ព័ត៌មានជាតិ
ប្រតិកម្មក្រសួងការបរទេស៖ ស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ការបង្កើតច្រកទ្វារអ៊ិនធឺណិត ជាឧបករណ៍ដើម្បីបង្កើនចំណូលជាតិ
នេះជាការបញ្ជាក់នៅក្នុងសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ជាមួយគ្នានោះ អ្នកនាំពាក្យសម្តែងការខកចិត្ត ចំពោះការបន្តបកស្រាយខុស ពីប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនអំពីគោលបំណង នៃការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការពន្យល់ និងការបំភ្លឺជាច្រើនដងក្តី។

បើតាមអ្នកនាំពាក្យក្រសួងការបរទេស ដើម្បីសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ិនធឺណិត និងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជាថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ រាជរដ្ឋាភិបាលបានបង្កើតគណៈ កម្មាធិការអន្តរក្រសួងមួយនៅឆ្នាំ២០១៩ ស្តីពីការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដើម្បីសិក្សា និងរិះរកវីធីសាស្រ្តនានា សម្រាប់ការបង្កើតយន្តការដ៏ចាំបាច់មួយនេះ ដែលគណៈកម្មាធិការនេះ ត្រូវបានបង្កើតឡើងតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័នជំនាញ បានចាប់ផ្តើមការសិក្សាទូលំទូលាយមួយអំពីគំរូហេដ្ឋារចនាសម្ព័ន្ធពីបណ្តាប្រទេសផ្សេងៗ នៅជុំវិញពិភពលោក និងបានពិនិត្យឃើញថា ប្រទេសស្ទើរតែទាំងអស់សុទ្ធតែមានច្រកទ្វារអ៊ិនធឺណិត និងបទប្បញ្ញត្តិដោយឡែកពីគ្នា។
ក្រោយមក អនុក្រឹត្យស្តីពីច្រកទ្វារអ៊ិនធឺណិតជាតិ ដែលបានចុះហត្ថលេខានៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើងដោយតម្លាភាព ហើយការពិគ្រោះយោបល់នានាត្រូវបានធ្វើឡើងជាមួយអ្នកជំនាញជាច្រើននៅក្នុងវិស័យនេះ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសា។ អ្នកនាំពាក្យបញ្ជាក់ថា “ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាននៃការប្រកួតប្រជែងប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់រវាងរដ្ឋ និងប្រតិបត្តិករទូរគមនាគមន៍។ លើសពីនេះ វារួមចំណែកដល់ការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ិនធឺណិត ដូចជាការប្រើប្រាស់ដោយខុសច្បាប់នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់តាម អ៊ិនធឺណិតជាដើម។ យន្តការនេះមិនមានបទប្បញ្ញត្តិណាមួយដូចដែលត្រូវបានចោទប្រកាន់ថាអនុញ្ញាតឱ្យមានការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងការរឹតបន្តឹងសេរីភាពនៃការបញ្ចេញមតិនោះទេ”។
អ្នកនាំពាក្យក្រសួងការបរទេសបញ្ជាក់ដែរថា រដ្ឋាភិបាលនឹងរៀបចំដាច់ដោយឡែកនូវច្បាប់ ស្តីពីការការពារទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលសេចក្តីព្រាងច្បាប់ ស្តីពីសន្តិសុខតាមអ៊ីនធឺណិតត្រូវបានបញ្ចប់។
ចំពោះការចោទប្រកាន់ថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជាត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពតាមប្រព័ន្ធអ៊ិនធឺណិត ចាប់ និងរឹតបន្តឹងការប្រាស្រ័យទាក់ទងនានាតាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ បង្កើតហានិភ័យដល់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
ផ្ទុយទៅវិញ រាជរដ្ឋាភិបាលគោរពសិទ្ធិឯកជនភាព និងសេរីភាពក្នុងការបញ្ចេញមតិរបស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះ មានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិ ដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពីទូរគមនាគមន៍៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


