ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ចាម មានគម្រោងសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ
តាមរយៈមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៧ នៃរដ្ឋសភា នាសាលប្រជុំសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបង្ហើបឱ្យដឹងថា រដ្ឋបាលខេត្ត មានផែនការសាងសង់សារមន្ទីរវប្បធម៌ប្រវត្តិសាស្រ្តមួយកន្លែង ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត។

កិច្ចប្រជុំខាងលើនេះ ដឹកនាំដោយ លោក ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា សំណេះសំណាលជាមួយ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងសហការី ក្នុងគោលបំណងឈ្វេងយល់ពីសភាពការណ៍ទូទៅរបស់ខេត្ត របាយការណ៍វឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារពាក់ព័ន្ធ នឹងវិស័យទាំងបួន ដែលគណៈកម្មការទទួលខុសត្រូវ។
លោកអភិបាលខេត្ត បានលើកឡើងថា ដោយសារកន្លងទៅក្នុងខេត្តកំពង់ចាម បានរកឃើញវត្ថុបុរាណច្រើន ដូច្នេះដើម្បីឱ្យមានកន្លែងទុកដាក់វត្ថុបុរាណទាំងនោះឱ្យបានសមរម្យ នៅក្នុងឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្ត មានផែនការសាងសង់ សារមន្ទីរវប្បធម៌ប្រវត្តិសាស្ត្រមួយកន្លែង ដើម្បីប្រមូលវត្ថុបុរាណដែលនៅរាយប៉ាយទាំងអស់នោះ យកមករក្សាទុក និងបម្រើដល់វិស័យទេសចរណ៍ក្នុងខេត្ត។ ពោលគឺ ពេលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកទស្សនកិច្ចនៅខេត្តកំពង់ចាម ពួកគាត់អាចចូលទៅទស្សនា វត្ថុបុរាណនៅក្នុងសារមន្ទីរ ដើម្បីផ្សព្វផ្សាយអំពីវប្បធម៌ប្រវត្តិសាស្ត្រនៅក្នុងខេត្តកំពង់ចាមផងដែរ។

លោកបានបន្ថែមទៀតថា កន្លងមក ក៏ដូចជាបច្ចុប្បន្ន មានភ្ញៀវទេសចរបរទេស បានចូលមកទស្សនកិច្ចក្នុងខេត្តកំពង់ចាម ជាពិសេសតាមផ្លូវទឹក មានកប៉ាល់ទេសចរណ៍ធំៗ ចតនៅមាត់ទន្លេក្នុងក្រុងកំពង់ចាម ទើបមានរថយន្តមកទទួល ដឹកទៅទស្សនកិច្ចតាមបណ្ដារមណីយដ្ឋានផ្សេងៗ។ ដូច្នេះប្រសិនបើមានភ្ជាប់ជាមួយសារមន្ទីរផ្សព្វផ្សាយវត្ថុបុរាណប្រវត្តិសាស្រ្តមួយកន្លែងទៀត នោះកាន់តែប្រសើរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


