នកជំងឺកូវីដ-១៩ក្នុងពន្ធនាគារ លោក នុត សវនា បានបង្ហាញថា ករណីនេះក៏មានកើតឡើងដូចស្ថានភាពខាងក្រៅដែរ ប៉ុន្តែអត្រាអ្នកស្លាប់នោះគឺមានចំនួនតិចតួច។

លោកមានប្រសាសន៍ថា៖ “ខ្ញុំសូមជម្រាបជាភាគរយ គឺប្រហែលជា ០.២៥ភាគរយ បានន័យថា ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ក្នុងពន្ធនាគារអត់ដល់ ១ភាគរយទេ គឺតិចជាងខាងក្រៅ។”

គួរបញ្ជាក់ថា បន្ទាប់ពីមានផ្ទុះព្រឹត្តិការណ៍ឆ្លងជំងឺកូវីដ-១៩ចូលសហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១នេះ នៅតាមពន្ធនាគារក៏ទទួលរងឥទ្ធិពលនៃការឆ្លងរាលដាលនោះ។ ដោយកាលនៅដើមខែមិថុនា ឆ្នាំ២០២១នេះ ពន្ធនាគារដែលផ្ទុះការឆ្លងខ្លាំងមានដូចជា  មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” ពន្ធនាគារខេត្តកណ្ដាល និងពន្ធនាគារខេត្តព្រះសីហនុ និងរហូតទៅដល់ពន្ធនាគារនៅតាមបណ្ដាខេត្តមួយចំនួនទៀត រហូតមន្ត្រីពាក់ព័ន្ធ និងរដ្ឋាភិបាលបានចាត់វិធានការទប់ស្កាត់បន្ទាន់យ៉ាងម៉ឺងម៉ាត់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម