Connect with us

ព័ត៌មានជាតិ

អាជីវករមួយរូប លក់បង្គាចាក់សាហួយឱ្យភ្ញៀវ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ ហៅធ្វើការណែនាំ

បានផុស

នៅ

អ្នកស្រី អ៊ុយ ចន្ធូ អាជីវករលក់គ្រឿងសមុទ្រ នៅក្នុងផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធរខេត្តព្រះសីហនុ សហការជាមួយមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ( ក ប ប ) ធ្វើការណែនាំ និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការលក់ដូរគ្រឿងសមុទ្រ (បង្គារ) ដែលមានផ្ទុកសារធាតុគីមីបន្តទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការណែនាំនេះ បន្ទាប់ពីមន្ត្រីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ ( ក ប ប ) ចុះបង្រ្កាប និងធ្វើកិច្ចសន្យាដល់អាជីវករលក់គ្រឿងសមុទ្រនៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយសារលក់បង្គារឱ្យភ្ញៀវមានសារធាតុគីមី នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥។

លោក ឃុន ស៊ីម៉ន ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានពីការលក់បង្គារ នៅផ្សារលើ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានសារធាតុគីមី លោកបានណែនាំមន្ត្រីចុះពិនិត្យជាក់ស្តែង និងបានធ្វើកិច្ចសន្យាចំពោះអាជីវករឈ្មោះ អ៊ុយ ចន្ធូ ភេទ ស្រី មុខរបរ លក់គ្រឿងសមុទ្រ មានទីលំនៅបច្ចុប្បន្នភូមិ ០១ សង្កាត់ ០៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅចំពោះមុខអាជ្ញាធរ អាជីវករឈ្មោះ អ៊ុយ ចន្ធូ បានចេញវីដេអូសុំទោសជាសាធារណៈ និងបានសន្យាថា ថ្ងៃក្រោយនឹងឈប់យកបង្ការដែលមានផ្ទុកសារធាតុគីមីនេះមកលក់ទៀត។ ជាមួយគ្នានេះ អាជ្ញាធរ ក៏បានឱ្យអាជីវកររូបនេះ ចុះកិច្ចសន្យា បញ្ឈប់ការលក់ដូរគ្រឿងសមុទ្រ (បង្គារ) ដែលមានផ្ទុកសារធាតុគីមី ខូចគុណភាពប៉ះពាល់សុខភាព និងសន្យាគោរពតាមការណែនាំរបស់អាជ្ញាធរ​ និងសមត្ថកិច្ចពាក់ព័ន្ធ មិនលក់ដូម្ហូបអារហារ គ្រឿងសមុទ្រគ្រប់ប្រភេទដែលមានផ្ទុកសារធាតុគីមី ខូចគុណភាពទៀត។

ក្នុងករណីមិនគោរពតាមការសន្យាខាងលើ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ឈប់មុខរបរលក់ដូរគ្រឿងសមុទ្ររបស់អាជីវកររូបនេះ និងត្រូវទទួលខុសត្រូវតាមច្បាប់ទាំងស្រុង ចំពោះមុខសមត្ថកិច្ចជំនាញបានដកហួតបង្គាមានសារធាតុគីមីដែលនៅសេសសល់មានចំនួនជិត ៦គីឡូក្រាមយកទៅកំទេចចោល៕

អត្ថបទ ៖ ប៉ៃ សុឃីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម