ព័ត៌មានជាតិ
ក្នុងពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១ម៉ឺនសន្លឹក
ក្នុងរយៈពេល១ខែ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា និងថៃ បានផ្តល់ប័ណ្ណព្រំដែនដល់ប្រជាពលរដ្ឋប្រើប្រាស់ចំនួនជាង ១ម៉ឺនក្បាល។ នេះបើតាមរបាយការណ៍ ដែលប្រាប់ឱ្យដឹងដោយអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

លោក ទូច សុឃៈ បានឱ្យដឹងថា គិតពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានផ្តល់ប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៨ ៦៨០ក្បាល ដែលក្នុងចំណោមប័ណ្ណព្រំដែនបានផ្ដល់ជូននេះ គឺខេត្តបាត់ដំបងបានចំនួន ១ ៨២៥ក្បាល ខេត្តបន្ទាយមានជ័យចំនួន ១០ ០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន ៣ ៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន ៣ ០១៨ក្បាល និងខេត្តកោះកុងមានចំនួន ៥០២ក្បាល។
ក្នុងរយៈពេលដូចគ្នានេះ បើតាមអ្នកនាំពាក្យរងដដែល ក្រសួងមហាផ្ទៃក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ បានចំនួន ២៦ ០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២ ០០០ក្បាល ខេត្តបាត់ដំបង ៣ ៥០០ក្បាល ខេត្តឧត្តរមានជ័យ ៤ ៥០០ក្បាល ខេត្តប៉ៃលិន ៥ពាន់ក្បាល និងខេត្តកោះកុង ១ពាន់ក្បាល។

ដោយឡែក ព្រំដែនជាមួយឡាវ លោក ទូច សុឃៈ បានគូសបញ្ជាក់ថា ការបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែងចំនួន ៧ក្បាល។
សូមបញ្ជាក់ថា ប័ណ្ណព្រំដែន គឺប្រើប្រាស់សម្រាប់ឆ្លងដែន ឬជំនួសលិខិតឆ្លងដែន តែខុសគ្នាត្រង់ថា ប័ណ្ណនេះអាចប្រើប្រាស់ឆ្លងដែនបានតែខេត្តដែលជាប់ព្រំដែនគ្នាតែប៉ុណ្ណោះ។ ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ-ឡាវ ធ្វើឡើងតាមរយៈការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់កំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី។ រាជរដ្ឋាភិបាល បានជំរុញឱ្យរដ្ឋបាលក្រុង ស្រុកនៃខេត្តជាប់ព្រំដែនប្រទេសថៃ និងឡាវ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនអំពីតម្លៃសេវា និងរយៈពេលនៃការផ្តល់សេវាប័ណ្ណព្រំដែននេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


