Connect with us

ព័ត៌មានជាតិ

លោក ឆាយ គឹមខឿន៖ កម្លាំងចម្រុះជាង ១ម៉ឺននាក់ ត្រៀមការពារសន្តិសុខនៅពេលកិច្ចប្រជុំកំពូលអាស៊ាន

បានផុស

នៅ

លោក ឆាយ គឹមខឿន អគ្គស្នងការង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កងកម្លាំងចម្រុះប្រមាណជាង ១ម៉ឺននាក់ បានត្រៀមសម្រាប់ការការពារសន្តិសុខនៅពេលកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ នាសប្ដាហ៍ក្រោយនេះ។

លោក ឆាយ គឹមខឿន បានបញ្ជាក់ប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា នេះថា នៅពេលកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា បានត្រៀមកងកម្លាំងចម្រុះសរុបប្រមាណជាង ១ម៉ឺននាក់ មកពីអង្គភាពផ្សេងៗ ដូចជា៖ កម្លាំងនគរបាលជាតិ កងអង្គរក្ស កងរាជអាវុធហត្ថ កងកម្លាំងពិសេសប្រឆាំងភេរវកម្ម និងកងកម្លាំងការពារផ្លូវទឹក-ផ្លូវអាកាស ជាដើម។ ទន្ទឹមនោះ ក៏បានត្រៀមប្រើមធ្យោបាយចម្រុះ រួមមាន រថយន្តការពារគ្រាប់ ឧទ្ធម្ភាគចក្រ និងអូប័រ ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ នៅពេលកិច្ចប្រជុំ ក៏ដូចជាដើម្បីកិច្ចការពារសុវត្ថិភាពដល់បណ្ដាមេដឹកនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះដែរ លោក សាន សុខសីហា អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ឲ្យដឹង ថា៖ «នៅពេលកិច្ចប្រជុំកំពូលអាស៊ាន គឺស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានត្រៀមកម្លាំងជាង ២ ៣០០នាក់ ដែលនឹងបែងចែកតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមដងផ្លូវដែលគណៈប្រតិភូធ្វើដំណើរឆ្លងកាត់»។ លោក បានបញ្ជាក់ថា កម្លាំងរបស់ស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ នឹងទទួលខុសត្រូវជួយលើការសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្តាប់ ធ្នាប់ និងសុវត្ថិភាពនៅតាមដងផ្លូវ។

គួរជម្រាបថា កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ កិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ក៏នឹងមានវត្តមានចូលរួមពីបណ្ដាមេដឹកនាំកំពូលៗនៅលើពិភពលោក ដូចជា៖ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោកនាយករដ្ឋមន្ត្រីកាណាដា លោកនាយករដ្ឋមន្ត្រីចិន និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ជាដើម៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម