Connect with us

កីឡា

ម្ចាស់ខ្សែក្រវាត់ពិភពលោក​៣​ខ្សែ​ Nakatani ប្រកួត៩ឆ្នាំមិនចាញ់

បានផុស

នៅ

បើនិយាយ​ពី​កីឡាករ​ប្រដាល់សកល​ជប៉ុន អ្នកគាំទ្រភាគច្រើនស្គាល់ច្បាស់ជើងខ្លាំង​ Naoya Inoue ប៉ុន្តែ​នៅ​មាន​កីឡាករ​ទម្ងល់​ស្រាល​១​រូប​ទៀត​ឈ្មោះ Junto Nakatani ជា​ម្ចាស់ខ្សែក្រវាត់ពិភពលោក​៣​ទម្ងន់​ផ្សេង​គ្នា​ដែល​មាន​កំណត់​ត្រា​ឥតខ្ចោះ​គឺ​ មិន​ទាន់​ស្គាល់​បរាជ័យ​សោះ​ក្នុង​អាជីព៩​ឆ្នាំ​ចុង​ក្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Junto Nakatani ដែល​​កើត​​នៅ​ឆ្នាំ១៩៩៨ ជាអ្នកប្រដាល់សកលអាជីព​​កំពុង​គ្រងខ្សែក្រវាត់ពិភពលោកក្នុងប្រភេទទម្ងន់​ស្រាល៣​​ផ្សេង​គ្នា បន្ទាប់ពីចាប់អាជីពតាំងពីឆ្នាំ២០១៥។ អ្នកប្រដាល់​វ័យ​២៦ឆ្នាំរូបនេះ ត្រូវបានគេចាត់ទុក​ជាកីឡាករកំពូលមួយរូបក្នុងពិភព​ប្រដាល់​សកល។ រូបគេបានបង្កើតកំណត់ត្រាដ៏អស្ចារ្យ ក្រោយប្រកួតមិនចាញ់សោះគិតតាំងពីឆ្នាំ២០១៥។ គិតត្រឹម​ចុង​ឆ្នាំ២០២៤​ ពោល​គឺ​រយៈពេល៩ឆ្នាំ រូប​គេ​មិនទាន់មានកីឡាករណាអាចយក​ខ្សែ​ក្រវាត់​ពី​ខ្លួន​បាន​ឡើយ។

កាលពីឆ្នាំ២០១៥ Nakatani បានបង្ហាញខ្លួនក្នុងការប្រកួតប្រដាល់សកលអាជីពលើកដំបូង ពេលនោះការប្រកួតតម្រូវធ្វើឡើងចំនួន៤ទឹក​ប៉ុណ្ណោះ​ ប៉ុន្តែ Nakatani ប្រើពេលត្រឹមតែ១ទឹក​បានធ្វើឲ្យកីឡាករ Junichi Itoga បោះបង់ការប្រកួត។ បន្ទាប់ពីសាងកំណត់ត្រាឈ្នះ១២ប្រកួតជាប់​គ្នា​ រូប​គេ​ទទួលបាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់លើកដំបូង។ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ការប្រកួតដណ្ដើមខ្សែក្រវាត់ រូប​គេ​មិន​បាន​ធ្វើឲ្យរបូត​ឱកាស​ឡើយ​ដោយ​បាន​​ផ្ដួលកីឡាករ Seigo Yuri Akui ក្នុង​ទឹកទី៦ ហើយគ្រង​ខ្សែក្រវាត់យុវជន​ជប៉ុន (Japanese Youth flyweight)។

២ឆ្នាំ​ក្រោយ​មក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ កីឡាករ Nakatani បានឈ្នះខ្សែក្រវាត់ Japanese flyweight ដែលនៅទំនេរ តាម​រយៈ​ជ័យជម្នះ​លើ​មិត្តរួមជាតិ Naoki Mochizuki។ ក្រោយរក្សាកំណត់ត្រាឈ្នះ២០លើកជាប់​គ្នានិងដណ្ដើមបានខ្សែក្រវាត់ក្នុងស្រុក២​ខ្សែ​ នៅឆ្នាំ២០២០ រូប​គេ​ទទួលបាន​ឱកាស​ប្រកួតដណ្ដើមខ្សែក្រវាត់​ពិភពលោកលើកដំបូង ដោយ​ត្រូវ​ប្រកួត១២ទឹក។ អ្នកប្រដាល់ជប៉ុនរូបនេះ ប្រើពេលត្រឹមតែ៨ទឹកប៉ុណ្ណោះ ដើម្បីផ្ដួលអ្នកប្រដាល់ហ្វីលីពីន Giemel Magramo ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់ WBO Flyweight (​ក្រោម​៥១​គីឡូក្រាម) ។

ឆ្នាំ២០២៣ កីឡាករ Nakatani បានឈ្នះខ្សែក្រវាត់ WBO Super-Flyweight (ក្រោម​៥២​គីឡូក្រាម) ក្រោយយកឈ្នះកីឡាករអូស្ដា្រលី Andrew Moloney នៅទឹកដីសហរដ្ឋអាមេរិក។ ក្នុង​ខែ​កុម្ភៈ ឆ្នាំ២០២៤ អ្នកប្រដាល់ជប៉ុន​​ឈ្នះខ្សែក្រវាត់ WBC Bantamweight (​ក្រោម​៥៥​គីឡូក្រាម) ដែល​ជា​ខ្សែក្រវាត់​ពិភពលោកទី៣ ក្រោយផ្ដួលកីឡាករម៉ិកស៊ិក Alexandro Santiago ឲ្យបោះបង់ការប្រកួតនៅទឹកទី៦។

គិតត្រឹម​ចុង​ឆ្នាំ២០២៤ Nakatani មាន​ស្ថិតិ​​ឡើង​សង្វៀន​២៩លើក​គឺ​​ឈ្នះទាំង២៩លើក ក្នុង​នោះ​បាន​ផ្ដួលឲ្យដៃគូបោះបង់ការប្រកួត២២លើក៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម