ព័ត៌មានជាតិ
ជប៉ុនអញ្ជើញឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទស្សនកិច្ច អបអរខួប ៣០ ឆ្នាំរក្សាសន្តិភាពក្រៅប្រទេស
ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុននាពេលខាងមុខ នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលជប៉ុនបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅក្រៅប្រទេស។

ជំនួននេះ ប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២ រវាង លោក Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា និង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា។
លោក Mikami Masahiro បានលើកឡើងអំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន និងទំនាក់ទំនងលើវិស័យការពារជាតិដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ដ៏សំខាន់មួយ គឺការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់ជប៉ុនជាលើកដំបូងមកកាន់ប្រទេសកម្ពុជា កាលពីឆ្នាំ ១៩៩២។ លោកបញ្ជាក់ថា នោះជាការបញ្ជូនកងស្វ័យការពារជប៉ុនចេញក្រៅប្រទេសជាលើកដំបូងរបស់ជប៉ុនផង។ ក្នុងន័យនេះ ដំណើរទស្សនកិច្ចផ្លូវការរបស់ឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុនក្នុងឆ្នាំ ២០២២ គឺចំពេលនៃការប្រារព្ធខួបទី ៣០ ឆ្នាំនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃប្រតិបត្តិការថែរក្សាសន្តិភាពនេះ។
លើសពីនេះឯកអគ្គរាជទូតជប៉ុនបានបង្ហាញនូវការបេ្តជ្ញាបន្តគាំទ្រដល់កិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ ទោះបីជាមានការរំខានដោយសារកត្តាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណសម្រាប់ការអញ្ជើញលោកទៅទស្សនកិច្ចនៅប្រទេសជប៉ុន ជាពិសេសស្របពេលនៃការប្រារព្ធខួបទី ៣០ នៃប្រតិបត្តិការរក្សាសន្តិភាពជាប្រវត្តិសាស្ត្ររបស់ជប៉ុននៅកម្ពុជា។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសសកម្មភាពក្នុងក្របខ័ណ្ឌកងទ័ពជើងគោកដែលមានដូចជា៖ ការផ្លាស់ប្តូរទស្សនកិច្ចសិក្សា និងការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។ លោកសង្ឃឹមថា សកម្មភាពទាំងនេះនឹងចាប់ផ្តើមមានសន្ទុះឡើងវិញនៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុនសម្រាប់ចំណងមិត្តភាពនិង កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អតាំងពីអតីតកាលមក មានជាអាទិ៍ការចូលរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាពនៅកម្ពុជា និងការផ្តល់ជំនួយក្នុងការកសាង និងអភិវឌ្ឍកម្ពុជាក្នុងវិស័យសំខាន់ៗជាច្រើនក៏ដូចជា ជំនួយឧត្ថម្ភនានាក្នុងពេលចំពោះមុខសម្រាប់ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញនៅក្រោយទទួលរង ផលប៉ះពាល់ពីវិបត្តិកូវីដ-១៩៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


