ព័ត៌មានជាតិ
រដ្ឋមន្ត្រីកសិកម្មស្នើអង្គការ JICA ជួយបង្រៀន បច្ចេកទេសកសិកម្មទំនើប
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ជួយផ្តល់ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពប្រជាកសិករលើ ការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើប ប្រកបដោយភាពជឿនលឿន និងនវានុវត្តន៍ដែលកំពុងអនុវត្តនៅក្នុងប្រទេសជប៉ុន។ លោករដ្ឋមន្ត្រីបានបន្តថា ការស្នើសុំនេះគឺដើម្បីឱ្យប្រជាកសិករកម្ពុជាទទួលបានជាបទពិសោធន៍ក្នុងការបង្កើនផលិតភាព គុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ប្រកបដោយភាពវៃឆ្លាត នៅកម្ពុជា។

នៅក្នុងឱកាសចូលរួមក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ” ស្រុកបាភ្នំ ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែតុលានេះ លោករដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងអ្នកពាក់ព័ន្ធ ត្រូវជំរុញការរៀបចំគោលការណ៍ណែនាំបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវ និងនីតិវិធីត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាមប្រព័ន្ធ QDS ឱ្យបានលឿន ដើម្បីក្រសួងរៀបចំជាប្រកាសដាក់ឱ្យអនុវត្តទូទាំងប្រទេស។ ចំណែកមន្ទីរកសិកម្មខេត្ត ត្រូវបន្តគាំទ្របច្ចេកទេស និងជួយសម្រួលដល់សហគមន៍កសិកម្មក្នុងការផលិត និងធ្វើអាជីវកម្មគ្រាប់ពូជស្រូវ ទោះបីគម្រោងនេះបញ្ចប់ក៏ដោយ ហើយសហគមន៍ផលិតគ្រាប់ពូជស្រូវ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវបទដ្ឋានបច្ចេកទេសផលិតកម្មគ្រាប់ពូជស្រូវតាមប្រព័ន្ធ QDS ដើម្បីទទួលបានគ្រាប់ពូជមានគុណភាពខ្ពស់ និងការទទួលបានការគាំទ្រ និងទទួលស្គាល់ពីកសិករដែលបានទិញយកទៅប្រើប្រាស់។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ទន្ទឹមនឹងនេះ ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធ និងធុរកិច្ច សហគមន៍កសិកម្ម ឱ្យក្លាយជាសហគ្រាសកសិកម្មទំនើប តាមរយៈការបង្កើតយន្តការគ្រប់គ្រងសហគមន៍កសិកម្ម និងការបន្តធ្វើទំនាក់ទំនងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានាក្នុងការផ្តល់ឥណទានដល់សហគមន៍កសិកម្ម និងសហគ្រាសកសិកម្មធុនតូច និងមធ្យម ដើម្បីប្រមូលទិញកសិផល ការកែច្នៃ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់នានា ដើម្បីផ្សារភ្ជាប់កសិករខ្នាតតូចទៅនឹងទីផ្សារ។
ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបាន ស្នើសហគមន៍កសិកម្ម ខិតខំស្វែងរកក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាបន្ថែមទៀតឱ្យបានច្រើនដើម្បីជួយតភ្ជាប់មុខជំនួញរវាងសហគមន៍កសិកម្ម ជាមួយក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានា តាមរយៈយន្តការនៃការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីនាំដល់ស្ថានភាព ឈ្នះ-ឈ្នះ ទាំងសហគមន៍កសិកម្ម និងក្រុមហ៊ុន។

ពាក់ព័ន្ធនឹងដាក់ឱ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិតសម្រាំងគ្រាប់ពូជស្រូវនៅសហគមន៍កសិកម្មបាភ្នំមានជ័យ ស្រុកបាភ្នំ ដែលជាជំនួយរបស់អង្គការ JICA នេះ លោករដ្ឋមន្ត្រីបានចាត់ទុកសមិទ្ធផលនេះ គឺជាផ្នែកមួយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងកសិកម្មក្នុងការជំរុញការអនុវត្តគោលនយោបាយផលិតពូជដំណាំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈគម្រោងជំរុញផលិតកម្ម និងការប្រើប្រាស់គ្រាប់ពូជស្រូវ (RSPP) បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។
លោករដ្ឋមន្ត្រីបានបន្ថែមថា សហគមន៍កសិកម្មនេះមានក្នុងខេត្តគោលដៅចំនួន៤រួមមាន ព្រៃវែង តាកែវ កំពង់ឆ្នាំង និងបាត់ដំបង ដោយទទួលការបណ្តុះបណ្តាលលើជំនាញបច្ចេកទេសផលិតកម្ម ការគ្រប់គ្រងផលិតកម្មគ្រាប់ពូជស្រូវ រៀបចំឱ្យមានប្រព័ន្ធត្រួតពិនិត្យគុណភាព និងការបញ្ជាក់គុណភាពគ្រាប់ពូជស្រូវ ដែលនឹងប្រកាសដាក់ឱ្យប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លើសពីនេះទៀត ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតាមសហគមន៍កសិកម្មក្នុងខេត្តគោលដៅទាំង៤ ត្រូវបានបំពាក់ និងកែលម្អ ដែលទាំងអស់នេះនឹងជួយឱ្យដំណើរធុរកិច្ចគ្រាប់ពូជស្រូវនៅក្នុងសហគមន៍ និងការប្រើប្រាស់គ្រាប់ពូជស្រូវកាន់តែមានគុណភាព និងប្រសិទ្ធភាព។
លោករដ្ឋមន្ត្រីសង្ឃឹមថា រដ្ឋាភិបាលក៏ដូចជាប្រជាជនជប៉ុនដែលមានអង្គការ JICA ក៏ដូចជាអង្គការផ្សេងៗទៀតជាសេនាធិការ រួមទាំងវិស័យឯកជនពិតជានឹងបន្តនូវប្រពៃណីដ៏ល្អផូរផង់នេះតទៅទៀត ដើម្បីរួមចំណែកបង្កើតការងារ កាត់បន្ថយការធ្វើចំណាកស្រុក និងបង្កើនប្រាក់ចំណូលនៅជនបទ ព្រមទាំងធានាបាននូវសន្តិសុខស្បៀងសម្រាប់ប្រជាជនទូទៅ ធ្វើឱ្យប្រសើរឡើងនូវអាហារូបត្ថម្ភ បង្កើនការនាំចេញកសិផលដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនកសិករ កាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ ជាពិសេស ការអភិវឌ្ឍវិស័យកសិកម្មប្រកបដោយបរិយាប័ន្ន និងនវានុវត្តន៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


