ព័ត៌មានជាតិ
អ្នកនាំពាក្យ ថា ការរំលោភចំណីដីផ្លូវ អាចប្រឈមទោសដល់ជាប់ពន្ធនាគារ
ការរំលោភចំណីដីផ្លូវ អាចប្រឈមនឹងទោសទណ្ឌ ទាំងការពិន័យជាប្រាក់ និងរហូតដល់ជាប់ពន្ធនាគារ។ នេះជាការអះអាងរបស់អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ដែលការចេញមកអះអាងនេះ ខណៈចំណីដីផ្លូវ នៅតែបន្តជាបញ្ហាចោទ ព្រោះតែប្រជាពលរដ្ឋរំលោភយក តាមរយៈសកម្មភាពផ្សេងៗ។

យោងតាមច្បាប់ស្ដីពី «ផ្លូវថ្នល់» ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៤ ដីចំណីផ្លូវថ្នល់ សំដៅដល់ដីនៅសងខាងខ្សែបន្ទាត់ផ្ចិតនៃផ្លូវថ្នល់ ព្រមទាំងទំហំចំណីផ្លូវថ្នល់ ទុកបម្រុងសម្រាប់ការគ្រប់គ្រង ការអភិវឌ្ឍ និងការការពារផ្លូវថ្នល់ ធានាសុវត្ថិភាព ចរាចរណ៍ និងសម្រាប់ការប្រើប្រាស់ការងារហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងទៀត ដែលកំណត់ដោយខ្សែបន្ទាត់ព្រំដីចំណីផ្លូវ។
ក៏ប៉ុន្តែ ប្រជាពលរដ្ឋភាគច្រើនតែងធ្វើសកម្មភាពតៗគ្នា ដោយរំលោភយកចំណីផ្លូវ ធ្វើឱ្យផ្លូវរួមតូច បាត់ផ្លូវថ្មើរជើង នាំឱ្យមានការកកស្ទះ និងគ្រោះថ្នាក់ ជាអាទិ៍ លក់ដូរ សង់យាប សំណង់រឹងនៅលើចិញ្ចើមផ្លូវ ទន្ទឹមគ្នានេះ ក៏មានប្រជាជនខ្លះ យកចិញ្ចើមផ្លូវសម្រាប់ធ្វើអាជីវកម្មរបស់ខ្លួនឯង ដែលទង្វើនេះបានបំពានច្បាប់ស្ដីពីផ្លូវថ្នល់។ នាពេលថ្មីៗនេះ លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានណែនាំរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីផ្លូវថ្នល់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពចរាចរណ៍ ពិសេសឱ្យអាជ្ញាធរខិតខំរិះរកមធ្យោបាយ ដើម្បីរំដោះយកចិញ្ចើមផ្លូវមកវិញ។

ពាក់ព័ន្ធការរំលោភយកចំណីដីផ្លូវសាធារណៈនេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងឱ្យដឹងថា ច្បាប់ស្ដីពីផ្លូវថ្នល់ បានបញ្ញត្តិយ៉ាងច្បាស់ពីការដាក់ទោសទណ្ឌចំពោះជនដែលបានរំលោភចំណីផ្លូវសាធារណៈ។ តាមការពន្យល់របស់លោក ទូច សុឃៈ មាត្រា ៦៤ នៃច្បាប់ផ្លូវថ្នល់ គឺជនណាដែលធ្វើកិច្ចការសាធារណការទាំងឡាយនៅក្នុងតួផ្លូវ ទ្រូងផ្លូវ ជាយផ្លូវ គែមផ្លូវ និងដីនៅសល់ នៃដីចំណីផ្លូវ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥សែនរៀល។
ចំណែកមាត្រា ៦៦ ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អាគារ រោងចក្រសហគ្រាស ឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥ម៉ឺនរៀល។ ករណីនៅតែបន្តប្រព្រឹត្តល្មើសទៀត ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

ផ្អែកតាមច្បាប់ដដែល អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បន្ថែមថា សម្រាប់មាត្រា ៧០ ជនណាដែលរៀបចំសកម្មភាព និងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ ១សែនរៀល ខណៈការរៀបចំសកម្មភាព និងពិធីផ្សេងៗនៅលើដងផ្លូវថ្នល់ គ្មាន ឬមានការអនុញ្ញាតពីរដ្ឋបាលថ្នាក់ក្រោមជាតិ និងបណ្តាលឱ្យខូចខាតដោយអចេតនាដល់ផ្លូវថ្នល់ ឬបរិក្ខារផ្លូវថ្នល់ត្រូវតម្រូវឱ្យធ្វើការជួសជុលឡើងវិញឱ្យដូចស្ថានភាពដើម និងត្រូវផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤១៩ (បទធ្វើឱ្យខូចខាតផ្សេងទៀត ដោយខ្វះការប្រុងប្រយ័ត្ន ឬការមិនគោរពបទបញ្ជា នៃក្រមព្រហ្មទណ្ឌ។
រីឯជនណាដែលសាងសង់ដោយខុសច្បាប់នូវសំណង់រឹងមាំ មានលក្ខណៈជាអចិន្ត្រៃយ៍នៅលើដីសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងតម្រូវឱ្យរុះរើចេញសំណង់នោះ ហើយក្នុងករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ខែ ទៅ១ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ២លានរៀល។ នេះយោងតាមមាត្រា ៧១ នៃច្បាប់ផ្លូវថ្នល់។

មាត្រា៧២ ជនណាដែលសាងសង់សំណង់ផ្សេងៗ ដោយមិនបានគោរពតាមចំណុចទី១ និងចំណុចទី២ នៃមាត្រា ៣០ នៃច្បាប់នេះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី១សែនរៀល ទៅ ១លានរៀល និងតម្រូវឱ្យរុះរើចេញសំណង់នោះ។ ករណីរឹងទទឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៤លានរៀល។
ដោយឡែក មាត្រា៧៤ ជនណាដែលទន្ទ្រាន ត្រួតត្រា ប្រើប្រាស់ ដោយសាងសង់សំណង់ ឬការ្យទាំងឡាយបំពានលើដីរបស់ផ្លូវថ្នល់ នឹងត្រូវដាក់ទោសទណ្ឌដូចត្រង់មាត្រា ៧២ ផងដែរ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


