Connect with us

ព័ត៌មានអន្ដរជាតិ

ច្រើនតំបន់នៅថៃ ប្រកាសអាសន្នគ្រោះទឹកជំនន់និងបំណាក់ដី

បានផុស

នៅ

ច្រើនតំបន់នៅថៃ បានប្រកាសអាសន្នអំពីទឹកជំនន់និងបំណាក់ដី ខណៈគ្រោះធម្មជាតិ កំពុងវាយប្រហារប្រទេសនេះ ខ្លាំងដៃមែនទែន។

(រូបថត៖ Khaosod)

តាមការផ្សាយរបស់ Khaosod កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែវិច្ឆិកាឆ្នាំ២០២៥, ខេត្ត Surat Thani បានប្រកាសអាសន្ននៅស្រុកចំនួន៣ ដូចជា Chana, Chaiya និង Tha Chang ដែលកំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយគ្រោះទឹកជំនន់។

ដ្បិតមិនមានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ប៉ុន្តែទឹកជំនន់ បានបង្កផលប៉ះពាល់ដល់មនុស្ស ៥ ៦០០គ្រួសារក្នុងខេត្តទាំង៣សរុបចូលគ្នា។

(រូបថត៖ Amarin)

ចំណែកនៅខេត្ត Satun ភាគខាងត្បូង ទឹកជំនន់បានវាយប្រហារស្រុកចំនួន៦ ដូចជា៖ Khuan Don, Tha Phae, Khuan Kalong, Manang, La-ngu និង Mueang Satun ប៉ះពាល់មនុស្សជាង ១ ០៤៣គ្រួសារ។

រីឯនៅខេត្ត Phatthalung, ទឹកជំនន់បានរាលដាលយ៉ាងលឿនដល់១០ស្រុក ប៉ះពាល់មនុស្សជាង ៣០ ០០០នាក់ ទាំងដែលមិនទាន់មើលឃើញសញ្ញាថមថយសោះ។

(រូបថត៖ Amarin)

ងាកទៅ Songkhla វិញ, ខេត្តភាគខាងត្បូងប្រទេសថៃមួយនេះ ក៏ប្រកាសអាសន្នដែរនៅ​ក្នុង​ស្រុកចំនួន​៧ បន្ទាប់ពី​​ភ្លៀង​ធ្លាក់​ខ្លាំង​​រយៈពេល​ជាច្រើន​ថ្ងៃ​ ​បង្ក​​ឲ្យ​មាន​ទឹកជំនន់​យ៉ាង​ខ្លាំងក្លា ​ប៉ះពាល់​ដល់​ប្រជាជន​ជិត ៤៥ ០០០​នាក់។  

ទឹកជំនន់​ដែល​​កើតឡើង​តាំង​តែ​ពី​​ថ្ងៃទី១៩​​វិច្ឆិកាមក បាន​ជន់​លិច​ស្រុក Rattaphum, Mueang Songkhla, Khlong Hoi Khong, Ranot, Krasae Sin, Sathing Phra, និង Hat Yai។ ផ្ទះ​សរុប១៧៨៨៦ខ្នង​ ក្នុង​​២៨ឃុំ និង១៥៩ភូមិ​ ត្រូវ​បាន​រង​ផលប៉ះពាល់។ យ៉ាងណា មិនទាន់​មាន​របាយការណ៍​ពី​ករណី​បាត់បង់​ជីវិត​ណាមួយ​នៅឡើយ​ទេ។

(រូបថត៖ Amarin)

ក្រៅពីទឹកជំនន់ ថៃក៏ប្រកាសអាសន្នអំពីគ្រោះបំណាក់ដីនៅខេត្ត Uttaradit ផងដែរ បន្ទាប់ពីបាក់ដីនៅតំបន់ផ្សារអាយុកាល១០០ឆ្នាំក្នុងភូមិ Tha Sak នៃស្រុក Phichai បាក់អគារនិងផ្ទះច្រើនខ្នងចូលទន្លេ។

ការបាក់ដំបូងគឺផ្តើមចេញពីអគារពាណិជ្ជកម្មកម្ពស់៣ជាន់ ដែលបាក់ចូលទន្លេទាំ​ងស្រុង ក្រោយមកអាជ្ញាធរក៏ដាក់បម្រាមចូលតំបន់នោះ ព្រោះតែគ្រោះថ្នាក់នៃបំណាក់ដីជាបន្តបន្ទាប់។ ក្រៅពីផ្ទះបាក់ចូលទន្លេ នៅមានមនុស្សជាង៤០គ្រួសារត្រូវជម្លៀសចេញជាបន្ទាន់ ប៉ុន្តែមិនមានរបាយការណ៍អំពីជនរងគ្រោះឬអ្នកស្លាប់នោះទេ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម