ព័ត៌មានជាតិ
បារាំងគាំទ្រ និងសន្យាផ្ដល់ឯកសារឱ្យកម្ពុជាដើម្បីដោះស្រាយបញ្ហាព្រំដែនជាមួយថៃនៅ ICJ
ជាថ្មីម្ដងទៀត បញ្ហាព្រំដែនកម្ពុជានិងថៃ បារាំងប្រកាសគាំទ្រជំហររបស់កម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនដ៏រសើបទៅដោះស្រាយដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ តាមរយៈយន្តការតុលាការយុត្តិធម៌អន្តរជាតិ។ ជាមួយនឹងការគាំទ្រ រដ្ឋាភិបាលបារាំង បានសន្យាផ្ដល់ឯកសារនានាដល់កម្ពុជាក្នុងបណ្ដឹងនៅតុលាការអន្តរជាតិនេះ។

ការប្រកាសពីជំហរគាំទ្រនេះ គឺបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោក Jacques Pellet ក្នុងជំនួបជម្រាបលាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ក្នុងជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីហេតុការណ៍ និងគោលជំហររបស់កម្ពុជាក្នុងជម្លោះព្រំដែនជាមួយថៃ ប្រាប់ទៅលោក Jacques Pellet។

ភាពតានតឹងនៅតាមព្រំដែនជាមួយថៃ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់លោកឯកអគ្គរដ្ឋទូតបារាំង ថា គឺផ្ដើមចេញពីប្រទេសថៃ ជាអ្នកបង្កឡើងមុន តាមរយៈទង្វើឈ្លានពានលើកម្ពុជា ដោយថៃបានគូរផែនទីដោយឯកតោភាគី និងការលបបាញ់ប្រហារមកលើកងទ័ពកម្ពុជាដល់លេណដ្ឋានឈរជើងតែម្ដង នៅតំបន់មុំបី កាលពីថ្ងៃទី២៨ ខែឧសភា បណ្តាលឱ្យកងទ័ពកម្ពុជាម្នាក់បានពលីជីវិត។ សម្ដេចតេជោ ពន្យល់ថា ជាបន្តបន្ទាប់ ភាគីថៃគឺបានប្រើវិធីសាស្ត្រគំរាមកំហែងកម្ពុជាផ្នែកសេដ្ឋកិច្ច ដូចជាការគំរាមបិទអ៊ីនធឺណិត អគ្គិសនី ផ្អាកផ្គត់ផ្គង់ប្រេងឥន្ធនៈ ក៏ដូចជាការបិទព្រំដែនដោយឯកតោភាគីជាដើម ដែលធ្វើឱ្យស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរកាន់តែតានតឹងដូចពេលបច្ចុប្បន្ននេះ។

មិនខុសពីជំនួបជាមួយថ្នាក់ដឹកនាំ និងមន្ត្រីទូតបរទេសផ្សេងៗ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រាប់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងប្រើយន្តការច្បាប់អន្តរជាតិ ជាពិសេសនោះ គឺជ្រើសរើសយកយុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ដើម្បីនាំយកជម្លោះព្រំដែនដ៏រសើបចំនួន៤ គឺប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅតុលាការអន្តរជាតិនេះ។
ដោយសារបារាំងគឺជាប្រទេសដែលជាអ្នកគូរផែនទីនៃកំណត់ព្រំប្រទល់រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ សម្ដេចតេជោ ក៏បានស្នើសុំរដ្ឋាភិបាលបារាំងឱ្យគាំទ្រ និងផ្តល់ឯកសារនានាដល់កម្ពុជា ក្នុងការប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដូចអ្វីដែលលោកប្រធានាធិបតីបារាំងបានសន្យាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត ពេលកន្លងមក។

ជាការកត់សម្គាល់ ក្នុងជំនួបនៅទីក្រុងនីស ប្រទេសបារាំង កាលពីខែមិថុនា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង ប្រាប់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា បារាំងអាចជួយសម្របសម្រួលផ្តល់ឯកសារដល់កម្ពុជា និងថៃ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ក្នុងករណីចាំបាច់។
ជាថ្មីម្ដងទៀត ឆ្លើយតបនឹងសម្ដេចតេជោ ហ៊ុន សែន, លោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំង បញ្ជាក់ថា បារាំងត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់ឯកសារពាក់ព័ន្ធនឹងព្រំដែនកម្ពុជា និងថៃ រាប់ទាំងផែនទី ក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី ផ្អែកតាមច្បាប់អន្តរជាតិ។ លោកទូត បានអះអាងពីការគាំទ្ររបស់រដ្ឋាភិបាលបារាំងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយតាមច្បាប់អន្តរជាតិ ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិ។
គួរឱ្យដឹងថា អំឡុងពេលដាក់អាណានិគមនៅកម្ពុជា រយៈពេល៩០ (ឆ្នាំ១៨៥៣ដល់ឆ្នាំ១៩៥៣) រដ្ឋបាលអាណាព្យាបាលបារាំងនៅកម្ពុជា បានគូសផែនទីជាក់លាក់មួយ ដើម្បីកំណត់ព្រំដែនរវាងកម្ពុជា និងថៃ ក្នុងចេតនាបញ្ចប់នូវជម្លោះដ៏រ៉ាំរ៉ៃ អូសបន្លាយជាច្រើនឆ្នាំ។ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ ដល់ឆ្នាំ១៩០៧ ទឹកដីកម្ពុជាជាច្រើនដែលសៀមដណ្តើម យកទៅកាន់កាប់ដោយខុសច្បាប់ ត្រូវបានទាមទារត្រឡប់មកវិញ។ សន្ធិសញ្ញាបារាំង-សៀម ដែលបានចុះហត្ថលេខាទទួលស្គាល់ជាផ្លូវការក្នុងឆ្នាំ១៩០៧ ដោយស្ដេចថៃ ព្រះនាម ជូឡាឡុងកន ឬស្តេចរាមាទី៥ នៅពេលនោះមិនបានតវ៉ាអ្វីនោះឡើយ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


