ព័ត៌មានជាតិ
ស.ផ.ក ពិនិត្យលទ្ធផលការចុះស្ទង់មតិអ្នកបើកបររថយន្តដឹកកម្មករ ពីការប្ដូររថយន្តដឹកទំនិញ មកប្រភេទដឹកអ្នកដំណើរ
កាលពីព្រឹកថ្ងៃទី ២៤ តុលា នេះ ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) បានបើកកិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ២ និងបញ្ហាផ្សេងៗ ដើម្បីធ្វើយ៉ាងណាផ្តល់សេវាជូនប្រជាពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទទួលបាននូវសុខសុវត្ថិភាពទាំងទៅ និងត្រឡប់មកពីធ្វើការតាមបណ្តារោងចក្រសហគ្រាសនានា។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋាន ស.អ ស្នាក់ការកណ្ដាល ប.ស.ស រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករ-និយោជិត (ស.ផ.ក) តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកា មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធសរុបប្រមាណជាង ២០ រូប។
បើតាមលោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានឱ្យដឹងថា កិច្ចប្រជុំពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ២ គឺ (១) ការពិនិត្យ និងកែសម្រួលសេចក្ដីព្រាងរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំនព្វមាស (៩ ខែ) ឆ្នាំ ២០២៤, និង (២) ពិនិត្យលទ្ធផល នៃការចុះស្ទង់មតិអ្នកបើកបររថយន្តដឹកកម្មករ-និយោជិត និងតំណាងរោងចក្រ សហគ្រាស ពីការផ្លាស់ប្ដូររថយន្តប្រភេទដឹកទំនិញមករថយន្តប្រភេទដឹកអ្នកដំណើរ និងបញ្ហាផ្សេងៗ។

លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ ធ្លាប់បានលើកឡើងថា ប.ស.ស បាននិងកំពុងជំរុញឱ្យមានការផ្លាស់ប្ដូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិត នាពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមឆ្នាំ ២០២៧ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិតឱ្យនៅកម្រិតទាប។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា តាមការចុះធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំ ២០២៤ នេះ មានរថយន្តដឹកកម្មករនៅទូទាំងប្រទេសសរុបចំនួន ៣ ៣៣២ គ្រឿង ក្នុងនោះ មានរថយន្តដឹកកម្មករប្រភេទដឹកអ្នកដំណើរចំនួន ១ ១២៩ គ្រឿង ដែលមានការផ្លាស់ប្ដូរស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាព។

លោកបានបន្តថា ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងគ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ១២ ៦៤៥ នាក់ ស្រី ៦ ៥៦០ នាក់ ក្នុងនោះគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥ ៥២៨ នាក់ ស្រី ២ ៥៥៥ នាក់ និងគ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧ ១១៧ នាក់ ស្រី ៤ ០០៥ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


