ព័ត៌មានជាតិ
យុវជនជាង ៤ រយនាក់ កំពុងសិក្សាជំនាញវគ្គខ្លី នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ
គិតត្រឹមចុងខែមករា ឆ្នាំ ២០២៤ នេះ មានយុវជន ៥១២ នាក់ បានមកដាក់ពាក្យសុំចូលរៀនជំនាញឯកទេសវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ ក្នុងនោះសិស្សដែលកំពុងសិក្សាក្នុងជំនាញរបស់ខ្លួនមានចំនួន ៤៤៥ នាក់។ នេះបើតាមការបញ្ជាក់ពី លោក មៀច បូរិទ្ធ នាយករងវិទ្យាស្ថានពហុបច្ចេកទេសតេជោសែនតាកែវ។

លោក មៀច បូរិទ្ធ បញ្ជាក់ថា នេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី ៧ ដែលដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីផ្តល់ឱកាសស្មើគ្នាជូនដល់យុវជនមកពីគ្រួសារមានបណ្ណសមធម៌ បណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ទទួលបានការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ហើយមានឱកាសការងារកាន់តែល្អប្រសើរក្នុងការបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។

លោក មៀច បូរិទ្ធ បន្ថែមថា សម្រាប់ការបណ្ដុះបណ្ដាលជំនាញវគ្គខ្លីគឺត្រូវបានផ្តល់ជូននូវការសិក្សាមិនគិតកម្រៃនោះទេ ថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨ ម៉ឺនរៀល ក្នុងមួយខែ ទៀតផង ដល់សិស្សដែលមកពីគ្រួសារក្រីក្រ។ លោកបញ្ជាក់ថា សម្រាប់ជំហានទី ១ គិតត្រឹមថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០២៤ នេះ មានយុវជនមកពីគ្រួសារក្រីក្រ ១៤៣ នាក់ ក្នុងនោះ គ្រួសារក្រីក្រប្រភេទ ១ មាន ១៦ នាក់ ស្រី ៥ នាក់។ គ្រួសារក្រីក្រប្រភេទ ២ មាន ៦៤ នាក់ ស្រី ១៤ នាក់។ គ្រួសារងាយរងហានិភ័យមាន ៦៣ នាក់ ស្រី ១៦ នាក់ និងយុវជនពិកាមាន ២ នាក់ ផងដែរ។

ក្រៅពីទទូចសុំឲ្យយុវជនមិនទាន់មានចំណេះជំនាញច្បាស់លាស់ មកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសនេះ ថ្នាក់ដឹកនាំវិទ្យាស្ថាន បានជំរុញដល់យុវជនកំពុងសិក្សា ត្រូវខិតខំក្រេបយកចំណេះដឹង ជំនាញដែលខ្លួនកំពុងចាប់យក ដើម្បីក្លាយខ្លួនជាអ្នកមានចំណេះជំនាញច្បាស់លាស់សម្រាប់ប្រកបរបរចិញ្ចឹមជីវិត និងមានជីវភាពរីកចម្រើនគ្រប់ក្រុមគ្រួសារ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលបានដៅទុក។

សូមបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្ដាលថ្នាក់ជាតិស្ដីពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានបើកជាផ្លូវការ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបោះជំហានមួយដំណាក់កាលទៀតហើយពោលគឺ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសបើកបវេសនកាលការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈវគ្គដំបូងជាផ្លូវការ៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


